22 រឿង បុរស​កុហក ៤ នាក់

កាល​ពីព្រេងនាយ មាន​បុរស​កុហក ៤ នាក់ មក​ជួប​ជុំ​គ្នា រួម​គំនិត គិត​ដើរ​ទៅ​រក​ឆរ​បោក​បញ្ឆោត យក​ទ្រព្យ​សម្បត្តិ​គេ នៅ​គេហដ្ឋាន ឆ្ងាយ​ពី​លំនៅ​របស់​ខ្លួន ព្រមព្រៀង​គ្នា​ស្រេច​ហើយ ក៏​នាំ​គ្នា​ដើរ​ទៅ លុះ​ទៅ​យូរ​បន្តិច​បាន​ជួប​ប្រទះ​នឹង​តា​ចាស់​ដូន​ចាស់​ពីរ​នាក់ ជា​អ្នក​ធ្វើ​ចម្ការ​កប្បាស នៅ​ក្បែរ​មាត់​ទន្លេ​មួយ​ដាច់​ឆ្ងាយ​ពី​ស្រុក​ភូមិ​គេ ។ បុរស​កុហក ៤ នាក់​នោះ​បាន​ដឹង​ដំណឹង​ថា តា​ចាស់ ដូន​ចាស់ ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​គ្រាន់​បើ ក៏​គិត​គ្នា​ថា «យើង​ត្រូវ​នាំ​គ្នា​ឈប់​ទៅ​ទី​នេះ ដើម្បី​ភូត​កុហក យក​ទ្រព្យ​សម្បត្តិ​តា​ចាស់ ដូន​ចាស់​នេះ​ឲ្យ​បាន» បុរស ៤ នាក់​នោះ ទៅ​ដល់​សួរ​តា​ចាស់​ដូន​ចាស់​ថា «ឱ ! តា​យាយ​អើយ ! យើង​ខ្ញុំ​ទាំង ៤ នាក់​នោះ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ខំ​ត្រាច់​ដើរ​រក​អ្នក​ឯ​ណា​ដែល​ចេះ​ដឹង ព្រោះ​យើង​ខ្ញុំ​ចង់​ដឹង​រឿង​ព្រេង​ពី​បុរាណ​នាយ​មក, តែ​វេលា​នេះ បាន​មក​ជួប​នឹង​តា​យាយ ៗ ប្រហែល​ជា​ចេះ​ដឹង​រឿង​បុរាណ​មក​ខ្លះ​មិន​ខាន បើ​ដូច្នេះ សូម​តា​យាយ​មេត្តា​និទាន​រឿង​ព្រេង​អ្វី​មួយ ឲ្យ​ចៅ​ស្ដាប់​បន្តិច » ។[1]

តា​ចាស់​ដូន​ចាស់ ក៏​ឆ្លើយ​តប​ទៅ​បុរស​ទាំង ៤ នាក់​វិញ​ថា « ចៅ​អើយ​ចៅ ! តាំង​ពី​ក្មេង​ដល់​ចំណាស់​ប៉ុណ្ណេះ​ហើយ តា​យាយ​គ្មាន​ចេះ​រឿង​ព្រេង​អ្វី​ទេ សូម​ចៅ​អញ្ជើញ​ទៅ​រក​សួរ​អ្នក​ឯ​ទៀត​ចុះ » ។ បុរស​ទាំង ៤ នាក់​ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ថា « ឱ តា​យាយ​អើយ ! បើ​ប្រសិន​ជា​មាន​គេ​ចេះ​រឿង​ព្រេង​នោះ តា​យាយ​ចង់​ស្ដាប់​ឬ​ទេ ? ។ « ឱ ! ចៅ​អើយ ! តា​យាយ​ចង់​ស្ដាប់​ណាស់​តែ​រក​អ្នក​ណា​ចេះ​គ្មាន » ។ បុរស​ទាំង ៤ នាក់ ក៏​ជម្រាប​ទៅ​តា​យាយ​វិញ​ដោយ​កិច្ចកល ប៉ង​នឹង​បោក​យក​ទ្រព្យ​សម្បត្តិ តា​ចាស់​ដូន​ចាស់​នោះ ឲ្យ​បាន​ដោយ​ងាយ​ថា « យើង​ខ្ញុំ​ទាំង ៤ នាក់​នេះ ចេះ​ខ្លះ​ដែរ ព្រោះ​បាន​ដឹង​ពី​ជីតា​ខ្ញុំ​គាត់​និទាន​ប្រាប់ តែ​រឿង​នេះ បើ​និយាយ​ទៅ​កាលណា តា​យាយ​ត្រូវ​តែ​ជឿ​​ទើប​ខ្ញុំ​និទាន​ប្រាប់​បាន» ។ តា​យាយ​ក៏​ព្រមព្រៀង​ឲ្យ​បុរស​ទាំង ៤​នាក់​នោះ​និយាយ ។

បុរស​ទី ១ ចាប់​អធិប្បាយ​រឿង​កុហក​ជា​ដំបូង​ឡើង​ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន ៣ ខែ ម្ដាយ​ខ្ញុំ គាត់​ចង់​ពិសា​ផ្លែ​ទុរេន​នៅ​មុខ​ផ្ទះ​ខ្ញុំ ដើម​វា​មាន​កម្ពស់​ប្រហែល ៨ ព្យាម ហើយ​មាន​ផ្លែ​តែ​មួយ​ផង គាត់​មិន​ដឹង​ជា​គិត​ដូចម្ដេច នឹង​បាន​ផ្លែ​ឈើ​នោះ​មក​ពិសា ។ លុះ​ខ្ញុំ​បាន​ដឹង​ថា គាត់​ចង់​ពិសា​ផ្លែ​នោះ​ខ្ញុំ​ក៏​ចេញ​ពី​ផ្ទៃ​គាត់​តាម​ទ្វារ​មាស ទៅ​ឡើង​បេះ​ទុរេន​នោះ យក​មក​ជូន​គាត់​ពិសា, រួចស្រេច ខ្ញុំ​ត្រឡប់​ចូល​ទៅ​ក្នុង​ផ្ទៃ​គាត់​វិញ ។

បុរស​ទី ២ ថា : កាល​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​បាន​ចំនួន ៦ ខែ ឃើញ​គាត់​នឿយ​ហត់​លំបាក​នឹង​ធ្វើ​ស្រែ ចម្ការ ច្បារ​ដំណាំ​ពេក ខ្ញុំ​ចេញ​ពី​ផ្ទៃ​គាត់​មក នៅ​ធ្វើ​ស្រែ​ចម្ការ ឃ្វាល​គោ ក្របី ដណ្ដាំ​បាយ ដង​ទឹក ជំនួស​គាត់ ពី​ព្រឹក​ព្រហាម លុះ​ល្ងាច អស់​ការ​ធ្វើ ខ្ញុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ ជា​រៀង​រាប​ដរាប​មក ។
បុរស​ទី ៣ ថា « ឱ ! តា​យាយ​អើយ ខ្លួន​ខ្ញុំ​នេះ ជា​ទេវបុត្ត​ច្យុត​ចុះ​មក​ចាប់​បដិសន្ធិ​នឹង​ម្ដាយ​ខ្ញុំ​សព្វ​ថ្ងៃ​នេះ ខ្ញុំ​ចេញ​ពី​ទ្វារមាស​វេលា​ណា បាន​មក​បម្រើ​គាត់​សព្វ​សារពើ, ដល់​ខ្ញុំ​ចាស់​ទៀប​នឹង​ស្លាប់ ខ្ញុំ​សុំ​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ​ខ្ញុំ​វិញ ដើម្បី​កុំ​ឲ្យ​ស្លាប់​ទាន់ ហើយ​កើត​ម្ដង​ទៀត​ឲ្យ​បាន​ជា​ក្មេង​ឡើង​វិញ » ។

បុរស​ទី ៤ ថា : ខ្លួន​ខ្ញុំ​នេះ ចាប់​តាំង​តែ​ចេញ​ពី​ផ្ទៃ​ម្ដាយ​កាលណា​មក ខ្ញុំ​រក្សា​សីល ៥ ចាំ​សីល ៨ តែ​សីល​ខ្ញុំ ប្លែក​ពី​សីល​អ្នក​ទាំងពួង​ចង់​ផឹក​ស្រា ជក់​អាភៀន សម្លាប់​ជីវិត​គេ​ក៏​បាន , លុះ​ដល់​ខ្ញុំ​ស្លាប់​ទៅ ៗ កើត​ជា​ទេវតា សោយ​រាជ​សម្បត្តិ​នៅ​ឋាន​សួគ៌ ។
បុរស​ទាំង ៤ នាក់​នោះ និយាយ​ភូត​កុហក​គ្រប់​គ្នា​ហើយ ក៏​សួរ​ទៅ​តា​ចាស់​ដូន​ចាស់​ថា « រឿង​ខ្ញុំ​និទាន​ជម្រាប​ទាំង​ប៉ុន្មាន​នេះ តើ​តា​យាយ​ជឿ​ឬ​ទេ ? តា​យាយ ឆ្លើយ​តប​ទៅ​វិញ​ថា « រឿង​នោះ​តា​យាយ ជឿ​ហើយ​ចៅ ! » ។ តែ​ក្នុង​គំនិត​គាត់​ទាំង ២ នាក់ គិត​ឃើញ​ជា​ស្រេច​ថា « បុរស​ទាំង​នេះ​ សុទ្ធ​តែ​និយាយ​កុហក​ទាំង​អស់ » ។
ដល់​បុរស​ទាំង ៤ នាក់​នោះ ទាល់​ប្រាជ្ញា ក៏​ឲ្យ​តា​នោះ និយាយ​រឿង​ប្រាប់​ម្ដង​វិញ, ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​តា​ចាស់​នោះ គាត់​បាន​សន្យា​ដូច​បុរស​ទាំង ៤ នាក់​នោះ​ដែរ , លុះ​ព្រមព្រៀង​ទាំង​អស់​គ្នា ទើប​តា​ចាស់​និយាយ ។

តា​ថា « ឱ ! ចៅ​អើយ ! កាល​តា​និង​យាយ​មក​ធ្វើ​ចម្ការ​កប្បាស​នេះ​បាន ៥ -៦ ឆ្នាំ មាន​ទ្រព្យ​សម្បត្តិ​ប្រាក់​មាស ល្មម​នឹង​ចិញ្ចឹម​ចៅ​ទាំង ៤ នាក់​នេះ​បាន តែ​នៅ​ឆ្នាំ​មួយ​មុន​នោះ កប្បាស​មិន​ផ្លែ​សោះ មិន​ដឹង​ជា​រឿង​ហេតុ​អ្វី, មាន​មួយ​ថ្ងៃ តា​ដើរ​រុក​ក្នុង​ចម្ការ​ទៅ ឃើញ​ដើម​កប្បាស ១ ដើម ទំហំ​ប៉ុន​ដើម​ត្នោត មាន​ផ្លែ​មួយ​ធំ តា​ក៏​ឡើង​បេះ​យក​មក​ផ្ទះ, ដល់​តា​និង​យាយ​នាំ​គ្នា​បក​មើល​ឃើញ​មាន​គ្រាប់ ៤ ក្នុង​មួយ​គ្រាប់ ៗ មាន​កុមារ​ម្នាក់ៗ គ្រប់​គ្រាប់​ទាំង ៤, តា​បាន​ឲ្យ​យាយ​គាត់​បំបៅ​បី​បាច់​រក្សា, លុះ​ដល់​កុមារ​ទាំង ៤ នាក់​នោះ ធំ​វេលា​ណា​ឡើង​ក៏​នាំ​គ្នា​រត់​ចោល​តា​និង​យាយ​ទាំង​អស់​ទៅ, ឥឡូវ​តា​ឃើញ​ចៅ​ទាំង ៤ នាក់​នេះ​ត្រឡប់​មក​វិញ​ហើយ ។

បុរស​ទាំង ៤ នាក់ ភិត​ភ័យ​ខ្លាំង ក៏​នាំ​គ្នា​ឆ្លើយ​ប្រកែក​ទៅ​នឹង​តា​ចាស់ ដូន​ចាស់​វិញ​ថា « មិន​មែន​ទេ » ។ តា​យាយ​សួរ​ទៅ​វិញ​ថា « ហេតុ​អ្វី​ក៏​ចៅ​ថា​មិន​មែន, បើ​ចៅ​ចេះ​តែ​ប្រកែក​យ៉ាង​នេះ នុះ​ឃើញ​ថា​ទាស់​ខុស​នឹង​កិច្ច​សន្យា​ហើយ, បើ​ដូច្នេះ ត្រូវ​ចៅ​ទាំង ៤ នាក់​មក​នៅ​បម្រើ​តា ទើប​ត្រូវ​នឹង​ពាក្យ​សន្យា » ។ បុរស​កុហក ៤ នាក់​គេច​មិន​រួច ក៏​នៅ​បម្រើ​តា​យាយ​ទៅ ។

ពាក្យ​ច្រើន​ភូត​ ចាញ់​អាត្មា

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ១១០- ១១២


  1. កម្ពុជ​សុរិយា​លេខ ៧ – ៨ – ៩ ឆ្នាំ ១៩៣៧ ទំព័រ ១២២ គ្មាន​ឈ្មោះ​អ្នក​រៀប​រៀង​ទេ ។