អ្នក​តា​មេស នៅ​ស្រុក​បាភ្នំ

នៅ​ខាង​កើត​ភ្នំ​បាភ្នំ (ភ្នំ​ខ្សាច់​ស) ចម្ងាយ​ប្រមាណ​ជា ១.៥០០ម. ខាង​អាគ្នេយ៍​នៃ​សាលា​ស្រុក​បាភ្នំ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា ៥០០ម. មាន​ភ្នំ​មួយ​តូច​ស្ថិត​នៅ​ក្បែរ​មាត់​ព្រៃ កម្ពស់​ប្រមាណ​ជា ១០ម. ។ នៅ​លើ​កំពូល​ភ្នំ​នោះ​និង​នៅ​ជា​ចន្លោះ​នៃ​ថ្ម​ភ្នំ​ធំ​ៗ ដែល​បន្តុប​លើ​គ្នា​ច្រូង​ច្រាង គេ​ឃើញ​មាន​រោង​មួយ ធ្វើ​ដោយ​ស៊ីម៉ងត៍​យ៉ាង​ស្អាត ទំហំ​ប្រហែល ២ម. បួន​ជ្រុង បែរ​មុខ​ឆ្ពោះ​ទៅ​ទី​វាល​ខាង​កើត ដែល​មាន​ផ្លូវ​បូក​ស៊ីម៉ងត៍​ថែម​ជា​ជណ្ដើរ​បត់​បែន​ឡើង​ទៅ ។ [1][2][3][4]

ក្នុង​រោង​នោះ ផ្នែក​ពាក់​កណ្ដាល​ខាង​ក្រោយ គេ​ធ្វើ​ជា​ថ្នាក់​ខ្ពស់​ឡើង​ប្រហែល​កន្លះ​ម៉ែត្រ ផ្ទាប់​ទៅ​នឹង​ថ្ម​ភ្នំ​ដែល​លយ​ចូល​មក​ក្នុង​រោង ហើយ​មាន​គំនូរ​រូប​សត្វ​ផ្សេង​ៗ ធំ​ខ្លះ នៅ​ល្អ​ខ្លះ បាក់​បែក​នៅ​តែ​ខ្លួន​ហើយ​បូក​ស៊ីម៉ងត៍​ធ្វើ​ជា​ក្បាល ដៃ ជើង ថែម​ឡើង​ខ្លះ ដាក់​តម្រៀប​គ្នា​ជា​ជួរ​៣ សង្កាត់ ។មាន​ជើង ១​សម្រាប់​ដោត​ធូប មាន​រូប​ដំរី​ពីរ​ធ្វើ​ដោយ​ថ្ម​ពណ៌​ស​ពព្រូស នៅ​សង​ខាង​មាន​ផើង​ដែល​ពួក​ចិន​យក​ទៅ​ថ្វាយ ខាង​ក្រោយ​បន្ទាប់​ពី​មោះ​មក ជា​ទី​ធ្លា​ក្រាល​ឥដ្ឋ​ពណ៌ ទូលាយ​ល្មម​មនុស្ស​ពីរ​នាក់ ចូល​ទៅ​អង្គុយ​បន់​ស្រន់​បាន​ដោយ​ស្រួល ។
ឯ​រោង​និង​គ្រឿង​សក្ការ​ជា​របៀប​ចិន​ទាំង​អស់ ព្រោះ​ចិន​ជា​អ្នក​តាក់​តែង​ធ្វើ​រោង​ឡើង​ជា​ខាង​ក្រោយ ។ ពី​ដើម​អ្នក​តា​នេះ​ធ្លាប់​មាន​អាស្រម​រួច​មក​ហើយ តែ​ដល់​បាក់​បែក​អស់​ទៅ ទើប​ពួក​ចិន​សាង​ជា​ថ្មី​ជំនួស​ឡើង ។

ក្នុង​ចំណោម​រូប​ទាំង ៣​សង្កាត់​នោះ ត្រង់​សង្កាត់​កណ្ដាល មាន​រូប​មួយ​នៅ​​ចំកណ្ដាល​គេ  ជា​រូប​ឈរ មាន​កម្ពស់​ប្រហែល ៦០ សង់ទីម៉ែត្រ រូប​នោះ​មាន​ភាព​ជា​ស្ត្រី​ភេទ សក់​ក្បាល​ទំនង​ជា​បួង​ញាត់​ឡើង​លើ ពាក់​ក្បាំង មុខ​រាង​មូល ថ្ពាល់​ពេញ ដោះ​ក្បំ​ស្រួច មាន​ដៃ​បួន ដៃ​ខាង​ស្ដាំ​បត់​មក​ខាង​មុខ ទ្រ​របស់​អ្វី​មួយ​រាង​ចតុកោណ​កែង ផត​កណ្ដាល​បន្តិច ដៃ​ខាង​ឆ្វេង​បត់​ឡើង​លើ ទន្ទឹម​នឹង​ស្មា​កាន់​កង​ចក្រ ដៃ​មួយ​ទៀត​សំយុង​ចុះ​ក្រោម ចាប់​កន្ទុយ​ខ្លា ឬ រាជ​សីហ ជើង​ឈរ​ជាន់​លើ​សត្វ​នោះ​ផ្អៀង​មក​ខាង​ស្ដាំ​បន្តិច មាន​អាការ​ដូច​ជា​ប្រឹង​លើក​សត្វ​នោះ ដោយ​មាន​ទឹក​មុខ​បែប​អំនួត1 ។ តា​ម្នាក់​ឈ្មោះ​ដោក ថាន់ អាយុ ៧០​ឆ្នាំ នៅ​ភូមិ​រោង​ដំរី ប្រប​នឹង​ជើង​ភ្នំ​ខាង​ជើង ដែល​នាំ​ដើរ​មើល​បាន​ប្រាប់​យើង​ថា “នេះ​ហើយ​ជា​រូប​អ្នក​តា​មេស” ដែល​ជា​ធំ​លើស​លែង​ជាង​អ្នក​តា​ទាំង​ប៉ុន្មាន​ក្នុង​ស្រុក​បាភ្នំ និង​ជា​ទី​គោរព​កោត​ក្រែង​របស់​អ្នក​ស្រុក តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ឯ​រូប​ក្រៅ​ពី​នេះ ជា​អ្នក​តា​បន្ទាប់​បន្សំ បើ​រាប់​រូប​ទាំង​អស់ ទាំង​អ្នក​តា​មេស​ផង ឃើញ ១៥​រូប ។ នៅ​ខាង​មុខ​អ្នក​តា​មេស​នេះ​ប្រហែល ៥ម. មាន​អ្នក​តា​ពីរ​ទៀត នៅ​អម​ផ្លូវ​ដែល​ចុះ​មក​ពី​មេស ហៅ​ថា អ្នក​តា​ទ្វារ ខ្លះ​ហៅ​ថា​អ្នក​តា​ឆ្វេង-ស្ដាំ ។ ខាង​មុខ​អ្នក​តា​នេះ ប្រហែល​ជា ១០ម. ជា​កន្លែង​កាប់​ក្របី​ថ្វាយ​អ្នក​តា ចម្ងាយ​ពី​ទី​នេះ​ទៅ​ខាង​កើត​ប្រមាណ ១០០ម. ជា​កន្លែង​កាប់​មនុស្ស​ថ្វាយ​អ្នក​តា​ជាន់​មុន តែ​សព្វ​ថ្ងៃ​នេះ ត្រង់​ទី​នោះ​ជា​វាល​ស្រែ​ទៅ​ហើយ ។

អំពី​ពិធី​ឡើង​អ្នក​តា​មេស :
កាល​ពី​ដើម មិន​ជា​ជា​ពី​ត្រឹម​ណា​មក​ទេ ព្រោះ​គ្មាន​នរណា​ចាំ​បាន តែ​គេ​ដំណាល​ថា គេ​តែង​កាប់​មនុស្ស​ថ្វាយ​អ្នក​តា​មេស​នេះ​រាល់​ឆ្នាំ​រៀង​មក សូម្បី​មក​ដល់​សម័យ​ក្រឡាហោម ង៉ាង ធម្មាតេជោ ហែន ធម្មាតេជោតី ដែល​បាន​ជា​អភិបាលខែត្រ​បាភ្នំ​មក​ហើយ ក៏​នៅ​មាន​គេ​ដឹង​ឮ​ប្រាកដ​ថា មាន​សម្លាប់​មនុស្ស​ថ្វាយ​នៅ​ឡើយ ។
លោក​តា​ដោក ថាន់​បាន​និយាយ​ថា ប្រហែល ៦០​ឆ្នាំ​មុន2 ក្នុង​សម័យ​លោក​ឧកញ៉ា​តេជោ (តី) ធ្វើ​ជា​អភិបាល​ខែត្រ​នោះ គាត់​បាន​ទៅ​មើល​គេ​សម្លាប់​មនុស្ស​ថ្វាយ​អ្នក​តា ២​ដង (គឺ ២​ឆ្នាំ) ។

កំណត់​កាប់​មនុស្ស​ឬ​សត្វ ថ្វាយ​អ្នក​តា​នោះ គេ​ធ្វើ​តែ​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ខែ​ជេស្ឋ ខ្នើត​ក៏​បាន​រនោច​ក៏​បាន ។ តាម​ពាក្យ​លោក​ដោក ថាន់ អភិបាល​ស្រុក​កំពង់​ត្របែក​ថា គេ​ធ្វើ​តែ​នៅ​ថ្ងៃ​ពុធ​ខាង​ខ្នើត​ខែ​ជេស្ឋ តែ​លោក​តា​អ៊ិន វ៉ា អាយុ ៧៣​ឆ្នាំ  ជា​អាចារ្យ​វត្ត​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​កំពង់​ត្របែក​ថា គេ​ធ្វើ​តែ​ក្នុង​ថ្ងៃ​អង្គារ ឬ សៅរ៍ ខាង​ខ្នើត​ខែ​ពិសាខ​ឬ​ជេស្ឋ ។ កាល​ពី​ដើម ច្រើន​តែ​ធ្វើ​បុណ្យ​ឡើង​អ្នក​តា​យ៉ាង​ឧឡារិក ៣-៥ ថ្ងៃ ឬ ៧ ថ្ងៃ ព្រម​ទាំង​មាន​ការ​ប្រជុំ​អស់​ទាំង​ចៅ​សង្កាត់ គ្រប់​សង្កាត់​ដែល​ជា​ចំណុះ​ខែត្រ​បាភ្នំ​ជំនាន់​ដើម​ផង ។ គេ​ធ្វើ​រោង​បុណ្យ​នៅ​ទី​វត្ត​វិហារ​ធំ នៅ​នា​ទិស​ពាយ័ព្យ​នៃ​អ្នក​តា​មេស ចម្ងាយ​ប្រហែល​ជា ១គម. ។ មាន​និមន្ត​ព្រះ​សង្ឃ​សូត្រ​និមន្ត​នៅ​ទី​នោះ ព្រឹក​ឡើង និមន្ត​លោក​ទៅ​ដារ​នៅ​ទី​អ្នក​តា​មេស​ខ្លះ នៅ​ទី​អ្នក​តា​ក្រហម​ក​នៅ​ខាង​ជើង​ភ្នំ​ខ្លះ ដារ​ថ្វាយ​អ្នក​តា​សព្វ​ឋាន​នៅ​ត្រង់​ចង្កេះ​ភ្នំ​ធំ​ខាង​លិច​ខ្លះ នៅ​ទី​អ្នក​តា​ទួល​ឈ្នាង​នៅ​លើ​ភ្នំ​ទួល​ឈ្នាង​ខាង​ត្បូង រាល់​ថ្ងៃ ទាល់​តែ​ដល់​ថ្ងៃ​សៅរ៍​ដែល​ត្រូវ​បុណ្យ​ឡើង​អ្នក​តា ។

អំពី​រឿង​មនុស្ស​ដែល​ត្រូវ​គេ​សម្លាប់​ថ្វាយ​អ្នក​តា​នោះ គឺ​គេ​យក​តែ​មនុស្ស​ណា​ដែល​មាន​ទោស​ធ្ងន់ ត្រូវ​ប្រហារ​ជីវិត​បង់ ។ មុន​នឹង​សម្លាប់​គេ​ហៅ​មនុស្ស​នោះ មក​និយាយ​ប្រាប់​ឲ្យ​ដឹង​ខ្លួន​ជា​មុន ហើយ​គេ​បើក​ឲ្យ​មនុស្ស​នោះ​ស៊ី​ផឹក​យ៉ាង​ឆ្ងាញ់​តាម​ចំណង់ នាំ​ទៅ​ឲ្យ​មើល​ល្បែង មើល​បុណ្យ ហាក់​ដូច​ជា​មនុស្ស​ធម្មតា ។
លុះ​ដល់​ថ្ងៃ​សម្លាប់ គេ​រៀប​ចំ​ដាក់​ឃ្នាង​មនុស្ស​នោះ ហើយ​ដង្ហែ​ចេញ​ទៅ​ពី​ទី​ប្រជុំ​បុណ្យ ដោយ​ក្បួន​ហែ​យ៉ាង​អ៊ឹកធឹក មាន​ទាហាន​កាន់​សស្ត្រាវុធ ឬ កាំភ្លើង​មុខ​ក្រោយ ព្រម​ដោយ​អ្នក​ស្រុក​រាប់​ពាន់​នាក់ ហែ​ទៅ​កាន់​ទី​អ្នក​តា​ព្រះ​ស្រុក (មេ​ស្រុក) នៅ​ខាង​កើត​វត្ត​វិហារ​ធំ ចម្ងាយ​ប្រហែល ៥០០​ម. ។ គេ​គំនាប់​អ្នក​តា​នោះ​ដោយ​អុជ​ផាវ បាញ់​កាំភ្លើង រួច​ហើយ ទើប​គេ​គេ​ហែ​មនុស្ស​ទោស​សំដៅ​ទៅ​អ្នក​តា​មេស ដែល​ស្ថិត​នៅ​ខាង​ត្បូង​អ្នក​តា​ព្រះ​ស្រុក​នេះ​ប្រហែល ៨០០​ម. ។ ដល់​ហើយ គេ​ក៏​រៀប​ចំ​បួង​សួង​បន់​ស្រន់ សូម​ឲ្យ​អ្នក​តា​មេស​ជួយ​ឲ្យ​ស្រុក​បាន​សុខ​សប្បាយ ជួយ​អភិបាល​ស្រុក នាម៉ឺន​សព្វ​មុខ​មន្ត្រី​និង​បណ្ដា​រាស្ត្រ ព្រម​ទាំង​សូម​ឲ្យ​ទឹក​ភ្លៀង​ធ្លាក់​ចំ​តាម​រដូវ​កាល ។ល។

រួច​ហើយ គេ​ទើប​គេ​ស្រែក​ភូមា (យក្ស​អឺ!) ៣​ដង ទើប​អ្នក​សម្លាប់​ដែល​មាន​ងារ​ជា​មនោ (អ៊ិន) ដែល​កាន់​ដាវ​រាំ​រែក​ដើរ​ក្រឡឹង​ជុំ​វិញ​មនុស្ស​ទោស យារ​ដាវ​កាប់​តែ ១​ខ្វាប់​ដាច់​ក​តែ​ម្ដង ហើយ​គេ​សម្គាល់​មើល បើ​ឈាម​បាញ់​ទៅ​លើ ទៅ​ខាង​ស្មើ​គ្នា ថា​ទឹក​ភ្លៀង​នឹង​ធ្លាក់​ស្មើ​គ្រប់​ស្រុក បើ​ឈាម​បាញ់​ទៅ​តែ​ខាង​ណា ថា​ភ្លៀង​នឹង​ធ្លាក់​តែ​នៅ​ស្រុក​ខាង​នោះ ។ ក្នុង​ពេល​ដំណាល​គ្នា​នេះ មាន​បាញ់​កាំភ្លើង អុជ​ផាវ យ៉ាង​គគ្រឹក​គគ្រេង​ផង ។ ចំណែក​ខាង​ក្រុម​ដែល​ដង្ហែ​ទៅ​អ្នក​តា​ក្រហម​ក អ្នក​តា​សព្វ​ស្ថាន និង​អ្នក​តា​ទួល​ឈ្នាង ។ លុះ​ឮ​សូរ​កាំភ្លើង​ខាង​អ្នក​តា​មេស​ហើយ ទើប​បាញ់​កាំភ្លើង អុជ ផាវ​គំនាប់​អ្នក​តា​ខាង​ខ្លួន​ជា​លំដាប់​បន្ទាប់​ៗ​គ្នា​ទៅ ។ ឯ​មនុស្ស​ដែល​គេ​សម្លាប់​រួច​នោះ យក​ក្បាល​ទៅ​ដោត​ថ្វាយ​អ្នក​តា​មេស ព្រម​ទាំង​អារ​យក​សាច់​ដោត​ជា ១០០ ច្រនួច​ថ្វាយ​ផង ។ រួច​ហើយ​យក​សាច់ ៥០ ច្រនួច​ទៀត បញ្ជូន​ទៅ​ថ្វាយ​អ្នក​តា​ក្រហម ៥០​ច្រនួច​សម្រាប់​អ្នក​តា​សព្វ​ស្ថាន និង ៥០ ច្រនួច​ទៀត​ថ្វាយ​អ្នក​តា​ទួល​ឈ្នាង ។

ក្នុង​សម័យ​លោក​ធម្មាតេជោ តី នេះ​ដែរ ដែល​ត​មក​ខាង​ក្រោយ​គេ​លែង​សម្លាប់​មនុស្ស ប្រែ​ជា​សម្លាប់​ក្របី​ជំនួស​វិញ ប៉ុន្តែ​គេ​រើស​រក​តែ​ក្របី​ឡើង​ក​មាន​តម្លៃ ៥០ រៀល​ឡើង​ទៅ (តម្លៃ​ជំនាន់​នោះ) ។
ឯ​របៀប​រៀង​រៀប​ចំ​ធ្វើ​បុណ្យ​ក៏​នៅ​មាន​ធ្វើ​ដូច​គ្នា ។ វេលា​ដែល​គេ​សម្លាប់​ក្របី​នោះ​ទៀត ក៏​គេ​សម្គាល់​ឈាម​ដូច​គ្នា​នឹង​ការ​សម្គាល់​ឈាម​មនុស្ស​ដូច​ពោល​ខាង​លើ​នោះ​ដែរ រួច​ហើយ គេ​អារ​សាច់​ក្របី​ដោត ១០០ ច្រនួច ថ្វាយ​អ្នក​តា​មេស អារ​ភ្លៅ ១​ឲ្យ​សុភា​ឆ្វេង យក​ទៅ​ថ្វាយ​អ្នក​តា​ក្រហម​ក អារ​ភ្លៅ ១ ទៀត ឲ្យ​សុភា​ស្ដាំ យក​ទៅ​ថ្វាយ​អ្នក​តា​សព្វ​ស្ថាន ។ ឯ​អ្នក​តា​ទួល​ឈ្នាង​មិន​ឮ​និយាយ​ថា​ដូចម្ដេច​ទេ (ប្រហែល​ជា​គេ​លែង​ឡើង​យូរ​ហើយ ដោយ​នៅ​ឆ្ងាយ​ពី​គេ​ពេក) ។ ប៉ុន្តែ មាន​ការ​ប្លែក​ម៉្យាង​ចំពោះ​ក្របី​ដែល​គេ​សម្លាប់​នោះ នៅ​ពេល​រៀប​សម្លាប់ វា​ស្ទុះ​រត់​ពី​កន្លែង​ទៅ គេ​សម្គាល់​ថា អ្នក​តា​មិន​ទទួល ត្រូវ​រក​ទិញ​ក្របី​មួយ​ថ្មី​ទៀត យក​មក​សម្លាប់​ថ្វាយ​វិញ ។

ដល់​មក​សម័យ​លោក​ធម្មាតេជោ ប្លុង គេ​ឈប់​សម្លាប់​ក្របី​ទៅ​ទៀត គេ​ថ្វាយ​ក្របី​ទាំង​រស់ គិត​ពី​នោះ​មក​ដល់​ឥឡូវ​នេះ (១៩៤៤) ប្រហែល​ម្ភៃ​ឆ្នាំ​ហើយ គេ​បែរ​ជា​សម្លាប់​ជ្រូក​ជំនួស​វិញ ។ លុះ​ត​មក​ក្រោយ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ គេ​ឈប់​ទាំង​សម្លាប់​ជ្រូក​ទៅ​ទៀត គឺ​គេ​យក​តែ​សាច់​ជ្រូក​ដែល​គេ​ទិញ ចំនួន ១០០ ច្រនួច ទៅ​ថ្វាយ​តែ​ម្ដង ។ សម័យ​ខាង​ក្រោយ​មក នៅ​ពេល​ឡើង​អ្នក​តា តែង​មាន​រូប​ស្នឹង​ចូល​ជាន់​ផង ។គេ​បញ្ជាន់​រូប ឲ្យ​អ្នក​តា​មេស​ចូល​សណ្ឋិត រួច​គេ​នាំ​គ្នា​សួរ​ពី​សុខ​ទុក្ខ​ក្នុង​ស្រុក​គ្រប់​ប្រការ ។ល។ ប្រពន្ធ​លោក​តា​ដោក ថាន់ ជា​រូប​សម្នឹង​ដែល​អ្នក​តា​មេស​ចូល​ជាន់ រូប​នោះ​ស៊ី​អ្វី​មិន​បាន​ទេ អ្នក​តា​តម្រូវ​ឲ្យ​ស៊ី​តែ​បាយ​សាប​ជា​ធម្មតា ម៉្លោះ​ហើយ រូប​ស្នឹង​នេះ​ក៏​រីង​រៃ​ទាល់​តែ​ស្លាប់​ទៅ ។ ឯ​កិច្ច​ពិធី​ឡើង​អ្នក​តា​មេស គេ​នៅ​តែ​នាំ​គ្នា​ធ្វើ​រៀង​រាល់​ឆ្នាំ ប៉ុន្តែ​ធ្វើ​ដោយ​ខ្សត់​ខ្សោយ​ណាស់ ធ្វើ​សោះ​តែ​ខាន មិន​ជា​អធិក​អធម​ដូច​កាល​ពី​សម័យ​ដែល​នៅ​ថ្កើង​រុង​រឿង​នោះ​ទេ ។ លុះ​អ្នក​តា​មេស​រួច​ហើយ ទើប​គេ​រៀប​ឡើង​អ្នក​តា​ដែល​នៅ​សង្កាត់​នានា ជា​ខាង​ក្រោយ ។ ចំណែក​ពួក​នាម៉ឺន​ដែល​មាន​បណ្ដា​ស័ក្ដិ​ធំ​ៗ មិន​ដែល​ហ៊ាន​ទៅ​ជិត ឬ ដើរ​កាត់​មុខ​អ្នក​តា​មេស​ឡើយ ដោយ​ជឿ​ថា​នឹង​ស្លាប់​ខ្លួន ឬ ខូច​បុណ្យ​សក្ដិ ។

ក្រៅ​អំពី​អ្នក​តា​ដែល​ពោល​ខាង​លើ​នេះ នៅ​មាន​អ្នក​តា​ខ្លះ​ទៀត​ដែល​នៅ​ជិត​ៗ​គ្នា​នោះ​គឺ: អ្នក​តា​ទូង​ស្គរ អ្នក​តា​នាង​ត្រដាច អ្នកតា​សម្ដើង​កែវ អ្នក​តា​ព្រះ​ស្រែ អ្នក​តា​បុះលៀន3 អ្នក​ច្រក​ចំបក់ អ្នក​តា​សូន​យក្ស ។ អ្នក​តា​ទាំង​អម្បាល​នេះ មិន​មាន​រូប​ទេ មាន​តែ​ថ្ម ២-៣ ដុំ​ជា​សម្គាល់ ដែល​ឃើញ​មាន​រូប​ថ្ម​ច្រើន​តែ​ចំពោះ​អ្នក​តា​មេស​ប៉ុណ្ណោះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៨១ – ៨៨


  1. ឯកសារ​លេខ ៥៦. ០០៤ រៀប​រៀង​ដោយ​លោក គាំ ឌុម នៅ​ពុទ្ធសាសនបណ្ឌិត្យ
  2. ឃើញ​រាប់​បាន​តែ​ដៃ​បី ដៃ​មួយ​ទៀត​មិន​ឃើញ​និយាយ​ផង
  3. ឯកសារ​នេះ សរសេរ​ពី​ឆ្នាំ ១៩៤៤
  4. មិន​ដឹង​ជា​អ្នក​តា​នេះ ឈ្មោះ​បោស​លាន ឬ បុះលៀន អ្នក​ឲ្យ​ការណ៍​មិន​បាន​ផ្ដល់​ន័យ​មក​ផង​សោះ