អ្នក​តា ម៉ឺន-គង់

ប្រវត្តិ​អ្នក​តា ម៉ឺន-គង់
១. “អ្នក​តា​ដែល​នៅ​លើ​ខ្នង​ភ្នំ​ធំ នៅ​ឃុំ​ត្រពាំង​រាំង ស្រុក​ឈូក ខែត្រ​កំពត ឈ្មោះ​លោក​តា ម៉ឺន-គង់ ។ មាន​រឿង​ដំណាល​ថា លោក​តា ម៉ឺន-គង់ នេះ មាន​ឥទ្ធិពល​ខ្លាំង​ក្លា មាន​អំណាច​អស្ចារ្យ​ជាង​គេ​ទាំង​អស់ ពល​រដ្ឋ​ទាំង​ប្រុស- ស្រី​ក្នុង​ស្រុក​ឈូក​ទាំង​មូល តែង​តែ​គោរព​កោត​ខ្លាច​អំណាច​លោក​តា ម៉ឺន-គង់ នេះ​គ្រប់​ៗ​គ្នា : អ្នក​ស្រុក​ទៅ​រក​ស៊ី​ឯ​ព្រៃ​ភ្នំ​ម្ដង​ៗ  ប្រយ័ត្ន​ជានិច្ច ខ្លាច​ក្រែង​និយាយ​លេង​ហួស​ខុស​មាត់ ពុំ​ហ៊ាន​និយាយ​ចម្អេះ​ចំអាស​សើច​លេង​ទេ ។ [1]

មាន​រឿង​រ៉ាវ​ជា​ច្រើន​តាម​ឮ​ចាស់​ៗ​ដំណាល​ត​ៗ គ្នា​មក​ថា : កាល​ជំនាន់​ជាង ១០០ ឆ្នាំ​ប្លាយ​មក​ហើយ​ពល​រដ្ឋ​ក្នុង​ស្រុក​ឈូក​នេះ ពុំ​សូវ​ហ៊ាន​ទៅ​រក​នៅ​ឯ​ព្រៃ​នោះ​ទេ ដោយ​លោក​តា គង់ នេះ​កំពុង​មាន​ឥទ្ធិពល​អស្ចារ្យ​ណាស់ អ្នក​ស្រុក​ដាំ​បាយ​ពុំ​ហ៊ាន​យក​វែក​គង​លើ​មាត់​ឆ្នាំង​ទេ ពុំ​ហ៊ាន​លូក​បាយ​បរិភោគ​ក្នុង​ឆ្នាំង​ទេ ពុំ​ហ៊ាន​ដេក​គង​អន្ទាក់​ទេ ពុំ​ហ៊ាន​ថា​អញ​គ្មាន​ខ្លាច​អ្វី​ក្នុង​ព្រៃ​នេះ​ទេ និង​ពុំ​ហ៊ាន​និយាយ​ចំអែ​ចំអន់​សើច​លេង​ដូច​ជា​នៅ​ផ្ទះ​នោះ​ផង ដោយ​ខ្លាច​ខុស​មាត់ ។

បើ​មាន​ឈ្មោះ​ណា​ខុស​មាត់ ឬ​ខុស​ដោយ​ប្រការ​ណា​មួយ ពេល​ដើរ​ទៅ នឹង​ឃើញ​ពស់​វែក​រនាម​ធំ​ៗ ឬ​យប់​ឡើង នឹង​ឃើញ​ខ្លា​ធំៗ មក​យំ​គគ្រឹក​គគ្រេង​ដេក​ពុំ​បាន​ទេ បើ​មាន​ចាស់​គេ​ដឹង​ថា​ខុស​មាត់ គេ​និយាយ​បន់​ថា “លោក​តា ម៉ឺន-គង់ អើយ ខ្ញុំ​ខ្មាស​អៀន​ណាស់ សុំ​ហៅ​គោ​លោក​តា​ទៅ​វិញ​ទៅ ខ្ញុំ​រាង​ចាល​ហើយ” ថា​តែ​ប៉ុណ្ណោះ គឺ​ស្រាប់​តែ​បាត់​ភ្លាម​ទៅ​វិញ ឮ​តា ដួង និយាយ​ថា “មាន​មនុស្ស​បី​នាក់​ទៅ​រក​ស៊ី​ឯ​ព្រៃភ្នំ មាន​ម្នាក់​ខុស​មាត់ ហើយ​ដេក​លើ​ខ្ទម​កណ្ដាល​គេ​ទៀត ស្រាប់​តែ​ខ្លា​លប​ខាំ ពាំ​យក​អ្នក​ខុស​មាត់​ទៅ​បាត់ អ្នក​ដេក​ជា​មួយ​គ្នា​ភ្ញាក់​ឡើង ឃើញ​តែ​ដាន​ខ្លា​រក​មនុស្ស​ពុំ​ឃើញ​ក៏​សឹង​មាន ។

ឮ​ចាស់​និយាយ​ថា តា​ប៉ែន​និង​តា​ទូច ទៅ​រក​ស៊ី​ឯ​ខាង​លិច​ភ្នំ​ធំ ជិត​ផ្ទះ​ដែរ ហើយ​ខ្លា​វា​ដើរ​តាម​ពី​ភ្នំ​ធំ​មក​ដេញ​ខាំ​តា​ប៉ែន​ៗ រត់​ឡើង​ដើម​ឈើ​មួយ​ដើម ខ្លា​វា​ឡើង​តាម​ខាំ​តា​ប៉ែន​យក​ទៅ​ស៊ី​អស់​សាច់​ពាក់​កណ្ដាល​ស្លាប់​ទៅ ឯ​តា​ទូច​គ្មាន​ខុស​មាត់​នោះ​ត្រឡប់​មក​ផ្ទះ​ឥត​មាន​ខ្លា​តាម​ទេ តា​ទូច​ប្រាប់​កូន​តា​ប៉ែន កូន​តា​ប៉ែន​ទៅ​តាម​រក ឃើញ​ស្នាម​ខ្លា​ស៊ី​ដល់​ស្លាប់​មែន ជាប់​ពាក្យ​ដល់​សព្វ​ថ្ងៃ​នេះ​ថា ដើម​ឈើ​ធំ​នៅ​ឯ​ទួល​ខ្លា​ខាំ​ប៉ែន” ។

២. កាល​ជំនាន់​ជិត ១០០ ឆ្នាំ​មុន មាន​ឈ្មោះ​តា​ឡុច គាត់​ទៅ​កាប់​ឈើ ដេក​ឯ​ព្រៃ​នៅ​ជើង​ភ្នំ​ធំ គ្នា​គាត់​ទាំង​អស់​ប្រាំ​មួយ​នាក់ ឈ្មោះ​តា​ហ៊ុក ១ តា​ទូច ១ តា​ញេប ១ តា​តុប ១ តា​ដួង ១ ដេក​យប់​នោះ​ទៅ ឮ​ភ្លេង​ភ្លេង​សៀម​លេង​រងំ​នៅ​ក្បែរ​ជើង​ភ្នំ​ដែល​មាន​ប្រហោង ។ តា​ឡុច​ថា​ថ្លង់​ដេក​ពុំ​បាន ក៏​ទៅ​ចុក​ប្រហោង​នោះ ចុក​ទៅ​នៅ​តែ​ឮ តា​ប្រាំ​នាក់​ទៀត​ឃាត់​ពុំ​ស្ដាប់ ទៅ​នោម​ច្រាស​ប្រហោង​ភ្នំ​នោះ​ទៀត ស្រាប់​តែ​មក​ដល់​ផ្ទះ​វិញ ចាប់​ឈឺ​ជា​ទម្ងន់ ទៅ​ជា​ថ្លង់​ស្ដាប់​អ្វី​ៗ​ពុំ​ឮ ខ្វាក់​ភ្នែក​ទាំង​ពីរ​ទៀត ហើយ​ដំបៅ​លិង្គ​រលួយ​ទាល់​តែ​ស្លាប់​ទៅ ។

ឯ​អ្នក​ប្រាំ​នាក់​ទៀត​នោះ គ្មាន​គ្រោះ​ថ្នាក់​ទេ ទើប​ឮ​តៗ​មក​ថា លោក​តា ម៉ឺន-គង់ នេះ​ខ្លាំង​ពូកែ​ហើយ​កាច​ណាស់ ក៏​នាំ​គ្នា​ខ្លាច​រហូត​មក​ដល់​សព្វ​ថ្ងៃ ។ ឯ​ភ្នំ​ធំ​នោះ​មាន​ប្រហោង​ឬ​រូង​ជ្រៅ​ណាស់ ពុំ​ដឹង​ជា​ទៅ​ដល់​ណា​ទេ ។ កាល​នោះ​កូន​តា​ដួង គាត់​ចង់​ឃើញ​ពស់​វែក​រនាម តា​ដួង ក៏​នាំ​កូន​ទៅ​នៅ​មុខ​រូង​នោះ បន្តិច​ស្រាប់​តែ​ឮ​សូរ​វូ​ៗ កូន​គាត់​ក្រឡេក​ទៅ ឃើញ​ពស់​ភ័យ​ញ័រ​រន្ធត់ តា​ដួង​ក៏​បន់​ថា លោក​តា​ម៉ឺន-គង់​អើយ កូន​ចៅ​ខ្មាស​អៀន​ណាស់ សុំ​លែង​ឲ្យ​ឃើញ​ចុះ ពស់​នោះ​ក៏​លូន​ចូល​បាត​វិញ​ទៅ ។ ក្នុង​ជំនាន់​នោះ តែ​ដល់​ថ្ងៃ​សីល​អ្នក​ស្រុក​វត្ត​ចក តែ​តែ​ឮ​ភ្លេង​សៀម និង​ឃើញ​ភ្លើង​គោម​ភ្លឺ​ដូច​ម៉ាំងសុង នៅ​លើ​កំពូល​ភ្នំ​ធំ​នោះ​ជានិច្ច ។

៣. អំពី​ឡើង​អ្នក​តា កាល​បើ​មាន​អ្នក​ស្រុក​ឈឺ​ក្ដៅ​អន្ទះអន្ទែង សន្លប់​បាត់​មាត់ ឬ​និយាយ​រវើរវាយ ពុំ​ដឹង​ខុស​ត្រូវ​នោះ គេ​ច្រើន​ទៅ​បញ្ចូល​រូប​លោក ញឹម នៅ​ភូមិ​តា​ឥន្ទ ឃុំ​ត្រពាំង​រាំង សុំ​ឲ្យ​ជួយ​មើល​ជំងឺ ហើយ​អង្វរករ​ថា ធ្វើ​ម្ដេច​កូន​ចៅ​បាន​ជា​ខុស​ឆ្គង​ម្ដង​ម្កាល សូម​លោក​តា​កុំ​ចាប់​ទោស​អូស​ដំណើរ​អី​ហើយ​បន់​ថ្វាយ​ភ្លេង  រៀប​ចំ​ស្ពក​ប្រាំ​បី ឬ​កាប់​មាន់​ទា ជ្រូក​ថ្វាយ​ក៏​មាន រៀប​ចំ​នៅ​ផ្ទះ​អ្នក​ជំងឺ​នោះ ។ លោក​តា ម៉ឺន-គង នេះ​គ្មាន​រូប​ដុំ​ថ្ម​ជា​តំណាង​ទេ គឺ​នៅ​លើ​ភ្នំ​ធំ​តែ​ម្ដង មាន​តែ​រូប​មនុស្ស​ប្រុស​ឈ្មោះ ព្រំ-ញឹម អាយុ​៧៥ ឆ្នាំ ជា​រូប​សំណឹង​របស់​អ្នក​តា សព្វ​ថ្ងៃ​នេះ​មុន​តា​ញឹម មាន​ឈ្មោះ​តា ព្រុំ ជា​ឪពុក​តា​ញឹម ធ្វើ​ជា​រូប​អ្នក​តា លុះ​តា​ព្រុំ​ស្លាប់​ទៅ អ្នក​តា​នោះ​មក​ចូល​តា​ញឹម ជា​កូន​តា​ព្រុំ គ្មាន​ពិធី​ត្រូវ​ធ្វើ​ប្រចាំ​ឆ្នាំ​ចំពោះ​លោក​តា ម៉ឺន-គង់​នេះ​ទេ ទាល់​តែ​មាន​មនុស្ស​ឈឺ​ទើប​គេ​ទៅ​យក​រូប ព្រុំ-ញឹម មក​បញ្ជាន់​មើល និង​លេង​ភ្លេង​ថ្វាយ​តាម​របៀប​ដូច​ខាង​លើ​នេះ ។

៤. ឥឡូវ​ព្រៃ​ភ្នំ​ធំ​នេះ សាប​រលាប​ឥទ្ធិពល​ខ្លះ​ៗ ទៅ​ហើយ អ្នក​ស្រុក​ជា​ច្រើន​ទៅ​រក​ស៊ី ពុំ​ឃើញ​មាន​គ្រោះ​ថ្នាក់​អ្វី​ទេ តែ​អ្នក​ស្រុក​នៅ​តែ​ជឿ​ខ្លាំង​ដោយ​សារ​ខ្លាច​តៗ​គ្នា មក​ទល់​សព្វ​ថ្ងៃ​នេះ អ្នក​រាជ​ការ​ធំ​ៗ​ពុំ​ជឿ​ទេ ទាល់​តែ​អ្នក​ស្រុក​ភូមិ​ធ្លាប់​ទៅ​រក​ស៊ី​ឯ​ព្រៃ​ធំ ទើប​ជឿ​ឥទ្ធិពល​លោក​តា ម៉ឺន-គង់ ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ២៥ – ២៨


  1. ឯកសារ​របស់​លក វ៉ាន់ ហង្ស មេ​ឃុំ​ត្រពាំង​រាំង ស្រុក​ឈូក កំពត