អ្នក​តា ពុំ-សែន

នៅ​ភូមិ​សូ​សែន សង្កាត់​សូ​សែន ស្រុក​ព្រៃ​ឈរ កំពង់​ចាម​ មាន​អ្នក​តា​មួយ គេ​ហៅថា​អ្នក​តា “ពុំ-សែន” មាន​រឿង​រ៉ាវ​ទាក់​ទង​នឹង​អ្នក​តា​នោះ​ដូច​ត​ទៅ ៖
ប្រមាណ​ជា​ក្នុង ព. ស. ២៣៨៤ មាន​យាយ​តា ២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ “តា​ពុំ យាយ​សែន” គាត់​នៅ​ស្រុក​សំរោង ខែត្រ​ជាមួយ​គ្នា ទាំង​ពីរ​នាក់​បបួល​គ្នា​ទៅ​រក​ភូមិ​ថ្មី​មួយ នៅ​ភូមិ​គុក​គុហា (បើ​ហៅ​តាម​អ្នក​ស្រុក​ថា​ភូមិ​បន្ទាយ) គាត់​បាន​បោះ​គោល​ចារឹក​វាត​ទី​ភូមិ ប្រមាណ​ជា​ពីរ​ហិកតារ ៤​ជ្រុង​ស្មើ ហើយ​បាន​សង់​ផ្ទះ​មួយ​ខ្នង​តូច ដោយ​គ្រឿង​ឈើ​ប្រក់​ស្លឹក មាន​លើក​ដី​ចាក់​ព័ទ្ធ​ជុំ​វិញ​ជា​ទំនប់​ទឹក ដាំ​ដំណាំ​ផ្សេង​ៗ មាន​ចេក ខ្នុរ ​ជា​ដើម ។ នៅ​ខាង​កើត​ភូមិ​គាត់​ចម្ងាយ​ប្រមាណ ២០០ម មាន​ដើម​ពោធិ ១​ដើម ដុះ​នៅ​លើ​ដី​ទួល​មួយ​ខ្ពស់ ដែល​មាន​ព្រៃ​ដុះ​ព័ទ្ធ​ជុំ​វិញ នៅ​ពេល​យប់ គេ​តែង​ឃើញ​មាន​ភ្លើង​ហោះ ចេញ​ពី​ដើម​ពោធិ​នោះ​ជានិច្ច​រាល់​ថ្ងៃ ។[1]

យាយ​សែន​មាន​សេចក្ដី​សង្ស័យ ទើប​ប្រើ​តា ពុំ ជា​ប្ដី ឲ្យ​ទៅ​មើល​ត្រង់​ដើម​ពោធិ​នោះ បាន​ប្រទះ​ឃើញ​រូប​ចម្លាក់​មួយ សាង​ដោយ​ថ្ម សណ្ឋាន​ជា​មនុស្ស​ឈរ​ផ្អែក​នឹង​គល់​ពោធិ គាត់​ពិនិត្យ​សព្វ​គ្រប់​ទៅ ឃើញ​ដូច​ជា​ព្រះ​ពុទ្ធ​រូប ហើយ​មាន​ពណ៌​ប្រផេះ​ដូច​ជា​ថ្ម​ថ្លើម​អណ្ដើក ទំហំ ៤ ដ.ម. កម្ពស់​ប្រមាណ ១ម​កន្លះ ឥត​មាន​ឆ្លាក់​ជា​ក្បាច់​អ្វី​ទេ ។ តា ពុំ បាន​ឃើញ​ដូច្នោះ ក៏​ដើរ​និយាយ​ប្រាប់​អ្នក​ផង​គ្រប់​គ្នា ឲ្យ​ជួយ​ពិចារណា​មើល តើ​ជា​រូប​អ្វី? នរណា​យក​មក​ចោល​នៅ​ក្រោម​ដើម​ពោធិ​នេះ?

ឬ​ក៏​អ្នក​ណា​សាង​ទុក​ពី​កាល​ណា? កាល​បើ​អ្នក​ស្រុក​បាន​ដឹង​គ្រប់​គ្នា​ហើយ មាន​សេចក្ដី​សង្ស័យ​គ្រប់​ៗ​គ្នា ក៏​បបួល​គ្នា​ធ្វើ​បុណ្យ​អស់ ១​យប់ ១​ថ្ងៃ ដោយ​និមន្ត​ព្រះ​សង្ឃ​ចម្រើន​ព្រះ​បរិត្ត ទេសនា​ឆាន់​បង្ហើយ​កិច្ច ។ ចប់​ពិធី​បុណ្យ គេ​នាំ​គ្នា​យក​អំបោះ​ចង​រូប​នោះ ហើយ​អន្ទង​លើក​ឡើង ដុស​ខាត់​ទៅ ឃើញ​រូប​ភាព​ជា​ស្រី មាន​ផ្នួង​សក់​ចំ​កណ្ដាល​សិរសា​ខាង​លើ នៅ​លើ​ថ្ងាស​មាន​ជរ​ទ្រ​ជើង​សក់ លែង​ខ្លួន​ទទេ​ត្រឹម​ចង្កេះ ឯ​សំពត់​ស្លៀក​សម្លុយ ដៃ​ទាំង​សង​ខាង ដាក់​ផ្អោប​នឹង​ដង​ខ្លួន ពី​ត្រឹម​កែង​ដៃ​បត់​មក​ខាង​មុខ ហើយ​ដៃ​ស្ដាំ​ក្ដាប់​ផ្កាប់​មុខ​ចុះ​ក្រោម ដៃ​ឆ្វេង​ក្ដាប់​ផ្ងារ​ឡើង​ទៅ​លើ (ឥឡូវ​នេះ​គេ​រូប​នោះ​បំបាក់​ក យក​ក្បាល​ទៅ​ចោល​ឯ​ណា​បាត់​ទៅ​ហើយ ពិនិត្យ​មើល​ទៅ​មិន​ដឹង​រូប​ភាព​បែប​ណា​ឡើយ) ហើយ​រូប​នេះ​តាំង​ពី​គេ​វាយ​បំបាក់​យក​ក្បាល​ចោល​បាត់​ទៅ​នោះ អ្នក​ស្រុក​ភូមិ​ជិត​ខាង ចេះ​តែ​ពុំ​សូវ​សុខ​សប្បាយ បន្តិច​ឈឺ​មនុស្ស បន្តិច​ឈឺ​សត្វ​ពាហនៈ អ្នក​ស្រុក​ភិត​ភ័យ​ជា​ខ្លាំង អ្នក​ខ្លះ​នឹក​ស្មាន​ថា រូប​នោះ​ធ្វើ​ឲ្យ​ឈឺ ក៏​យក​ស្លា​ធម៌ ១​គូ បាយ​ស​ក្រហម បង្អែម​ពីរ បី​មុខ យក​ទៅ​ថ្វាយ​រូប​ភាព​នោះ ហើយ​អុជ​ទៀន​ធូប​និយាយ​បន់​ស្រន់ ថា​សុំ​ឲ្យ​កូន​ចៅ​បាន​ជា​សះ​ស្បើយ​គោ ក្របី​ក៏​ឲ្យ​បាន​ជា​សះ​ស្បើយ​ទៅ នឹង​ធ្វើ​រោង​ប្រក់​ក្បឿង​ថ្វាយ ហើយ​លើក​រូប​នេះ​ដាក់​លើ​រោង​ឲ្យ​ផុត​ពី​ដី ។ កាល​បន់​ស្រន់​រួច ត្រឡប់​មក​ផ្ទះ​វិញ ជំងឺ​ទាំង​ប៉ុន្មាន ក៏​បាន​ស្រាក​ស្រាន្ត​ដូច​ប្រាថ្នា រួច​ក៏​ទៅ​ធ្វើ​រោង​តាម​បំណន់​ដែល​ខ្លួន​បាន​បន់​នោះ មាន​រៀប​ស្លា​ធម៌ ១​គូ ទឹក​អប់ ១​គូ ផ្កា ១​គូ ទៀន ៥ ធូប ៥ ។ល។

និយាយ​ពី​យាយ​សែន ប្រពន្ធ​តា​ពុំ ដែល​មាន​ទី​លំនៅ​ៗ ក្បែរ​ខ្ទម​រូប​នោះ យាយ​សែន​មាន​ជំងឺ​ហើម​អស់​ទាំង​ខ្លួន ចំនួន​ជា​ង ១​ឆ្នាំ​មក​ហើយ រក​គ្រូ​មើល​ពុំ​ជា​សោះ បាន​ឮ​អ្នក​ស្រុក​ជិត​ខាង នាំ​គ្នា​ឈូឆរ​មក​បន់​ស្រន់ គោរព​បូជា​រូប​នោះ យ៉ាង​គគ្រឹក​គគ្រេង​ដូច្នោះ គាត់​ក៏​ប្រើ​ប្ដី​គាត់ ឲ្យ​ទៅ​សុំ​ទឹក​អប់​ពី​រូប​នោះ​មក​ល្បង​មើល ។ លុះ​ប្ដី​យក​ទឹក​អប់​បាន​មក​ហើយ គាត់​ក៏​សួរ​ប្ដី​ថា ទឹក​អប់​នេះ​នឹង​ធ្វើ​ដូចម្ដេច​ខ្លះ ប្ដី​ប្រាប់​បាន :  លោក​តា​ឲ្យ​ផឹក​ផង​លាប​ខ្លួន​ប្រាណ​ផង ។

ចាប់​តាំង​ពី​ថ្ងៃ​ដែល​គាត់​បាន​ព្យាបាល​រោគ​ដោយ​ទឹក​អប់​នោះ​មក រោគ​ក៏​កាន់​តែ​ស្រាក​ស្រាន្ត បាន​ស្រួល​បន្តិច​ម្ដង​ៗ ត្រឹម​តែ​៨​ថ្ងៃ​ប៉ុណ្ណោះ ក៏​បាន​ជា​សះ​ស្បើយ ហើយ​ឲ្យ​ប្ដី​នាំ​គាត់​ទៅ​ខ្ទម​អ្នក​តា ទៅ​ដល់​ហើយ គាត់​ថ្វាយ​បង្គំ​រូប​នោះ ក៏​ស្រាប់​តែ​គាត់​ក្រញែង​ខ្លួន​ដូច​ជា​រូប​អារក្ស​ដែល​ខ្មោច​កំពុង​ចូល ស្រែក​ច្រៀង​ជា​បទ​ភ្លេង​ទស​បារមី នាំ​តា​ដើរ​ប្រទក្សិណ​រូប​នោះ រួច​និយាយ​ថា : អ្នក​ឯង​មិន​ស្គាល់​យាយ​ទេ​ឬ? ប្ដី​ឆ្លើយ​ថា : មិន​ស្គាល់​លោក​យាយ​ទេ ចុះ​លោក​យាយ​ឈ្មោះ​អ្វី​ទៅ?

ហេតុ​ដូចម្ដេច​បាន​ជា​មក​នៅ​ក្រោម​ពោធិ​នេះ? តើ​អ្នក​ណា​យក​រូប​មក​ទុក​ដូច្នេះ? យាយ​សែន​ខ្មោច​ចូល​ក៏​ប្រាប់​ទៅ​វិញ​ថា: “យើង​នេះ​ឈ្មោះ​ទេពធីតា​រក្សា​មនុស្ស​លោក ដែល​ថា​អ្នក​ណា​យក​មក​នៅ​ក្រោម​ដើម​ពិធី​នេះ យើង​ឥត​ដឹង​ទេ ព្រោះ​យើង​តែង​តែ​ចុះ​មក​ជួយ​ស្រោច​ស្រង់​មនុស្ស​លោក​ជានិច្ច មិន​មែន​ស្ថិត​នៅ​ក្រោម​ពោធិ​នេះ​ទេ ឥឡូវ​ដែល​យើង​មក​ចូល​រូប​យាយ​សែន​នេះ ក៏​ដើម្បី​ជួយ​ស្រោច​ស្រង់​សង្គ្រោះ​មនុស្ស​ក្នុង​ស្រុក​នេះ ឲ្យ​បាន​សុខ​សប្បាយ​ទាំង​អស់​គ្នា បើ​អ្នក​ឯង​ចង់​បាន​ឲ្យ​ភូមិ​នេះ​ថ្កុំថ្កើង​រុង​រឿង នោះ​ត្រូវ​ធ្វើ​តាម​បង្គាប់​យើង​ដូច​ត​ទៅ​នេះ :

របៀប : កាល​បើ​យាយ​សែន​ថ្លែង​ប្រាប់​រួច​ហើយ តា ពុំ ក៏​ធ្វើ​តាម​បង្គាប់​គឺ ឲ្យ​ធ្វើ​ស្លា​ធម៌ ១​គូ ទឹក​អប់​១​គូ បាយ​សី ១​គូ លាជ​បារី ផ្កា ១​គូ​ៗ ទៀន ៥ ធូប ៥ ធ្វើ​រួច​ហើយ ឲ្យ​លេង​ភ្លេង​ខ្មែរ បញ្ជាន់​រូប​យាយ​សែន​ថែម​ទៀត ។

អំពី​ពិធី​បន់​ស្រន់ : ការ​បន់​ស្រន់​តាំង​ពី​ដើម​រៀង​ៗ មក​យ៉ាង​ណា ឥឡូវ​នេះ​ក៏​នៅ​មាន​ដូច្នោះ​ដែរ គឺ​ថា: កាល​បើ​មាន​ជំងឺ​អ្វី​កើត​ឡើង​ក្ដី ឬ​គេ​ប្រាថ្នា​អ្វី​ក្ដី ដូច​ជា​ប្រាថ្នា​ធ្វើ​ស្រែ​ចម្ការ​បាន​ផល​ល្អ​ជា​ដើម គេ​តែង​ទៅ​បន់​ស្រន់​សុំ​ទឹក​អប់ ហើយ​បួង​សួង​តាម​បំណង​ដែល​គេ​ប្រាថ្នា ។

អំពី​សែន​ថ្វាយ គ្រឿង​តង្វាយ​នោះ​គឺ លេង​ភ្លេង​និង​កាច់​ផ្កា​ថ្វាយ ។ សព្វ​ថ្ងៃ​នេះ គេ​ច្រើន​ថ្វាយ​មាន់​ប្រជល់ ១​គូ ជួន​ណា​គេ​បន់​ធ្វើ​បុណ្យ​ថ្វាយ លុះ​ដល់​យាយ​សែន​នោះ​ស្លាប់​ទៅ ក៏​ចូល​រូប​ដទៃ​ជា​ច្រើន​តំណ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ តែ​ទោះ​បី​ចូល​រូប​យាយ​ណា​ក៏​ដោយ ក៏​គេ​នៅ​តែ​ហៅ​ថា​យាយ​សែន​ៗ តាម​ឈ្មោះ​យាយ​ដែល​ចូល​រូប​ពី​ដើម​ដំបូង​នោះ​ដែរ ។

អំពី​បន់​លេង​ភ្លេង ពិធី​បញ្ជាន់​យាយ​សែន​នោះ មាន​របៀប​បន់​ស្រន់​សែន​ថ្វាយ ដូច​រៀប​រាប់​ខាង​លើ​សព្វ​គ្រប់​អស់​ហើយ ឯ​ភ្លេង​តែ​មួយ​គឺ ភ្លេង​ទស​បារមី​មាន​ទំនុក​ច្រៀង​ថា ៖
សូម​ថ្វាយ​បង្គំ            សម្ដេច​បារមី
មាន​រិទ្ធិ​ក្រាស​ក្រៃ        អំណាច​ជាក់​ស្ដែង ។
មិន​ដឹង​ទេ​ឬ?            ឈ្មោះ​ទេព​ធីតា
ចុះ​មក​រក្សា            មនុស្ស​លោក​សព្វ​ថ្ងៃ ។
អញ្ជើញ​គ្រូ​តូច        អញ្ជើញ​គ្រូ​ធំ
ស្ថិត​នៅ​លើ​កំពូល​ភ្នំ        ចុះ​មក​ស្ថាន​អាយ ។
នាង​ស្រី​សែន​ស្រណោះ    អណ្ដាត​ជា​ភ្លើង
គ្រលួច​ឆេះ​ឡើង        បង្ក្រាប​បិសាច ។
រឿង​រ៉ាវ​ទាំង​នេះ​បាន គេ​និយាយ​ត​ៗ​គ្នា​មក​ជា​យូរ​អង្វែង​ឆ្នាំ​ហើយ លោក​គ្រូ ម៉ៅ រឹត វត្ត​សូសែន សង្កាត់​សូសែន ស្រុក​ព្រៃ​ឈរ ខែត្រ​កំពង់​ចាម ជា​អ្នក​ដឹង​រឿង​ទាំង​នេះ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ៣៥ – ៤០


  1. ឯកសារ​លេខ ៥៦.៤៥ រៀប​រៀង​ដោយ​លោក លុយ ស៊ាន ធ្វើ​ការ​នៅ​ពុទ្ធសាសនបណ្ឌិត្យ ដែល​បាន​សួរ​ពី​លោក​គ្រូ ម៉ៅ រឹត ហៅ​អធិការ​វត្ត​សូរសែន