7 រឿង​ មនុស្ស​បួន​នាក់

កាល​ពីព្រេងនាយ មាន​បុរស​ឆោត ៤ នាក់​​ព្រមព្រៀង​គ្នា​ដើរ​រៀន​ក្ដី ។ លុះ​ដើរ​បន្តិច​ទៅ​ចាប់​បាន​អណ្ដើក ៥ បុរស​ទាំង ៤ នាក់​នោះ ក៏​យក​អណ្ដើក​នោះ​មក​ចែក​គ្នា ដល់​ចែក​ទៅ​ចែក​មក នៅ​សល់​អណ្ដើក​មួយ ។ [1]

មនុស្ស​ទាំងអស់​នោះ មិន​សុខ​ចិត្ត​តែ​រៀង​ខ្លួន ក៏​ចែក​គ្នា​ម្ដង​ទៀត ចែក​ទៅ​ចែក​មក សល់​អណ្ដើក​មួយ​ដដែល មិន​ដឹង​គិត​ធ្វើ​ដូចម្ដេច ។ បុរស​ទាំង ៤ នាក់​នោះ ទាល់​គំនិត​ក៏​អង្គុយ​មើល​មុខ​គ្នា ធ្វើ​ភ្នែក​ឡិងឡង់ ៗ ។ ក្នុង​វេលា​នោះ មាន​បុរស​ម្នាក់​ទៀត​ដើរ​ទៅ​កាន់​ទីនោះ ប្រទះ​នឹង​មនុស្ស​ទាំង ៤ នាក់​នោះ ក៏​ឈរ​មើល​គេ​ចែក​អណ្ដើក​គ្នា ហើយ​បុរស​ម្នាក់​នោះ ឃើញ​ឆោត​ដូច្នោះ​ក៏​សើច ហើយ​និយាយ​នឹង​បុរស ៤ នាក់​នោះ «មើល​ទៅ​អ្នក​ដូច​ជា​មិន​សូវ​ប្រសប់​សោះ» ។ បុរស ៤ នាក់​គ្រាន់​តែ​ឮ​សម្ដី​ប៉ុណ្ណោះ​ក៏​និយាយ​ថា : ឱ​លោក ! បើ​លោក​ចេះ​អាណិត​មក​ចែក​ឲ្យ​យើង​បន្តិច ។

បុរស​ម្នាក់​នោះ​ឮ​ដូច្នោះ ក៏​ដើរ​ចូល​អង្គុយ​ជិត​ចាប់​អណ្ដើក ៥ នោះ​មក ហើយ​រើស​មើល​អណ្ដើក​ណា​ដែល​ធំ​ជាង​គេ យក​មក​ទ្រាប់​អង្គុយ នៅ​សល់​អណ្ដើក ៤ ចែក​ឲ្យ​បុរស ៤ នាក់​នោះ​មួយ​ម្នាក់ ។ បុរស ៤ នាក់​ក៏​សុខ​ចិត្ត​រៀង​ខ្លួន ហើយ​ទាំងអស់​គ្នា​សួរ​គេ​នោះ​ថា «អ្នក ! មើល​ទៅ​អ្នក​ប្រហែល​ជា​ចេះ​ក្ដី ?» ។ បុរស​នោះ​ឆ្លើយ​ថា ខ្ញុំ​ចេះ ។ បុរស​ទាំង ៤ នាក់​ក៏​តប​ទៅ​វិញ​ថា «ឱ ! បើ​អ្នក​ចេះ​ក្ដី សូម​មេត្តា​ប្រាប់​យើង​ផង» ។

បុរស​ម្នាក់​នោះ​ឆ្លើយ​ថា «បើ​អ្នក​ចូលចិត្ត​ឲ្យ​ខ្ញុំ​ប្រាប់ ត្រូវ​អ្នក​ទន្ទេញ​តាម​ខ្ញុំ ។ បុរស ៤ នាក់​ឆ្លើយ​ថា «បាទ» ហើយ​បុរស​នោះ​ប្រាប់​ឲ្យ​អ្នក​ទាំង ៤ នោះ ឲ្យ​ទន្ទេញ​រៀង​ខ្លួន​គឺ ៖

ប្រាប់​ បុរស​ទី ១ ថា : ទំពក់​វា​ទៅ ទើប​ព្នៅ​វា​ជ្រុះ ។
បុរស​ទី ២ ថា : មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ,
បុរស​ទី ៣ ថា : មាន​សំរាម ទើប​ឆ្កែ​វា​ជុះ,
បុរស​ទី ៤ ថា :  មែន ទើប​គេ​ថា ។

បុរស ៤ នាក់ ក៏​ទន្ទេញ​ពាក្យ​នេះ ចេះ​ចាំ​គ្រប់ ៗ​គ្នា​ទៅ, ហើយ​បុរស ៤ នាក់​នោះ នាំ​គ្នា​ទៅ​ឆ្ងាយ​ទៅ បាន​ដល់​ភូមិ​មួយ នឹង​រក​ផ្ទះ​សម្បែង​សំណាក់​ក៏​គ្មាន ។ លុះ​បន្តិច​ទៅ​បាន​ប្រទះ​នឹង​យាយ​ចាស់​មេម៉ាយ​ម្នាក់ ក៏​និយាយ​សុំ​ផ្ទះ​យាយ​ចាស់​នោះ​សំណាក់ គាត់​ក៏​ព្រម​ឲ្យ​ហើយ​បុរស​នោះ នាំ​គ្នា​ទាំង ៤ នាក់​សំណាក់​នៅ​ផ្ទះ​យាយ​នោះ​ទៅ ។ យប់​នោះ​អ្នក​ទាំង ៤ ក៏​នាំ​គ្នា​ទន្ទេញពាក្យ​ក្ដី ដែល​បុរស​ម្នាក់​នោះ​ប្រាប់​ទន្ទេញ​មិន​ឈប់​ឈរ​ទាល់​តែ​ភ្លឺ ។

យាយ​ចាស់​ខឹង​ណាស់​ព្រឹក​ឡើង​គាត់​ទៅ​ប្ដឹង​មេ​ស្រុក ! យប់​មិញ​នោះ​ មាន​បុរស ៤ នាក់​មក​សុំ​ផ្ទះ​ខ្ញុំ​សំណាក់ បុរស​ទាំង ៤ នាក់​ចេះ​តែ​និយាយ​ទន្ទេញ​ទាល់​តែ​ភ្លឺ តែ​មិន​ដឹង​ពាក្យ​ថា​ដូចម្ដេច ស្ដាប់​មិន​បាន​សោះ ខ្ញុំ​ខាន​ដេក​វាល់​ព្រឹក, ហេតុនេះ​ខ្ញុំ​មក​ប្ដឹង​លោក សូម​លោក​ហៅ​មនុស្ស​ទាំង ៤ នាក់​នោះ មក​ជំនុំ​ជម្រះ​ឲ្យ​ខ្ញុំ ។

មេ​ស្រុក​បាន​ស្ដាប់​ក៏​ឲ្យ​បម្រើ​ទៅ​ហៅ​បុរស​ទាំង ៤ នាក់​នោះ​មក ហើយ​សួរ​ថា «ហេតុ​ដូចម្ដេច​បាន​ជា​ឯង​ទន្ទេញ​អ្វី​ទាល់​តែ​ភ្លឺ រក​តែ​យាយ​ចាស់​គាត់​ដេក​ពួន​មិន​បាន, ចុះ​ដែល​ឯង​ទន្ទេញ​នោះ​តើ​ទន្ទេញ​ពាក្យ​អ្វី ?» បុរស​ទាំង ៤ នាក់​នោះ​ឆ្លើយ​ថា «ខ្ញុំ​ទន្ទេញ​ពាក្យ​ក្ដី» ។ មេ​ស្រុក​បង្គាប់​ទៅទៀត​ថា ចូរ​ឯង​រាល់​គ្នា​សូត្រ​ពាក្យ​នោះ ម្ដង​ម្នាក់​ទៅ​មើល ! អញ​នឹង​ស្ដាប់» ។

បុរស​ទី ១ ថា : ទំពក់​វា​ទៅ  ទើប​ព្នៅ​វា​ជ្រុះ,
បុរស​ទី ២ ថា : មាន​ប្រឡាយ ទើប​ទឹក​វា​ហូរ,
បុរស​ទី ៣ ថា : មាន​សំរាម ទើប​ឆ្កែ​វា​ជុះ,
បុរស​ទី ៤ ថា : មែន​ ទើប​គេ​ថា ។
ស្ដាប់​ពាក្យ​នោះ​ហើយ «មេ​ស្រុក ក៏​កាត់​សេចក្ដី​ថា ឯង​ទាំង ៤ នាក់​ត្រូវ​នៅ​ជា​ខ្ញុំ​បម្រើ​យាយ​ចាស់​នេះ» ។ បុរស​អស់​នោះ ក៏​ទៅ​នៅ​ធ្វើ​ជា​ខ្ញុំ​បម្រើ​យាយ​នោះ​ទៅ ។ យាយ​នោះ​គាត់​ប្រើ​ឲ្យ​ធ្វើ​ការ​សព្វ​សារពើ​តែ​រាល់​ថ្ងៃ ។

លុះ​នៅ​នឹង​យាយ​នោះ​បាន ២- ៣ ខែ​ទៅ យាយ​គាត់​ប្រើ​បុរស​ទាំង ៤ នាក់​នោះ ឲ្យ​ទៅ​កាប់​ឈើ​ធ្វើ​ទូក ។ អ្នក​ទាំង ៤ នាក់​ក៏​នាំ​គ្នា​ចូល​ទៅ​ដល់​ព្រៃ​ធំ ហើយ​ដើរ​រក​ឈើ​ណា​មាន​ប្រហោង​ទើប​កាប់ ។ លុះ​ចូល​ទៅ​ដល់​ក្នុង​ព្រៃ​ជ្រៅ​បាន​ប្រទះ​ឈើ​ធំ ១ ដើម មាន​ប្រហោង​បុរស​ទាំង ៤ និយាយ​គ្នា​ថា «យើង​បាន​ប្រទះ​ឈើ​ប្រហោង​ហើយ យើង​ត្រូវ​នាំ​គ្នា​កាប់​ឈើ​នេះ» ។ បុរស​ទាំង ៤ នាក់​មូល​មាត់​គ្នា​ក៏​កាប់​រលំ​ឈើ​ប្រហោង​នោះ លុះ​ឈើ​ជិត​រលំ​បុរស​ទាំង ៤ នាក់​ស្រែក​ថា «កន​យើង ! ជិត​រលំ​ហើយ អាណា​ម្នាក់​រត់​ទៅ​ចាំ​ទ្រ​កុំ​ឲ្យ​បែក​ឈើ​យើង ក្រែង​ធ្វើ​ទូក​មិន​កើត » ។

បុរស​ម្នាក់​ក៏​ស្ទុះ​ទៅ​ចាំ​ទ្រ ដល់​ឈើ​នោះ​បាក់​មក​សង្កត់​ស្លាប់​ធ្វើ​មាត់​ស្ញេញ ។ បុរស ៣ នាក់​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​សើច​ថា «យើ​អានេះ ខ្លាំង​ណាស់​វ៉ឺ ! ឈើ​ទំហំ​ប៉ុណ្ណឹង​កោត​តែ​វា​ទ្រាំ​បាន ហើយ​វា​សើច​ថែម​ទៀត » ។ បុរស​៣ នាក់​នាំ​គ្នា​មើល​បុរស​ម្នាក់​ដែល​ស្លាប់, ដល់​យូរ​ពេក​ក៏​ស្រែក​ហៅ​ថា «យី ! មក​ឆាប់​ឡើង​នឹង​អាល​ទៅ ឃ្លាន​បាយ​ណាស់ » ។ លុះ​ឃើញ​នៅ​ស្ងៀម ក៏​នាំ​គ្នា​ដើរ​ចូល​ទៅ​មើល ។ កាល​ដឹង​ថា បុរស​នោះ​ស្លាប់, បុរស ៣ នាក់​ភ័យ​ណាស់និយាយ​គ្នា​ថា «យើង​នៅ​មិន​បាន​ទេ តែ​យើង​ខំ​នៅ មុខ​ជា​គេ​ប្ដឹង​ថា​យើង​វាយ​សម្លាប់​អា​នេះ, បើ​ដូច្នេះ​ត្រូវ​យើង​នាំ​គ្នា​រត់» ថា​ហើយ ក៏​ព្រមព្រៀង​គ្នា​រត់​ទៅ ។ ដល់​ពេល​យប់​វង្វេង​ផ្លូវ​មិន​ដឹង​រត់​ទៅ​ឯណា ក៏​ស្រាប់​តែ​វិលវល់ ទៅ​ត្រង់​កំពង់​ផ្ទះ​យាយ ហើយ​នាំ​គ្នា​លួច​ទូក​យាយ​នោះ​អុំ​ទៅ​ត្រើយ​ម្ខាង ។ បុរស​ទាំង ៣ នាក់​នាំ​គ្នា​ចុះ​ទូក, ម្នាក់​នៅ​ខាង​កន្សៃ​បែរ​មុខ​ទៅ​ខាង​កន្សៃ, ម្នាក់​នៅ​ខាង​ក្បាល​ក៏​បែរ​មុខ​ទៅ​ខាង​ក្បាល, ម្នាក់​ទៀត​អង្គុយ​កណ្ដាល​បាច​ទឹក​ទូក​តែ​មិន​បាន​ស្រាយ​ខ្សែ​ចំណង​ទូក​នោះ​ចេញ ចេះ​តែ​នាំ​គ្នា​អុំ ៗ​មួយ​យប់​ទាល់​ភ្លឺ​នៅ​តែ​ដដែល ។

លុះ​ភ្លឺ​ស្រាង​ឡើង​យាយ​ចាស់​ចុះ​ដង​ទឹក ប្រទះ​បុរស​៣​នាក់​ហើយ​ស្រែក​ថា «យើ​អានេះ​ រត់​ទៅ​ណា ?» បុរស ៣ នាក់​ក្រឡេក​ឃើញ​យាយ​ចាស់​ជា​ចៅហ្វាយ​ខ្លួន ក៏​ទាល់​ប្រាជ្ញា​មិន​ដឹង​បើ​រត់​ទៅ​ណា ក៏​ទៅ​នៅ​បម្រើ​យាយ​ចាស់​វិញ​ដដែល​ទៅ  ។

 

ចេះ របេះ​ក្បាច់

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ៣៤ –  ៣៧


  1. កម្ពុជ​សុរិយា​ លេខ​ ១០- ១១ – ១២ ឆ្នាំ ១៩៣៧​ ទំព័រ​ គ្មាន​ឈ្មោះ​អ្នក​រៀបរៀង​ទេ ។