អ្នក​តា តា​ថង

អ្នក​តា​តា ថង នេះ​សព្វ​ថ្ងៃ​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ដង​រែក ឃុំ​អូរ​ស្មាច់ ស្រុក​សំរោង ខែត្រ​ឧត្តរ​មាន​ជ័យ ។ តា ថង មាន​ឫទ្ធិ​អំណាច​ខ្លាំង​ពូកែ​ណាស់ អាច​ជួយ​ការពារ​កង​ទ័ព​ជាតិ ឲ្យ​រួច​អំពី​ការ​បៀតបៀន​នៃ​ខ្មាំង​សត្រូវ​បាន ។[1][2]

តាម​ឮ​ចាស់​ៗ​ដំណាល់​តៗ​គ្នា​មក​ជា​យូរ​យារ​មក​ហើយ ថា​មាន​ឈ្មោះ​តា ណន ថន និយាយ​ថា​អ្នក​តា​នេះ ខ្លាំង​ពូកែ​តាំង​ពី​អតីត​កាល​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ។ ថា​កាល​ពី​ឆ្នាំ ១៩៦៤ ពួក​ខ្មែរ​សេរី​បាន​មក​ឡោម​ព័ទ្ធ បាញ់​ប៉ុស្តិ៍​អូរស្មាច់​យើង​ដ៏​ខ្លាំង​អស្ចារ្យ គឺ​បាញ់​ដោយ​កាំភ្លើង​ត្បាល់ តែ​បាញ់​ពី​ខាង​កើត ធ្លាក់​ហួស​ទៅ​ខាង​លិច​បន្ទាយ បាញ់​ពី​ខាង​ត្បូង ធ្លាក់​ហួស​ទៅ​ខាង​ជើង​បន្ទាយ ។ ជា​ពិសេស​ទៀត គ្រាប់​បែក​ដែល​ធ្លាក់​មក​ក្នុង​បន្ទាយ​ហើយ ថែម​ទាំង​មិន​បែក​ទៀត នេះ គឺ​ដោយ​ឥទ្ធិឫទ្ធី​តា ថង ។

នៅ​ចុង​ឆ្នាំ ១៩៦៤ ពួក​ខ្មែរ​សេរី​ជា​ច្រើន​នាក់ ចូល​មក​ដេញ​បាញ់​ប្រពន្ធ​កង​រាជ​តម្រួត1​យើង ដែល​ទៅ​ដង​ទឹក​នៅ​អណ្ដូង ចម្ងាយ​ពី​បន្ទាយ​ប្រមាណ​ជា ៣០០ម ។ ពួក​ស្រី​ៗ ទាំង​នោះ​រត់​លូន​គ្រប់​ៗ​គ្នា ដោយ​ឮ​សូរ​កាំភ្លើង​ផូង​ៗ ពី​ក្រោយ​កៀក​ៗ​ណាស់ តែ​ខ្មែរ​សេរី​ទាំង​នោះ​រត់​ដេញ​ចេះ​តែ​ដួល រត់​បាន ៥-៦​ម៉ែត្រ​ដួល ដោយ​ទាក់​ជើង​នឹង​ស្មៅ​វល្លិ​ជា​ដើម ។ល។

លុះ​ដល់​គ្រា​ខាង​ក្រោយ​មក​តា ថង ទៅ​ចូល​រូប​ប្រពន្ធ​របស់​នាយ​តម្រួត​រង​ម្នាក់​ឈ្មោះ​សឿន នៅ​អូរស្មាច់ ហើយ​និយាយ​ថា “ម៉េច​អ្នក​ទាំង​អស់​គ្នា​គិត​យ៉ាង​ម៉េច បាន​ជា​មិន​ធ្វើ​ផ្ទះ​ឲ្យ​អញ​នៅ​ផង ហើយ​កុំ​ភ្លេច​ដាក់​កាំភ្លើង​ឲ្យ​អញ​ផង ដើម្បី​អញ​ជួយ​ការពារ​ខ្មាំង​សត្រូវ​ឲ្យ ។ ឃើញ​ទេ​ពី​ថ្ងៃ​មុន ពួក​ខ្មែរ​សេរី​វា​ដេញ​បាញ់​ប្រពន្ធ​ប៉ូលិស អញ​គ្មាន​អី​ជួយ​បាញ់​ការ​ពារ​សោះ អញ​មាន​តែ​វល្លិ​ទាក់​ជើង​វា កុំ​ឲ្យ​វា​បាញ់​កូន​ចៅ​អញ​ត្រូវ ឲ្យ​វា​រត់​ដួល រត់​ដួល រតេតរតូត ទាល់​តែ​ប្រពន្ធ​ប៉ូលិស​រត់​រួច​អស់” ។

រឿង​នេះ​កង​តម្រួត​ដឹង​គ្រប់​គ្នា ប៉ុន្តែ​ពួក​នោះ​មិន​នឹក​ដល់​សោះ​ដោយ​សារ​ការ​បំពេញ​បេសកកម្ម នៅ​ព្រំ​ដែន​ញឹក​ញាប់​ពេក ក៏​ភ្លេច​មិន​បាន​នឹក​សង់​ខ្ទម​ដាក់​កាំភ្លើង​ថ្វាយ​អ្នក​តា ម៉្លោះ​ហើយ​តា ថង ក៏​ទៅ​ស្នាក់​នៅ​អាស្រ័យ​នៅ​នឹង​ដើម​ព្រីង​មួយ​ដើម នៅ​មុខ​បន្ទាយ​អូរស្មាច់​នោះ ។ លុះ​មក​ដល់​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ​១៩៦៥ ពួក​ខ្មែរ​សេរី សៀម ប្រមាណ​ជាង ៣០០​ប្លាយ​នាក់ មក​ឡោម​ព័ទ្ធ​បន្ទាយ​អូរស្មាច់ លើ​កំពូល​ភ្នំ​ដង​រែក បាញ់​ប៉ុស្តិ៍​អូរស្មាច់​យើង តាំង​ពី​ម៉ោង ៤​ភ្លឺ ដល់​ម៉ោង ១១ ថ្ងៃ កង​រាជ​តម្រួត​តែ ៣៥​នាក់​គត់ ត​នឹង​ខ្មាំង ៣០០​ប្លាយ​នាក់ ។ ពួក​ខ្មាំង​ទាំង​នេះ​បាញ់​យ៉ាង​ខ្លាំង​អស្ចារ្យ ដោយ​កាំភ្លើង​ត្បាល់ តូច ធំ និង​កាំភ្លើង​ដៃ​ស្វ័យ​ប្រវត្តិ លាន់​សឹង​ប្រេះ​ភ្នំ​ជា ៧ ភាគ ដី​ក្នុង​បន្ទាយ​ស្ទើរ​នឹង​ក្លាយ​ទៅ​ជា​ស្រះ អណ្ដូង ដោយ​សា​គ្រាប់​កាំភ្លើង​ត្បាល់ ។ ប៉ុន្តែ​ដល់​ទី​បំផុត​ពួក​យើង​ស្លាប់​តែ​ពីរ​នាក់​គត់ ឯ​ខាង​ខ្មាំង​វិញ​ឮ​ថា​ស្លាប់​អស់ ៥០ ប្លាយ​នាក់ ។

នៅ​ពេល​កំពុង​បាញ់​នោះ កង​រាជ​តម្រួត​យើង​ទាំង​អស់​គ្នា ហាក់​ដូច​ជា​មាន​គេ​មក​ខ្សឹប​ថា ” ឲ្យ​មាន​សេចក្ដី​អង់​អាច ស្វាហាប់ ឡើង កុំ​តក់​ស្លុត កុំ​ភ័យ​ឲ្យ​សោះ យើង​នឹង​ជួយ​អ្នក​ទាំង​អស់​គ្នា” (នេះ​ជា​អានុភាព​នៃ តា ថង) ។

នៅ​ថ្ងៃ​ទី ៣ ខែ​មករា ១៩៦៦ ការ​បាញ់​គ្នា​មិន​ទាន់​ទាំង​ស្ងប់​ផង មាន​អស់​លោក​ប៉ូលិស ទាំង​ប្រពន្ធ​ខ្ញុំ​បាទ​ផង (សុខ សាមឿន) បាន​ចុះ​ពី​លើ​ភ្នំ​មក​បញ្ជាន់​រូប​យាយ តឹម នៅ​ផ្អុង រូប​ឆ្លើយ​ថា “អញ​រវល់​ណាស់ ដោយ​ពួក​សៀម​វា​លួង​លោម​បោក​បញ្ឆោត​អញ ឲ្យ​ទៅ​ស៊ី​ផឹក​ជា​មួយ​គ្នា អញ​កំពុង​តែ​ស៊ី​ផឹក ស្រាប់​តែ​ពួក​វា​នាំ​មក​វាយ​ប៉ុស្តិ៍​អូរស្មាច់ ។ អញ​ដឹង​ភ្លាម រត់​មក​ជួយ​កូន​ចៅ​អញ កុំ​តែ​អញ​រត់​មក​ទាន់ កុំ​អី​ស្លាប់​កូន​ចៅ​អញ​អស់​ហើយ អញ​ស្ដាយ​ណាស់ អញ​យំ​បោក​ខ្លួន ដោយ​អញ​មក​ដល់ កូន​ចៅ​អញ​ស្លាប់​អស់ ២ នាក់​រួច​ទៅ​ហើយ” ។ ការ​បញ្ជាន់​រូប​នេះ រូប​ក៏​ឆ្លើយ​មក​ត្រូវ​ដូច​ពេល​កំពុង​ប្រយុទ្ធ​គ្នា​មែន ហើយ​រូប​នេះ​បន្ទោស​ថា “ពួក​ប៉ូលិស​អូរស្មាច់ មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​តា ថង សោះ តា ថង ឲ្យ​ធ្វើ​ខ្ទម ដាក់​កាំភ្លើង​ឲ្យ ម្ដេច​មិន​ធ្វើ​ឲ្យ?”

ចាប់​ពី​ពេល​នោះ​មក ក្រុម​រាជ​តម្រួត​យើង ក៏​នាំ​គ្នា​សង់​ខ្ទម​ថ្វាយ​នៅ​ខាង​ត្បូង​បន្ទាយ​អូរស្មាច់ តាម​ផ្លូវ​ចុះ​មក​ផ្អុង ។
អំពី​ការ​សង់​ខ្ទម
ខ្ទម​នេះ​ធ្វើ​ដោយ​ឈើ សសរ​បណ្ដុះ​ជើង​គក​កណ្ដាល ២ ដើម្បី​ធ្វើ​រាន​មុខ ។ សសរ​ទំហំ មួយ​តឹក​បួន​ជ្រុង ក្រាល​ក្ដារ ជញ្ជាំង​ស័ង្កសី ប្រក់​ស័ង្កសី ។ នៅ​លើ​ខ្ទម​មាន​ដាក់​ថ្ម ១​ដុំ ជា​និមិត្ត​រូប​អ្នក​តា ថង ។ នៅ​មាត់​ទ្វារ​មាន​ដាក់​ឈើ​ជ្រុង ២ ដើម ជា​និមិត្ត​រូប​នៃ​កាំភ្លើង​យន្ត ធុន ៣០មម. (ចិន) មាន​ដាក់​ដុំ​ថ្ម ៥ ដុំ ជា​និមិត្ត​នៃ​គ្រាប់​បែក ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី ១៨៧ – ១៩០


  1. ឯកសារ​លេខ ៥៦.០៧៩ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​រៀប​រៀង​ដោយ លោក សុខ សាមឿន អត្តលេខ ២៩១៦ កង​រាជ​តម្រួត​នៅ​ស្រុក​សំរោង ខែត្រ​ឧត្តរ​មាន​ជ័យ
  2. ឥឡូវ​នេះ គេ​បញ្ចូល​ទៅ​ក្នុង​កង​ទ័ព​ជាតិ​អស់​ហើយ