អ្នក​តា​យាយ​ខ្មៅ

រឿង​នេះ តែង​តាម​ពាក្យ​ចាស់​ព្រឹទ្ធាចារ្យ ដែល​បាន​ដឹង​រឿង​រ៉ាវ​នោះ​ជា​ច្រើន​គ្នា​សឹង​មាន​ដំណាល​សេចក្ដី​ប្រហែល​ៗ​គ្នា​ទាំង​អស់​ថា កាល​ដែល​ពុទ្ធ​សករាជ​កន្លង​ទៅ​បាន​ប្រហែល ២.០០០ ឆ្នាំ មាន​ព្រះ​សង្ឃ​មួយ​អង្គ​នាម​លោក​តា ស្រី ។ ដើម​ឡើយ​លោក​បួស​នៅ​វត្ត​ពាង​សំរឹទ្ធ ឃុំ​អាំងនិញ ខែត្រ​ជា​មួយ​គ្នា លោក​នោះ​បាន​និមន្ត​ទៅ​ក​វត្ត​ថ្មី​មួយ នៅ​ភូមិ​សង្កែ ហៅ​តាម​នាម​ភូមិ​ថា “វត្ត​សង្កែ” ។ កាល​ដែល​ផ្ដើម​ក​វត្ត​នោះ លោក​បាន​បោះ​គោល​ចារឹក​គ្រប់​ទាំង​បួន​ជ្រុង ទំហំ​ដី​វត្ត​ប្រមាណ ២​ហិកតារ ហើយ​បាន​សង់​វិហារ-​កុដិ-​សាលា ដោយ​គ្រឿង​ឈើ​ប្រក់​ស្លឹក លើក​ដី​ជុំ​វិញ​វត្ត ដាំ​ដើម​ឈើ​ផ្សេង​ៗ មាន​ចេក​ជាដើម ។ មាន​កន្លែង​មួយ​នោះ លោក​ឲ្យ​ដាំ​ដើម​ចេក​ទៅ ចេះ​តែ​រលួយ​គល់ ងាប់​ទាំង​ដើម លោក​ចង់​ឈ្នះ​ក៏​ប្រើ​សិស្ស​ឲ្យ​ដាំ​កន្លែង​នោះ​ទៀត ចេក​ក៏​ងាប់​ជា​គម្រប់ ២​លើក លុះ​ដាំ​លើក​ទី ៣ ស្រាប់​តែ​ឃើញ​មាន​កូន​ចេក​ដុះ ដើម​ពង់​កោង​ឡើង​លើ​ផុត​ពី​ដី ឯ​ចុង​ចាក់​ទៅ​ក្នុង​ដី​ក្បែរ​គល់​តែ​ម្ដង ។[1][2]

លោក​តា​ឃើញ​ហេតុ​ដូច្នោះ មាន​សេចក្ដី​សង្ស័យ​ណាស់ ទើប​ប្រើ​កូន​សិស្ស​ឲ្យ​ជីក​ដី​ត្រង់​កន្លែង​នោះ ជីក​បាន​ជម្រៅ​ប្រហែល ០ម.៥០ ស្រាប់​តែ​ឃើញ​ថ្ម ២​ផ្ទាំង​តម្រួត​លើ​គ្នា ឯ​ថ្ម​នោះ​សោត​ក៏​មាន​បែប​ភាព​ដូច​គ្នា​ទាំង​ពីរ​ផ្ទាំង ហើយ​មាន​ពណ៌​ដូច​ថ្លើម​អណ្ដើក មាន​ប្រហោង​មួយ​រាង​បួន​ជ្រុង​នៅ​កណ្ដាល ឥត​មាន​ក្បាច់​អ្វី​ឡើយ ។
អំពី​លក្ខណៈ​យាយ​ខ្មៅ
នៅ​វេលា​ដែល​លើក​ថ្ម​នោះ​ឡើង គេ​បាន​ឃើញ​រូប​យាយ​ខ្មៅ​នោះ​ដេក​នៅ​នឹង​ដី​ពី​ខាង​ក្រោម​ថ្ម​នោះ​ឯង ។ ពេល​នោះ ព្រះ​សង្ឃ​ព្រម​ទាំង​ឧបាសក ឧបាសិកា ស្រុក​ជិត​ឆ្ងាយ កើត​កោលាហល​បបួល​គ្នា​មក​មើល​យ៉ាង​កុះ​ករ ថែម​ទាំង​នាំ​គ្នា​ធ្វើ​បុណ្យ ៣​យប់ ៣​ថ្ងៃ រួច​ក៏​យក​អំបោះ​ចង​កួច​ភ្ជាប់​នឹង​រូប​នោះ ហើយ​អន្ទង​លើក​ឡើង ដុស​ខាត់​ទៅ​ឃើញ​រូប​ស្ត្រី​ភាព មាន​ផ្នួង​សក់​ចំ​កណ្ដាល​សិរសា​ខាង​លើ ។ នៅ​លើ​ថ្ងាស​មាន​ជរ​ទ្រ​ជើង​សក់ តែ​លែង​ខ្លួន​ទទេ​ត្រឹម​ចង្កេះ ហើយ​មាន​ស្នាម​ឆូត​ៗ ជា​ខ្សែ​ក្រវាត់​ចង​លើ​ថ្នក់​សំពត់ ។ ឯ​សំពត់​ស្លៀក​សម្លុយ ដៃ​សង​ខាង​សណ្ដូក​ផ្អោប​នឹង​ដង​ខ្លួន​ចុះ​ក្រោម ពី​ត្រឹម​កែង​អង្កុញ​បត់​ទៅ​មុខ ឯ​ដៃ​ស្ដាំ​ក្ដាប់​ផ្កាប់​ចុះ​ក្រោម ដៃ​ឆ្វេង​ក្ដាប់​ផ្ងារ​ឡើង​លើ ទទឹង​ស្មា ០ម. ១៣ កម្ពស់​ពី​បាត​ជើង​ទៅ​ដល់​ផ្នួង​សក់ ១ម. ៥៣ ឈរ​លើ​ផែន​ថ្ម ១​ផ្ទាំង រាង ៤​ជ្រុង ក្នុង​១​ជ្រុង ប្រវែង ០ម.១៤ ស្មើ​គ្នា​ទាំង​៤​កម្រាស់ ០ម.០៤ ។ ឥឡូវ​នេះ គេ​លាប​ម្រ័ក្សណ៍​ទាំង​អស់ ពិនិត្យ​មើល​ទៅ​មិន​ដឹង​ជា​ថ្ម​ពណ៌​បែប​ណា​ឡើយ ថែម​ទាំង​គេ​តម្កល់​លើ​បល្ល័ង្ក​ឈើ ហើយ​សង់​សាលា​មួយ​ខ្នង​ដាក់​រូប​នោះ​ទៀត​ផង ។

អំពី​រូប​យាយ​ខ្មៅ
តាម​ដំណើរ​នៃ​រឿង​នោះ​ថា កាល​នោះ​មាន​យាយ​ចាស់​ម្នាក់​ឈ្មោះ ខ្មៅ ផ្ទះ​គាត់​នៅ​ជិត​វត្ត​សង្កែ​នោះ គាត់​ឈឺ​ស្ពឹក​ហើយ​ហើម​អស់​ទាំង​ខ្លួន​ជាង ២ ឆ្នាំ​មក​ហើយ លុះ​ឮ​ថា​មនុស្ស​ផ្អើល នាំ​គ្នា​មក​បន់​ស្រន់​បូជា​ដល់​រូប​នោះ ច្រើន​ពន់​ពេក​ណាស់ គាត់​ក៏​ប្រើ​កូន​ទៅ​សុំ​ទឹក​យក​មក ហើយ​គាត់​ផឹក​ផង​លាប​ខ្លួន​ប្រាណ​ផង ។ ចាប់​ដើម​ពី​ថ្ងៃ​ដែល​គាត់​បាន​ព្យាបាល​រោគ ដោយ​ទឹក​អប់​នោះ​មក រោគ​កាន់​តែ​កាន់​ស្រាន្ត​បន្តិច​ម្ដង​ៗ តែ ៧ ថ្ងៃ​ប៉ុណ្ណោះ យាយ​ក៏​ដើរ​រួច ហើយ​ឲ្យ​កូន​នាំ​គាត់​ទៅ​វត្ត ។ ដល់​ហើយ​គាត់​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​រូប​នោះ ស្រាប់​តែ​ក្រញែង​ខ្លួន​ចូល​ដូច​អារក្ស ហើយ​ក្រោក​ឡើង​ស្រែក​ច្រៀង​ជា​បទ​ភ្លេង​ទស​បារមី រាំ​ដើរ​ប្រទក្សិណ​រូប​នោះ រួច​និយាយ​ថា “លោក​គ្រូ​មិន​ស្គាល់​យើង​ទេ​ឬ?” ឯ​លោក​តា​ជា​ចៅ​អធិការ​ឆ្លើយ​តប​ទៅ​វិញ​ថា “អាត្មា​ភាព​មិន​ស្គាល់​លោក​យាយ​ទេ ចុះ​លោក​យាយ​ឈ្មោះ​អ្វី ដូច​ម្ដេច​បាន​ជា​មក​កប់​ខ្លួន​ក្នុង​ដី​នេះ តើ​នរណា​គេ​យក​មក​កប់​ដូច្នេះ?” ។ យាយ​ចូល​នោះ​តប​ទៅ​វិញ “យើង​នេះ​ឈ្មោះ ទេព​ធីតា រក្សា​មនុស្ស​លោក ការ​ដែល​មក​កប់​ខ្លួន​ក្នុង​ប្រឹថពី​នោះ ឬ នរណា​យក​មក​នោះ យើង​ឥត​ដឹង​ទេ តែ​យើង​តែង​ចុះ​មក​ជួយ​សង្គ្រោះ​មនុស្ស​ក្នុង​ស្រុក​នេះ ឲ្យ​បាន​សេចក្ដី​សុខ​សប្បាយ​ទាំង​អស់​គ្នា បើ​លោក​គ្រូ​ចង់​ឲ្យ​វត្ត​លោក​ថ្កុំថ្កើង​រុង​រឿង ត្រូវ​តែ​ធ្វើ​តាម​បង្គាប់​យើង​តាម​របៀប​ដូច​មាន​ត​ទៅ​នេះ​ចុះ
អំពី​របៀប
គឺ ឲ្យ​ធ្វើ​រាន ៨​ថ្នាក់ ស្លា​ធម៌​មួយ​គូ ទឹក​អប់ ២​គូ បាយ​សី ១​គូ ក្លស់​បាំង ១​គូ ទៀន ៥ ធូប ៥ លាជ ៥ ផ្កា ៥ រួច​ហើយ​មាន​ឲ្យ​លេង​ភ្លេង​ខ្មែរ​បញ្ជាន់​រូប​យាយ ខ្មៅ​ថែម​ទៀត។ កាល​បើ​យាយ ខ្មៅ ថ្លែង​ប្រាប់​ដល់​លោក​គ្រូ​ចៅ​អធិការ​ដូច្នោះ​រួច​ហើយ លោក​ក៏​បាន​ចាត់​ការ​ធ្វើ​តាម​បង្គាប់ ។
ពិធី​បន់​ស្រន់

តាំង​ពី​ដើម​រៀង​មក​រហូត​ដល់​សម័យ​ឥឡូវ​នេះ ការ​បន់​ស្រន់​នៅ​តែ​មាន​ធ្វើ​ដរាប ។ កាល​បើ​មាន​ជំងឺ​អ្វី​កើត​ឡើង ឬ​គេ​ចង់​សួរ​ការ​អ្វី ពុំ​នោះ​សោត​គេ​ប្រាថ្នា​ធ្វើ​ស្រែ​ឲ្យ​បាន​ផល រក​ស៊ី​ធ្វើ​ការ​សព្វ​សារ​ពើ ឲ្យ​បាន​ចម្រើន គេ​តែង​ទៅ​បន់​ស្រន់​សុំ​ទឹក​អប់ អំបោះ​ចង​ដៃ​និង​ចង​ក តាម​សេចក្ដី​ប្រាថ្នា​អំពី​រូប​នោះ ដោយ​ហោច​ទៅ សូម្បី​ចង់​បាន​បុត្រ​ធីតា​ក៏​ទៅ​សុំ​ក្នុង​ទី​នោះ​ដែរ ។

អំពី​សែន​ថ្វាយ
គ្រឿង​តង្វាយ​នោះ​គឺ មាន​ធ្វើ​បុណ្យ​ហែ​ផ្កា ថ្វាយ​អង្ស័ក កង​ក កង​ដៃ អង្កាំ ចិញ្ចៀន សុទ្ធ​តែ​ធ្វើ​ដោយ​មាស ទម្ងន់​ពី​មួយ​ជី​ទៅ​ទល់​និង​មួយ​តម្លឹង​ក៏​មាន ។ ជួន​កាល​គេ​ថ្វាយ​បាយ​សី ស្លា​ធម៌​ដូង ចេក នំ ឬ​ក្លស់ តែ​សព្វ​ថ្ងៃ​នេះ​គេ​ច្រើន​ថ្វាយ​ឡង់1​មួយ​គូ​ប៉ុណ្ណោះ ឬ​កោរ​សក់​ថ្វាយ​ក៏​មាន ។ លុះ​ដល់​យាយ ខ្មៅ ស្លាប់​ទៅ ក៏​ទៅ​ចូល​រូប​យាយ​ដទៃ​ជា​ច្រើន​តំណ តែ​ទោះ​ជា​ចូល​រូប​យាយ​ណា​ក៏​ដោយ​ក៏​ហៅ​ថា “យាយ​ខ្មៅ” ដូច​ឈ្មោះ​យាយ​ដែល​ចូល​រូប​ពី​ដំបូង​នោះ​ដែរ ។

បទ​ភ្លេង
ពិធី​បញ្ជាន់​រូប​យាយ ខ្មៅ នោះ​មាន​របៀប​សែន​ថ្វាយ​ដូច​បាន​បរិយាយ​មក​ខាង​លើ​ស្រាប់ ឯ​ភ្លេង​មាន​តែ​មួយ​បទ​ទេ​គឺ បទ​ទសបារមី ឬ​ហៅ​ថា​បទ​បារមី​ក៏​បាន មាន​ទំនុក​ច្រៀង​ថា
សូម​ថ្វាយ​បង្គំ        សម្ដេច​បារមី        មាន​រិទ្ធិ​ក្រៃ        អំណាច​ជាក់​ស្ដែង ។
មិន​ដឹង​ទេ​ឬ?        ឈ្មោះ​ទេព​ធីតា    ចុះ​មក​រក្សា        មនុស្ស​លោក​សព្វ​ថ្ងៃ ។
អញ្ជើញ​គ្រូ​តូច    អញ្ជើញ​គ្រូ​ធំ        ស្ថិត​លើ​កំពូល​ភ្នំ    ចុះ​មក​ស្ថាន​អាយ ។
នាង​ស្រី​ខ្មៅ​ញាប់    អណ្ដាត​ជា​ភ្លើង    គ្រលួច​ឆេះ​ឡើង    បង្ក្រាប​បិសាច ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៧៧ – ១៨៥


  1. ឯកសារ​លេខ ៥៦.០៣១ របស់​ក្រុម​ទំនៀម​ទម្លាប់ សរសេរ​ដោយ​លោក ឡឹម ឯម អតីត​ចាងហ្វាង​ពុទ្ធ​សាសន​បណ្ឌិត្យ​រង នៅ​កូសាំងស៊ីន
  2. តាំងយូ​ក្រដាស​សាច់​រឹង​តូច រាង​ក្រឡូម​សម្រាប់​ថ្វាយ​អ្នក​តា (របស់​ចិន​យួន)