45 រឿង ចៅ​ធុង ចៅ​សាញ់

បទ​កាកគតិ
បពិត្រ​អញ​ខ្ញុំ ហត្ថា​បង្គំ ប្រណម្យ​វន្ទា សូម​មាន​តេជះ ដូច​ព្រះ​រាមា សូម​មាន​ប្រាជ្ញា ដូច​ព្រះ​មហោសថ ។ ខ្ញុំ​ថ្វាយ​បង្គំ ព្រះពុទ្ធ​ឧត្ដម ប្រាជ្ញា​មោះ​មុត តែង​នាំ​សត្វ​ផង ឆ្លាស់​ឆ្លង​សមុទ្រ សង្សារ​ចំហុត ដាក់​ដល់​សួគ៌ា ។ ព្រះ​អង្គ​ត្រាស់​ត្រេច សាង​សម្ភារ​ស្រេច ផ្ដាច់​សង្សារា លើស​លែង​ត្រៃ​ភព សាយ​សព្វ​ទិសា ព្រះ​អង្គ​ផ្ចាញ់​មារ ដល់​និព្វាន​ហោង ។ បង្គំ​ព្រះ​ពុទ្ធ បារមី​ពិសុទ្ធ ពិសេស​ឥត​ហ្មង ពន្លឺ​រស្មី ភ្លឺ​ក្រៃ​កន្លង ដល់​សួគ៌​នាយ​ហោង ភ្លឺ​ផ្លេក​សព្វ​ស្ថាន ។ បង្គំ​ព្រះធម៌ ពិត​សេស​មាន​អាថ៌ ជ្រៅ​ពន់​ប្រមាណ អាច​តែង​ត្រង​រង សត្វ​ផង​សព្វ​ស្ថាន ជា​ខ្លឹម​ប្រធាន ត្រីពិធ​សម្បត្តិ ។ បង្គំ​ព្រះ​សង្ឃ ប្រសើរ​សឹង​ទ្រង់ សីល​សុទ្ធ​មធ្យ័ត ជា​ស្រូវ​ស្រែ​បុណ្យ មាន​គុណ​គាប់​ក្ដាត់ តាម​ផ្លូវ​ប្រតិបត្តិ ព្រះ​សង្ឃ​ទាំង​ឡាយ ។ លោក​ខំ​សង្វាត យក​បិណ្ឌ​បាត ប្រោស​សត្វ​សម្ជាយ ឲ្យ​អស់​ទុក្ខ​ភ័យ ទោសពៃរ៍​ក្នុង​កាយ សត្វ​ផង​ទាំង​ឡាយ តាម​សទ្ធា​ហោង ។

នេះ​នឹង​ស្រដី បុរស​ប្រុស​ស្រី ពីរ​នាក់​ជា​ម្ដង ប្ដី​និង​ប្រពន្ធ ឲ្យ​ធន​ធាន​ផង ឥត​ញាតិ​សោត​ហោង ឥត​ផៅ​សន្តាន ។ រក​ស៊ី​នៅ​នា ក្នុង​ព្រៃ​ព្រឹក្សា យូរ​ទៅ​ទើប​បាន កាប់​ឈើ​រើ​ព្រៃ នៅ​ព្រៃ​ស្មសាន បន្តិច​ទើប​បាន ចម្ការ​មួយ​ហោង ។ នោះ​ឯង​ធំ​ក្រៃ ប្រមាណ​នោះ​នៃ ប្រាំ​សិន​ជា​ម្ដង ជា​អ្នក​កម្សត់ ទុគ៌ត​កន្លង ទាំង​ពីរ​នាក់​ហោង ត្រេក​អរ​ពេក​ក្រៃ ។ លុះ​ដាំ​ស្រូវ​ទៅ ក្នុង​ចម្ការ​កូវ ស្រូវ​នោះ​ប្រពៃ នឹក​ថា​ស្រូវ​អញ នេះ​ពេញ​ល្អ​ក្រៃ គុម្ព​ធំ​ណាស់​នៃ លើស​ស្រូវ​អ្នក​ផង ។ ជា​យូរ​លង់​ទៅ រីឯ​ដើម​ស្រូវ នោះ​កូវ​សោត​ហោង ល្អ ៗ ក្រៃ​លែង កួរ​វែង​កន្លង ដាក់​គួរ​ល្គាយ​ល្គង ទន់ ៗ តាម​គ្នា ។ ល្អ​ល្អះ​ប្រពៃ រី​ស្រូវ​នោះ​នៃ ទុំ​ពេញ​ចម្ការ រន្ទាល​ច្រាល​ឆ្អៅ ផ្លែ​ស្រូវ​នោះ​ណា៎ ពាស​ពេញ​ចម្ការ បរិបូណ៌​ជា​ត្រើយ យក​ស្រូវ​មក​ហើយ ដាក់​លើ​ផ្ទះ​ហោង ។ លុះ​ដល់​រដូវ នាំ​គ្នា​យក​ស្រូវ ទៅ​ដាំ​ទៀត​ផ្គង ដូច​កាល​សព្វ​គ្រា ពី​ដើម​នោះ​ផង ស្រូវ​នោះ​ឯង​ហោង ល្អ​ដូច​ដើម​នៃ ។ យូរ​លង់​ទៅ​ណា បាន​ភោជ្យផលា រឹត​តែ​ច្រើន​ក្រៃ ពេញ​បរិបូណ៌​ណាស់ ឥត​ខ្វះ​ឡើយ​នៃ ត្រេក​អរ​ពេក​ក្រៃ ធ្វើ​ជង្រុក​ឯង ។ មួយ​នោះ​ធំ​ក្រៃ​ ហើយ​វែង​ផង​នៃ ប្រាកដ​ជាក់​ស្ដែង ធេង​ធំ​ទូលាយ ខ្ពស់​ក្រៃ​គួរ​ស្ញែង ជង្រុក​ប្រាំ ល្វែង​ឥត​ក្រែង​អ្នក​ផង ជា​យូរ​ទៅ​ណា​នាង​មាន​កូន​ង៉ា មួយ​ល្អ​កន្លង ឲ្យ​ឈ្មោះ​អាសាញ់ ធំ​ពេញ​ចិត្ត​ហោង ស៊ី​បាយ​ច្រើន​ដង មួយ​ឆ្នាំង​មួយ​ថ្ងៃ ។ លុះ​ដល់​គម្រប់​ប្រាំ​មួយ​ដណ្ដប់ ឆ្នាំ​ហើយ​សោត​នៃ​បរិភោគ​អាហារ​កាន់​តែ​ច្រើន​ក្រៃ នា​ក្នុង​មួយ​ថ្ងៃ បី​ថាំង​អង្ករ ។ រី​ម្ដាយ​ឪពុក ចេះ​តែ​កើត​ទុក្ខ ភ័យ​តែ​ពីរ​ក្រ រី​ស្រូវ​ក្នុង​ស្រែ​កាន់​តែ​មិន​ល្អ ភ័យ​តែ​ពីរ​ក្រ ធ្វើ​ស្រូវ​​មិន​ទាន់​ទើប​មក​គិត​គ្នា បើ​ខំ​ទុក​វា ឃើញ​ថា​មិន​គ្រាន់ ពី​ដើម​យើង​មាន​ ឥឡូវ​យើង​កាន់ តែ​ថយ​ជាក់​ស្បាន់ សម្បត្តិ​ហិន​ក្រ ។ រី​ស្រូវ​ចម្ការ យូរ​ឆ្នាំ​ហើយ​ណា កាន់​តែ​មិន​ល្អ ទុក​វា​ធ្វើ​អ្វី នាំ​ឲ្យ​តែ​ក្រ សម្លាប់​ឲ្យ​មរណ អា​ចោរ​ចង្រៃ ។

បទ​ព្រហ្មគីតិ
ឪពុក​ហៅ​កូន​ហើយ        អាសាញ់​អើយ​មក​ឲ្យ​ឆាប់ !
ត្បិត​អញ​ចង់​ទៅ​គាប់    ឈើ​ព្រៃ​ភ្នំ​នោះ​ណា៎ ។
អាសាញ់​បាន​ឮ​ហើយ    ដើរ​ព្រងើយ​ប្រាប់​ឈើ​ផង ។
ថា​ម៉ែ​ដាំ​បាយ​រ៉ា        ដាំ​បាយ​ឆាប់​ពេក​កន្លង
ខ្ចប់​ឲ្យ​អាសាញ់​ហោង    ហើយ​អាសាញ់​ស្ដាយ​ដើរ​វៃ ។
ឪពុក​ថា​អាសាញ់        ខំ​ដើរ​ខ្មាញ់​អា​ចង្រៃ
ហើយ​ក្រែង​មិន​ទាន់​ថ្លៃ    នឹង​វិល​វឹង​មិន​ទាន់​ហោង ។
លុះ​ចរ​យាត្រា​ទៅ        ដល់​ព្រៃ​ជ្រៅ​ដុងដែន​ដង
ឃើញ​ឈើ​មួយ​ធំ​ផង    ធំ​ចំនួន​បី​ឱប​តឹង ។

អាសាញ់​ព្យួរ​បាយ​ហើយ    ឈរ​ព្រងើយ​ធ្វើ​មិន​ដឹង
ឪពុក​ប្រឹង​សម្លឹង        ធ្វើ​ទ្រមឹង​ទ្រមក់​នៅ ។
ឪពុក​ហៅ​ថា​នៃ        អា​កុំ​ប្រែ​ឈរ​សៅ​ដៅ
អញ​កាប់​ឈើ​នឹង​ទៅ    ចាំ​ទទួល​វើយ​ខំ​ប្រឹង។
ឪពុក​ប្រឹង​តែ​កាប់        ប្រុង​សម្លាប់​អាសាញ់​ហ្នឹង
អាសាញ់​ឈរ​សម្លឹង        ស្ទុះ​ទៅ​ទ្រ​ឈើ​នោះ​ណា៎ ។
ឪពុក​ស្រែក​ថា​វ៉ី        ខំ​ឃ្មាតខ្មី​ណា៎​អា​វ៉ា
ឈើ​នេះ​ធ្វើ​ទូក​ក្ដារ        កុំ​ឲ្យ​បែក​បាក់​ឡើយ​វ៉ី ។
ឯ​ឈើ​បាក់​សង្កត់        អាសាញ់​ស្រុត​លិច​ក្នុង​ដី
ឪពុក​ស្រែក​ថា​ថ្វី        ម្ដេច​ក៏​លិច​បាត់​ទៅ​ហើយ ។
គិត​ស្រេច​ហើយ​យាត្រា    ដើរ​ម្នីម្នា​មក​កន្តើយ
ថា​វា​ស្លាប់​ទៅ​ហើយ        កាល​ណា​នឹង​រស់​ឡើង​វិញ ។

ដើរ​មក​ធ្វើ​ព្រងើយ        ភ្លេច​បាយ​ហើយ​ពុំ​នឹក​មិញ
ពុំ​ត្រឡប់​វិល​វិញ        ទៅ​យក​បាយ​មក​ស៊ី​ឡើយ ។
គាត់​ដើរ​ចិត្ត​នឹក​គិត        ក្នុង​គំនិត​គាត់​ជា​ត្រើយ
ពុំ​បាន​នឹក​បាយ​ឡើយ    ចេះ​តែ​គិត​ក្នុង​ឥន្ទ្រិយ ។
កាល​ពី​ដើម​មក​នៃ        អញ​នឹក​ភ័យ​តែ​ពី​ស៊ី
ឥឡូវ​គ្មាន​គ្នា​គ្នី        មក​តាម​ស៊ី​បំផ្លាញ​ឡើយ ។
ពុំ​ដឹង​ខ្លួន​នឹង​ស្លាប់        ពៀរ​សម្លាប់​គេ​នោះ​ហើយ
គេ​ពុំ​ស្លាប់​សោះ​ឡើយ    ពៀរ​នោះ​ហើយ​ស្លាប់​ខ្លួន​ឯង ។
ដើរ​មក​រក​លំនៅ        វង្វេង​ផ្លូវ​ដាច់​សង្វែង
អត់​បាយ​ស្វិត​ពោះ​ធេង    ប្រាំ​ពីរ​ថ្ងៃ​ក្ស័យ​ជន្មា ។
នឹង​ថ្លែង​ហក់​ទៅ​វិញ        ឯ​ចៅ​សាញ់​នៅ​កំព្រា
ងើប​រួច​ឡើង​ម្នីម្នា        រក​បិតា​ពុំ​ឃើញ​ឡើយ ។
ប្រឹង​ស្រែក​ដង្ហោយ​ហៅ    ថា​ឱ​ឪ! ទៅ​ណា​ហើយ
អញ្ជើញ​មក​ឪ​អើយ !    មក​បរិភោគ​អាហារ​ហោង ។

ស្រែក​ហៅ​ពុំ​ឮ​ឆ្លើយ        ទុក្ខ​ពុំ​ស្បើយ​ឱរា​រង
ទើប​វិល​មក​វឹង​ផ្គង        យក​អាហារ​បរិភោក្ដា ។
រួច​ហើយ​ទើប​ក្រោក​ដើរ    ទៅ​មក​ឈើ​លី​លើ​ស្មា
ទំហំ​បី​ឱប​ណា៎        លី​លើ​ស្មា​ហើយ​ដើរ​ទៅ ។
រេ​រក​ផ្លូវ​ទៀត​ណា៎        ឯក​អង្គា​ម្នាក់​ឯង​កូវ
ឥត​គ្នា​ជា​ពីរ​នៅ         គ្រាន់​ដើរ​ទៅ​រក​មណ្ឌល ។
រី​ផ្លូវ​ដែល​ដើរ​មក        ឥឡូវ​រក​ក៏​ពុំ​យល់
ចេះ​តែ​ដើរ​វិល​វល់        អំពល់​ក្នុង​ព្រៃ​ព្រឹក្សា ។

បទ​មណ្ឌោកគតិ
ចៅ​សាញ់​ដើរ​ទៅ        រក​ទី​លំនៅ​អាត្មា
ពុំ​ឃើញ​ឡើយ​ណា៎        វង្វេង​ក្នុង​ព្រៃ​វក់វី ។
នឹង​ថ្លែង​តទៅ            ឯ​ម្ដាយ​និត្យ​នៅ​ផ្ទះ​ខ្មី
ចាំ​មើល​ផ្លូវ​ប្ដី            ពុំ​ឃើញ​បាត់​ទាល់​ល្ងាច​ណា៎ ។
ចេះ​តែ​ទន្ទឹង            សញ្ជប់​សញ្ជឹង​ខ្លោច​ផ្សា
ព្រួយ​ក្នុង​ចិន្ដា            ពុំ​បាន​និទ្រា​តិច​ឡើយ ។
ឮ​មាន់​រងា            ស្មាន​ថា​ប្ដី​ហៅ​គិត​ឆ្លើយ
បើក​ទ្វារ​ឡើង​ហើយ        រក​មើល​ពុំ​ឃើញ​ឡើយ​ណា៎ ។
ស្ដាប់​ជាក់​ជា​មាន់        ក្នុង​ចិត្ត​ក្នាញ់​គ្នាន់​សោះ​សា
ថា! ឱ​អនិច្ចា            អ្នក​ជា​ស្វាមី​ខ្ញុំ​នេះ ។

ក្ស័យ​ឬ​យ៉ាង​ណា        បាន​ជា​អ្នក​បាត់​ដល់​ម្ល៉េះ
ថ្ងៃ​មិញ​យប់​នេះ        ក៏​ពុំ​ទាន់​ឃើញ​មុខ​មាត់ ។
មើល​ផ្លូវ​បាត់​ហើយ        នាង​នៅ​ព្រងើយ​ស្ងៀម​ស្ងាត់
ហេតុ​ត្បិត​ប្ដី​បាត់        ស្ងៀម​ស្ងាត់​រក​ស៊ី​ទៅ​ណា ។
នេះ​នឹង​ថ្លា​ថ្លែង        និទាន​ចាយ​ចែង​ចរចា
ទៅ​ចៅ​សាញ់​ណា៎        ឯ​ការ​ដើរ​តែ​ក្នុង​ព្រៃ ។
ចេះ​តែ​ដើរ​ទៅ        ពុំ​ដែល​ដឹង​ផ្លូវ​ហើយ​នៃ
ដើរ​ត្រាច់​ក្នុង​ព្រៃ        រក​ផ្ទះ​ពុំ​ឃើញ​ឡើយ​ណា៎ ។
ឃើញ​តែ​ពួក​សត្វ        ក្នុង​ចិត្ត​ស្ងប់​ស្ងាត់​សោះ​សា
ថា​ឱ​អនិច្ចា!            អញ​អើយ​កំព្រា​ម្នាក់​ឯង ។
ឱ! សត្វ​ទាំង​ឡាយ        នៅ​សុខ​សប្បាយ​ឥត​ក្រែង
អញ​អើយ​តែ​ឯង        ហៅ​មហា​ចំបែង​ពុំ​ស្បើយ ។

មិន​ដូច​សត្វ​ផង        ច្រើន​ក្រៃ​កន្លង​ជា​ត្រើយ
មូល​នឹង​គ្នា​ហើយ        ដើរ​ទៅ​ឯណា​ច្រើន​ក្រៃ ។
អញ​ដើរ​តែ​ឯង        គិត​គ្រប់​ស្ញប់​ស្ញែង​ណាស់​ខ្មី
ក្រែង​សត្វ​អ្វីៗ            វា​មក​យា​យី​ពាធា ។
រីឯ​ដើម​ឈើ            ដែល​អញ​លី​លើ​ស្មា​ណា៎
បង្ការ​ទុក​ជា            ដើរ​តែ​ក្នុង​ព្រៃ​ឯក​អង្គ ។
នេះ​នឹង​ស្រដី            ទៅ​ឯ​បុរី​រាជ​រុង
មួយ​នាម​ឧត្តុង្គ        នគរ​ព្រះ​បាទ​ព្រហ្មទត្ត ។
ព្រះ​អង្គ​សោយ​រាជ្យ        មែន​មាន​អំណាច​ពេក​ក្ដាត់
គ្រង​អស់​រាស្ត្រ​រដ្ឋ        នៅ​ក្នុង​នគរ​ភូមិ​ស្រុក ។

ស្ដេច​សុខ​សប្បាយ        អស់​រាស្ត្រ​ទាំង​ឡាយ​ឥត​ទុក្ខ
ព្រះ​អង្គ​សឹង​សុខ        ពុំ​ដែល​មាន​ទុក្ខ​ភ័យ​សោះ ។
មនុស្ស​ផង​ច្រើន​ក្រៃ        សប្បាយ​សត្វ​ថ្ងៃ​ទាំង​អស់
ទោះ​ស្រី​ទោះ​ប្រុស        ស្រួល​ស្រុះ​ក្សេម​ក្សាន្ត​ចិន្ដា ។
ខ្លះ​លក់​ទំនិញ        អ្នក​ខ្លះ​សោត​ទិញ​គ្នា​ណា៎
ខ្លះ​កាត់​ថ្លៃ​ថា            បី​ទៀន​សាមសិប​ល្មម​ថ្លៃ ។
លក់​ដូរ​ទៅ​មក        រអែក​រអោក​សព្វ​ថ្ងៃ
ពុំ​ដែល​មាន​ភ័យ        ធ្លាប់​សុខ​រៀង​ៗ​មក​ណា៎ ។
មាន​កាល​មួយ​ថ្ងៃ        យក្ស​មួយ​កាច​ក្រៃ​សោះ​សា
ចិត្ត​វា​មោហោ            វា​នឹង​មរណា​មិន​ខាន ។
យក្ស​នោះ​ឯង​ណា៎        ចិត្ត​វា​ហាន​ក្លា​ក្នុង​ប្រាណ
ចង់​ស៊ី​ក្សត្រ​ក្សាន្ត        មិន​ដឹង​ខ្លួន​ស្លាប់​ឡើយ​ហោង ។

ទើប​យក្ស​មោហោ        ប្រាយ​ប្រាប់​ក្សត្រា​ជា​ម្ដង
ឲ្យ​រក​មនុស្ស​ផង        មក​ដាក់​សួយ​ឲ្យ​អញ​ថ្វាត់
បើ​ពុំ​ព្រម​ដាក់        សួយ​ឲ្យ​អញ​ជាក់​មធ្យ័ត
ទោះ​ទាំង​មហាក្សត្រ        អញ​ស៊ី​ពុំ​លែង​ឡើយ​ណា ។
យក្ស​ប្រាយ​ប្រាប់​ហើយ    វិល​វឹង​ព្រងើយ​សោះ​សា
ដល់​ស្ថាន​ហើយ​ណា៎    ម្នីម្នា​ចូល​ទៅ​វៃ​ៗ ។
កាល​ក្រោយ​យក្ស​ទៅ    ព្រះ​បាទ​ចោម​ចៅ​ស្ដេច​ភ័យ
ទាំង​រាស្ត្រ​មន្ត្រី        ប៉ុន្មាន​សឹង​ភ័យ​ពុំ​ស្បើយ ។
ខ្លះ​រត់​ម្នីម្នា            ប្រាប់​គ្នី​ប្រាប់​គ្នា​ជា​ត្រើយ
ថា​នៃ​វើយ​អើយ        កុំ​ទៅ​ណា​ឆ្ងាយ​ឡើយ​ណា៎ ។
អស់​មនុស្ស​ទាំង​ឡាយ    ភិត​ភ័យ​ប្រញាយ​សោះ​សា
ថា​ឱ​អនិច្ចា            ជា​ហេតុ​ប្រការ​កល​អ្វី ។

នាំ​គ្នា​កើត​ទុក្ខ            ពុំ​បាន​ទិញ​លក់​ឡើយ​នៃ
ចេះ​តែ​ភិត​ភ័យ        ខ្លាច​ក្ស័យ​ជីវិត​រាល់​គ្នា ។
ស្ដេច​ត្រាស់​ឲ្យ​ហៅ        អា​ធុង​ចូល​ទៅ​ម្នីម្នា
ត្រាស់​បន្ទូល​ថា        អា​ធុង​អញ​ចង់​ប្រើ​ឯង ។
ទៅ​ថ្លែង​ប្រាប់​យក្ស        ថា​អញ​ព្រម​ដាក់​សួយ​ស្នែង
ចាំ​ធ្វើ​កន្លែង            ប្រាំ​ពីរ​ថ្ងៃ​ទៀត​សិន​ហោង ។
ត្បិត​ឯង​ជា​អ្នក        ប្រាជ្ញា​ជៀង​ជាក់​ជា​ម្ដង
ឯង​ប្រាប់​វា​ផង        ដោយ​នូវ​ដំណើរ​អញ​ថា ។
អា​ធុង​ចង​ចាំ            នូវ​ព្រះ​បណ្ដាំ​រាជា
ទើប​បង្ខំ​លា            យាត្រា​វិល​វឹង​ទៅ​ថ្កាន ។
ដល់​មក​ផ្ទះ​ហើយ        ជា​ទុក​ពុំ​ស្បើយ​ក្នុង​ប្រាណ
ទើប​រិះ​គិត​ធ្យាន        អញ​យក​ប្រាជ្ញា​បទ​ណា ។

គិត​ស្រេច​ហើយ​នៃ        ចុះ​ដើរ​ទៅ​វៃ​សោះ​សា
រិះ​រក​ប្រាជ្ញា            ដោយ​នូវ​ឧបាយ​កល​ហោង ។
ដើរ​ទៅ​ហើយ​ណា៎        ដល់​ស្ថាន​យក្សា​ដូច​ប៉ង
ចរ​ចូល​ទៅ​ផ្គង        ដល់​ទី​លំនៅ​យក្ស​ស្រេច ។
ទើប​យក្ស​សួរ​ថា        ឯង​មក​មាន​ការ​ដូចម្ដេច
ដំណើរ​សេចគ្រេច        ដូចម្ដេច​ប្រាប់​អញ​ឲ្យ​ហើយ ។
អា​ធុង​ឆ្លើយ​ថា        បពិត្រ​បិតា​ខ្ញុំ​អើយ
អ្នក​ឯង​ជា​ត្រើយ        ខ្ញុំ​សូម​ជា​ឪពុក​ខ្ញុំ ។
ឥឡូវ​នេះ​នៃ            ព្រះ​មហាក្សត្រ​ថ្លៃ​ឧត្ដម
ព្រះ​អង្គ​ប្រើ​ខ្ញុំ            ឲ្យ​មក​ជម្រាប​លោក​ឪ ។
ព្រះ​អង្គ​ព្រម​ដាក់        សួយ​ឲ្យ​យើង​ដាក់​ហើយ​កូវ
ប៉ុន្តែ​ឲ្យ​ឪ            ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត​ហោង ។
ចាំ​ធ្វើ​សាលា            រួច​ស្រេច​ហើយ​ណា៎​ជា​ម្ដង
សូម​ឪ​ទៅ​ហោង        ព្រះ​អង្គ​ស្ដេច​ដាក់​សួយ​ឲ្យ ។

យក្ស​ស្ដាប់​ពាក្យ​ពេចន៍    អស់​អាថ៌​ស្រេច​ដូច្នេះ​ហើយ
អា​ឯង​កុំ​ស្បើយ        ហេតុ​ពៀរ​វេរា​អាត្មា ។
នឹង​ក្ស័យ​ជីវិត            ខ្លួន​ឯង​ពុំ​គិត​ណា៎
ហេតុ​ចិត្ត​មោហោ        ដែល​វា​ប្រមាថ​ស្ដេច​ហោង ។
ទើប​យក្ស​មោហោ        ប្រាប់​អា​ធុង​ឡើយ​ថា​ជា​ម្ដង
អញ​ព្រម​ដែរ​ហោង        ឯង​វិល​ទៅ​ទូល​ស្ដេច​ចុះ ។
យក្ស​ប្រាប់​ស្រេច​ហើយ    គិត​ពុំ​លង់​ឡើយ​កាល​នោះ
ទើប​អា​ធុង​ឆ្ពោះ        លា​យក្ស​មក​ផ្ទះ​អាត្មា ។
មក​ដល់​ផ្ទះ​ហើយ        ពិត​ពុំ​លង់​ឡើយ​ម្នីម្នា
ចរ​ចុះ​យាត្រា            ទៅ​ទូល​ព្រះមហាក្សត្រ​ថ្លៃ ។
ទៅ​ដល់​ហើយ​ណា៎        ក្រាប​ទូល​ក្សត្រា​ជៀស​ជ័យ
ឥឡូវ​នេះ​នៃ            យក្ស​នោះ​វា​ព្រម​ហើយ​ណា៎ ។

ស្ដេច​ទ្រង់​ជ្រាប​ហើយ    ពិត​ពុំ​លង់​ឡើយ​ក្សត្រា
ប្រាប់​អស់​សេនា        ឲ្យ​រៀប​អស់​គ្រឿង​ប្រដាប់ ។
នឹង​សង់​សាលា        ប្រាំ​ពីរ​ថ្ងៃ​ណា៎​ឲ្យ​ឆាប់
ឲ្យ​បាន​ប្រញាប់        នៅ​ក្នុង​កំណត់​ប៉ុណ្ណោះ ។

បទ​ពំនោល
កាល​នោះ​ព្រះបាទ​ក្សត្រា បង្គាប់​សេនា ស្រេច​ហើយ​ក៏​យាង​ចូល​ទៅ ។ សេនា​ថយ​ចេញ​ទៅ​ក្រៅ​ ទើប​បង្គាប់​ទៅ អស់​ទាំង​ភ្នាក់​ងារ​ទាំង​ឡាយ ។ ឲ្យ​នាំ​ឈើ​ចូល​មក​ថ្វាយ ត្បិត​ព្រះ​ឆោម​ឆាយ ព្រះ​អង្គ​ឲ្យ​ធ្វើ​សាលា ។ ភ្នាក់​ងារ​ស្ដាប់​ព្រះ​អាជ្ញា ហៅ​គ្នា​ម្នីម្នា នាំ​ឈើ​ចូល​មក​ឆាប់​វៃ ។ ទើប​ធ្វើ​ឲ្យ​ឆាប់​ឲ្យ​រួច​ដូច​ព្រះ​អាជ្ញា ។ ខំ​ធ្វើ​ប្រញាប់​ម្នីម្នា លុះ​រួច​សាលា ទើប​ចូល​ទៅ​ក្រាប​ទូល​ហោង។ ព្រះបាទ​ព្រហ្មទត្ត​ច្បាស់​ច្បង ទ្រង់​ជ្រាប​ហើយ​ហោង ឲ្យ​ហៅ​អា​ធុង​ចូល​ទៅ ។ អមាត្យ​រត់​ដល់​លំនៅ អា​ធុង​ហើយ​ហៅ ប្រាប់​ទៅ​ដូច​ព្រះ​ឱង្ការ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា ឲ្យ​ទៅ​ម្នីម្នា ឥឡូវ​ដូច​ព្រះ​ប្រញប្ដិ ។ អា​ធុង​នោះ​បាន​ស្ដែង​ស្ដាប់​ព្រះ​បន្ទូល​ប្រាប់ ប្រញាប់​រៀប​អង្គ​អាត្មា ។ ចរ​ចុះ​ដើរ​ទៅ​ម្នីម្នា ដល់​ចុង​រោង​ណា៎ ក្រាប​ថ្វាយ​បង្គំ​ក្សត្រ​ថ្លៃ ។ ទ្រង់​ទត​ទ្រង់​ត្រេក​អរ​ក្រៃ ទ្រង់​បន្ទូល​វៃ ថា​ឯង​រក​មនុស្ស​ដាក់​សួយ ។ មនុស្ស​ដែល​មាន​ទោស​ដល់​មួយ ជីវិត​កុំ​ព្រួយ​ដាក់​សួយ​មួយ​ថ្ងៃ​ម្នាក់​ហោង ។ អា​ធុង​ក្រាប​លា​ជា​ម្ដង​យក​មនុស្ស​ទោស​ផង ដាក់​សួយ​ដូច​ព្រះ​បង្គាប់ ។ រួច​ហើយ​ថយ​ចេញ​ប្រញាប់ វិល​វឹង​ក្រឡាប់ ដើរ​មក​ផ្ទះ​ទាំង​ភ័យ​ភ្ញាក់ ។

នឹង​ថ្លែង​ត​តែង​ជៀងជាក់ ទៀត​ទៅ​ឯ​យក្ស អបលក្ខណ៍​ចោរ​កាច​ពេក​ក្រៃ ។ លុះ​ដល់​គម្រប់​គ្រប់​ថ្ងៃ យក្ស​ចោរ​ចង្រៃ មោហោ​ក្លា​កាច​អប្រិយ ។ មក​ដល់​សាលា​ហើយ​ខ្មី ចូល​ឆាប់​ម្នាម្នី ហែក​ស៊ី​សាច់​មនុស្ស​នោះ​ទៅ ។ តែ​សព្វ ៗ ថ្ងៃ​និត្យ​នៅ លុះ​បាន​ដល់​ទៅ ប្រាំ​ថ្ងៃ​នោះ​ឯង​ហោង​ណា៎ ។ យើង​ស្លេះ​ពុំ​ទាន់​ចរចា នេះ​នឹង​ថ្លែង​ថា ទៅ​ឯ​ចៅ​សាញ់​ជា​ត្រើយ ។ មក​ដល់​ចុង​ស្រុក​នោះ​ហើយ ព្រួយ​ប្រាណ​ពុំ​ស្បើយ បី​ខែ​ប្រាកដ​ជា​ម្ដង ។ អត់​បាយ​ដើរ​តែ​ឯង​ផង បី​ខែ​ហើយ​ហោង ដើរ​តែ​ក្នុង​ព្រៃ​ជាក់​ស្ដែង ។ គន់​គិត​ក្នុង​ចិត្ត​ខ្លួន​ឯង ថា​អ្នក​ណា​តែង សាលា​ដាក់​ទាន​នៅ​នេះ ។ ហើយ​នឹក​ថា​ភ័ព្វ​អញ​អេះ បាន​សាលា​នេះ គ្រាន់​ឈប់​អាស្រ័យ​ជា​ម្ដង ។ លុះ​ដើរ​ដល់​សាលា​ហោង ទម្លាក់​ឈើ​ផ្គង ក៏​ឮ​សន្ធឹក​ខ្លាំង​ក្រៃ ។ នឹង​ថ្លែង​ទៅ​អា​ធុង​នៃ ឮ​សព្ទ​លាន់​ព្រៃ នឹក​ថា​សន្ធឹក​សព្ទ​អ្វី ។ គិត​ស្រេច​ទើប​ចុះ​ទៅ​ដី ដើរ​ទៅ​ឆាប់​ខ្មី ក៏​ឃើញ​អា​សាញ់​ក្រអេះ ។ ហើយ​នឹក​ថា​អា​ចោរ​នេះ មក​ពី​ណា​អេះ គួរ​អញ​ដណ្ដឹង​សួរ​វា ។ គិត​ស្រេច​ហើយ​ចរ​យាត្រា ទៅ​ដល់​សាលា ក៏​ឃើញ​នូវ​ឈើ​នោះ​ហោង ។ ឃើញ​ធំ​ពន់​ពេក​កន្លង គួរ​ខ្លាច​ជា​ម្ដង គួរ​យក​គេ​ជា​ក្លើ​អញ ។ គិត​ស្រេច​ឡើង​ទៅ​ឃ្មាត​ខ្មាញ់ ហៅ​ថា​សំឡាញ់ ឯង​មក​ពី​ស្ថាន​ឯណា ។

អាសាញ់​ឮ​ហើយ​ឆ្លើយ​ថា ដោយ​នូវ​កិច្ចា អាត្មា​ក៏​ឃ្លាន​បាយ​ផង ។ រីឯ​ខ្លួន​អញ​នេះ​ហោង ពុំ​ដឹង​ស្រុក​ផង ដើរ​តែ​ក្នុង​ព្រៃ​ទេ​ណា៎ ។ បី​ខែ​លំបាក​អាត្មា​ ទោះ​ទាំង​ភោជនា នោះ​ក៏​ពុំ​បាន​បរិភោគ ។ ពុំ​ដឹង​ទីស្ថាន​ផ្លូវ​ជ្រក ចេះ​តែ​ដើរ​មក ទើប​ឃើញ​សាលា​នេះ​ណា៎ ។ នឿយ​ណាស់​ចូល​ឈប់​សិន​រ៉ា នៅ​ក្នុង​សាលា សម្រាក​កម្លាំង​សិន​ហោង ។ ចាំ​តែ​បាត់​ក្ដៅ​រោយ​ខ្នង នឹង​យាត្រា​ផ្គង ទៅ​រក​លំនៅ​ជា​ត្រើយ ។ រីឯ​អា​ធុង​ឆ្លាស់​ឆ្លើយ ថា​សំឡាញ់​អើយ ចូរ​ឯង​ទៅ​នៅ​នឹង​អញ ។ ទោះ​ទាំង​បាយ​ទឹក​នេះ​មិញ ធានា​នូវ​អញ នឹង​ចិញ្ចឹម​ឯង​ជា​ម្ដង ។ អាសាញ់​ឆ្លាស​ឆ្លើយ​វឹង​ស្នង ថា​អញ​នេះ​ហោង បរិភោគ​អាហារ​ច្រើន​ក្រៃ ។

អា​ធុង​ថា​អញ​សង្ស័យ ឯង​ស៊ី​សព្វ​ថ្ងៃ មួយ​ថ្ងៃ​តើ​អស់​ប៉ុន្មាន ។ អាសាញ់​ឆ្លាស់​ឆ្លើយ​វឹង​ថ្កាន អញ​ស៊ី​ប្រមាណ តិច​ទេ​មួយ​ថ្ងៃ​បី​ថាំង ។ អង្ករ​សម្រិត​សម្រាំង មួយ​ថ្ងៃ​បី​ថាំង នោះ​ឯង​ទើប​បាន​គ្រាន់​អញ ។ អា​ធុង​ឆ្លើយ​ថា​អា​សំឡាញ់ ធានា​នូវ​អញ ចិញ្ចឹម​រក្សា​ឯង​ហោង ។ អាសាញ់​ព្រម​តាម​ជា​ម្ដង ហើយ​ចុះ​ទៅ​ផ្គង ជា​មួយ​នឹង​អា​ធុង​ណា៎ ។ លើក​ឈើ​លី​ទៅ​សោះ​សា ហើយ​ចរ​យាត្រា ម្នីម្នា​ទៅ​ផ្ទះ​អា​ធុង ។ ដល់​ឃើញ​ទម្លាក់​ឮ​ក្នុង មុខ​ផ្ទះ​អា​ធុង ក៏​បែក​ខ្ចាត់​ខ្ចាយ​ពី​គ្នា ។ អា​ធុង​ប្រាប់​ទៅ​ភរិយា នូវ​អស់​មនុស្ស​ម្នា ឲ្យ​រក​បាយ​បី​ខ្ទះ​ត្នោត ។ អស់​ខ្ញុំ​ដណ្ដាំ​បាយ​សោត បាន​បី​ខ្ទះ​ត្នោត ស្រេច​ឲ្យ​អាសាញ់​បរិភោគ ។ សម្ល​ស្ល​បន្លែ​ឃ្លោក អាសាញ់​បរិភោគ បី​ខ្ទះ​ក៏​អស់​ទៅ​ហោង ។ រី​មនុស្ស​ម្នា​នោះ​ផង ។ សឹង​ស្ញែង​កន្លង ព្រោះ​បរិភោគ​ច្រើន​ក្រៃ ។ ព្រឹក​ល្ងាច​លុះ​បាន​ពីរ​ថ្ងៃ​កម្លាំង​ច្រើន​ក្រៃ ។ ដូច​កាល​ពី​ដើម​ជៀងជាក់ ។

នឹង​ថ្លែង​ចែង​ទៅ​ឯ​យក្ស កំណត់​វា​ជាក់ ជា​ក្ស័យ​ក្នុង​ថ្ងៃ​នោះ​នៃ ។ រសៀល​ព្រះសុរិយា​ទ័យ រី​អា​សាញ់​នៃ បរិភោគ​បាយ​រួច​ហើយ​ហោង ។ ទើប​អា​ធុង​ប្រាប់​ដើម​ទង អាសាញ់​ជា​ម្ដង អញ​ប្រើ​ឯង​ទៅ​ទារ​ប្រាក់ ។ ត្បិត​ឪ​អញ​គាត់​ជំពាក់ ឯង​ទៅ​ទារ​ប្រាក់ យក​មក​គ្រាន់​ទិញ​ស្រូវ​ស៊ី ។ បន្តិច​គាត់​មក​ឯ​ទី សាលា​នោះ​ខ្មី ឯង​នៅ​ចាំ​គាត់​មុខ​ណា៎ ។ អាសាញ់​បាន​ស្ដាប់​បញ្ជា ទើប​ចរ​យាត្រា ទៅ​ឯ​សាលា​នោះ​នៃ ។ លុះ​ថ្ងៃ​ប៉ប្រះ​មាត់​ព្រៃ យក្ស​ចោរ​ចង្រៃ ហោះ​មក​ចាប់​មនុស្ស​ភោក្ដា ។ យក្ស​យង់​មក​ដល់​សាលា ឡើង​ឆាប់​ម្នីម្នា ដល់​ទៅ​មាត់​ទ្វារ​នោះ​ហើយ ។ អាសាញ់​ពុំ​ផ្សូរផ្សង​ឡើយ ថា​នៃ​ឪ​អើយ អា​ធុង​វា​ឲ្យ​ទារ​ប្រាក់ ។ យក្ស​ថា​ជំពាក់​ប្រាក់​អ្វី អញ​ពុំ​មាន​ក្ដី ជំពាក់​ប្រាក់​កាស​នរណា ។ អាសាញ់​ឆ្លាស់​ឆ្លើយ​ទៅ​ថា អា​ធុង​ចរចា ថា​ឪ​ជំពាក់​ជា​ម្ដង ។

ប្រាក់​មួយ​កន្តាំង​នោះ​ហោង ហេតុ​នោះ​ជា​ម្ដង​ទើប​វា​ប្រើ​ខ្ញុំ​មក​ទារ ។ យក្ស​ស្ទាប់​ពុំ​ចេញ​ចរចា ស្ទុះ​ទៅ​ប្រវា ចាប់​នូវ​អាសាញ់​ខ្ជាប់​ហើយ ។ ច្របាច់​ក​មិន​លែង​ឡើយ ទើប​អាសាញ់​ឆ្លើយ ថា​ឪ​លែង​អញ​ចេញ​រ៉ា ។ លេង​អ្វី​ដៃ​ធ្ងន់​ម្ល៉េះ​ណា៎ លែង​អញ​ឆាប់​រ៉ា លេង​ម្ដេច​ដៃ​ធ្ងន់​អម្បាយ ។ ឲ្យ​លែង​មិន​លែង​គេ​ងាយ ច្របាច់​ស្ទើរ​ធ្លាយ បំពង់​ក​គេ​ជា​ម្ដង ។ អាសាញ់​ប្រាប់​ទៅ​ច្រើន​ដង មិន​លែង​ឡើយ​ហោង ថា​នៃ​ឪ​លែង​អញ​ចេញ ។ បន្តិច​ត្រូវ​កំផ្លៀង​មិញ មិន​លែង​ក​ចេញ អញ​ទះ​កំផ្លៀង​ឥឡូវ ។ កុំ​លេង​ដៃ​ធ្ងន់​ពេក​កូវ ទើប​ថា​នៃ​ឪ លែង​អញ​ឲ្យ​ឆាប់​ម្នីម្នា ។ យក្ស​ស្ដាប់​ពុំ​លែង​ឡើយ​ណា៎ ខំ​តែ​ប្រវា កាច់​ក​ឲ្យ​បាក់​ជា​ម្ដង ។ អាសាញ់​ក្រោធ​ក្រៃ​កន្លង អត់​ពុំ​បាន​ហោង ក៏​ទះ​នូវ​កំផ្លៀង​យក្ស ។ នោះ​ស្លាប់​ទៅ​ប្រាកដ​ជាក់ អាសាញ់​លោត​ធាក់ ថែម​ត្រូវ​មួយ​ចុង​ជើង​​ទៀត ។

ទើប​អាសាញ់​វា​ទៅ​ឆ្លៀត ស្ដាប់​ដង្ហើម​ទៀត ក៏​ផុត​ដង្ហើម​ជា​ត្រើយ ។ ខ្លួន​ក៏​ត្រជាក់​អស់​ហើយ​ទើប​គិត​ទៅ​ហើយ ថា​អា​នេះ​ស្លាប់​ហើយ​ណា៎ ។ គិត​ស្រេច​ចុះ​ពី​សាលា ដល់​ដី​ម្នីម្នា យាត្រា​ទៅ​ទាំង​អាធ្រាត្រ ។ ដើរ​ទៅ​ខំ​ស្រូត​ខ្មីឃ្មាត បើក​ទ្វារ​ឲ្យ​អញ​ទៅ​ផង ។ អញ​វិល​មក​វិញ​ហើយ​ហោង​បើក​ទ្វារ​ឲ្យ​ផង ត្បិត​មូស​វា​ខាំ​អញ​ណាស់ ។ ហៅ​ពីរ​បី​ដង​ស្រឡះ អា​ធុង​ពុំ​ច្បាស់ ភ្ញាក់​ឡើង​ខំ​ផ្ទៀង​ខ្មីឃ្មាត ។ នរណា​ហៅ​ទាំង​អធ្រាត្រ មាន​ការ​អ្វី​ទៀត ក៏​ហៅ​ទាំង​រាត្រី​ណា៎ ។ អាសាញ់​ឮ​ហើយ​ឆ្លើយ​ថា អញ​ហៅ​ទេ​ណា៎ បើក​ទ្វារ​ឲ្យ​អញ​ទៅ​ផង ។ អា​ធុង​ស្ដាប់​ជាក់​ហើយ​ហោង ទើប​គិត​កន្លង ថា​អញ​ប្រើ​ទៅ​ឲ្យ​ស្លាប់ ។ ម្ដេច​ឡើយ​វា​ប្រែ​ក្រឡាប់ ទៅ​ហើយ​មិន​ស្លាប់ ក៏​រស់​មក​វិញ​ជា​ម្ដង ។ ឬ​មួយ​ខ្មោច​អាសាញ់ លង​ឬ​មួយ​ម្ដេច​ម្ដង ក៏​យក​អង្ករ​បាច​ទៅ ។ អាសាញ់​ចេះ​តែ​ស្រែក​ហៅ នៅ​ឯ​ខាង​ក្រៅ មូស​ខាំ​ទះ​ស្ទើរ​រួយ​ដៃ ។ អា​ធុង​បាច​អង្គរ​វៃ ទាំង​អំបិល​នៃ ក៏​អស់​មួយ​ពាង​ទៅ​ហើយ ។ អាសាញ់​មិន​លែង​ហៅ​ឡើយ ចេះ​តែ​ហៅ​ហើយ ច្រើន​ដង​ច្រើន​គ្រា​ចៃ ៗ ។ ឆ្កែ​ព្រុស​លូ ៗ ឡៃ ។ អាសាញ់​ថា​ឆ្កែ អញ​ទេ​ឯង​ព្រុស​អញ​ថ្វី ។ អា​ធុង​បាន​ឮ​សំដី អាសាញ់​ហើយ​នៃ ក៏​ជឿ​ជាក់​ថា​រស់​មែន ។ បើក​ទ្វារ​ម្នីម្នា​មែន​ទែន ចុះ​ទៅ​អន​អែន កាន់​ចន្លុះ​បំភ្លឺ​ហើយ ។

ឃើញ​អាសាញ់​ជាក់​ជា​ត្រើយ អរ​ឯង​ឥត​ស្បើយ នឹក​ថា​អញ​បាន​ជា​ធំ ។ ទើប​បើក​ទ្វារ​របង​ធំ រួច​ហើយ​ក៏​សុំ អាសាញ់​ឲ្យ​ឡើង​គ្រឹហា ។ ទើប​សួរ​ទៅ​អាសាញ់​ថា ដូច​ម្ដេច​ឬ​អា សាញ់​ឯង​ទៅ​ទារ​ប្រាក់​នោះ ។ អាសាញ់​ប្រាយ​ប្រាប់​ទៅ​ស្មោះ ថា​ឪ​ឯង​នោះ ម្ដេច​ក៏​កាច​ក្រៃ​កន្លង ។ អញ​ប្រាប់​ទៅ​គាត់​ច្រើន​ដង ថា​ពី​ឯង​ហោង ឲ្យ​មក​ទារ​ប្រាក់​នោះ​ណា៎ ។ គាត់​ស្ដាប់​ហើយ​គាត់​ឆ្លើយ​ថា ដោយ​នូវ​វាចា សំឡេង​គាត់​នោះ​ធំ ៗ ។ គាត់​ថា​ឯ​អញ​នេះ​ពុំ ដែល​ធ្លាប់​ទៅ​ជំ- ពាក់​ប្រាក់​របស់​នរណា ។ ថា​ហើយ​ស្ទុះ​មក​ប្រវា ចាប់​ក​អញ​ណា៎ ច្របាច់​ស្ទើរ​តែ​នឹង​បែក ។ បំពង់​ក​ស្ទើរ​រហែក អញ​ប្រឹង​តែ​ស្រែក គាត់​ប្រឹង​ច្របាច់​ខ្លាំង​លន់ ។ អញ​ក្រេវ​ក្រោធ ក្រៃ​ពេក​ពន់ គាត់​រឹត​ដៃ​ធ្ងន់ អញ​អត់​ពុំ​បាន​ឡើយ​ណា៎ ។ អញ​ទះ​កំផ្លៀង​ដួល​ផ្ងារ នៅ​លើ​សាលា ក៏​ស្លាប់​តាយ​ហោង​ទៅ​ហើយ ។ អា​ធុង​ស្ដាប់​ជាក់​ជា​ត្រើយ អរ​ឯង​ពេក​ហើយ​ ទើប​បញ្ឆោត​ទៅ​អាសាញ់ ។ ថា​នៃ​អា​ឯង​នឹង​អញ នេះ​ជា​សំឡាញ់ នឹង​គ្នា​ប្រក្រតី​មក​នៃ ។ យក្ស​នោះ​របស់​ក្សត្រ​ថ្លៃ ម្ដេច​ក៏​ហ៊ាន​ក្រៃ ដល់​វាយ​ឲ្យ​វា​មរណា ។ ណ្ហើយ​ចុះ​បើ​ច្នោះ​ចូរ​អា ទៅ​អូស​យក្សា នោះ​ចោល​ចេញ​ឲ្យ​បាត់​ទៅ ។ កុំ​បី​អា​ទុក​វា​នៅ ក្នុង​ស្រុក​នេះ​កូវ ក្រែង​គេ​ដើរ​ទៅ​ឃើញ​ណា៎ ។

សឹម​អញ​ទៅ​ទូល​ក្សត្រា ឲ្យ​ទ្រង់​មេត្តា ករុណា​អត់​ទោស​អា​ម្ដង ។ ទោះ​ព្រម​មិន​ព្រម​ក្ដី​ហោង អញ​នឹង​ទូល​ស្នង ដោយ​នូវ​សេចក្ដី​នេះ​ណា៎ ។ អាសាញ់​ស្ដាប់​ហើយ​យាត្រា ទៅ​ឯ​សាលា អូស​ខ្មោច​យក្សា​ចៅ​ទៅ ។ ទើប​យាត្រា​វិល​វិញ​កូវ ដល់​ផ្ទះ​ដែល​នៅ ឡើង​ទៅ​និទ្រា​ហើយ​ណា៎ ។ លុះ​ដល់​រស្មី​សុរិយា រះ​ឡើង​កាល​ណា អា​ធុង​ភ្ញាភ្ញាក់​ហើយ​ហោង ។ លប់​មុខ​រួច​ស្រេច​តែ​ម្ដង ទើប​តែង​ខ្លួន​ផង ស្រេច​ហើយ​ចុះ​ពី​ផ្ទះ​ទៅ ។ ដើរ​ដល់​ទៅ​ចុង​រោង​ក្រៅ ព្រះ​បាទ​ចម​ចៅ ព្រះ​អង្គ​យាង​ចេញ​មក​ហោង ។ អា​ធុង​ក្រាប​ទូល​ជា​ម្ដង បពិត្រ​ច្បាស់​ច្បង តាម​តែ​ទ្រង់​ព្រះ​មេត្តា ។ រី​ឯ​ក្រុង​យក្ស​មោហោ នោះ​ខ្ញុំ​ករុណា បាន​វាយ​វា​ស្លាប់​ទៅ​ហើយ ។ ព្រះ​អង្គ​ត្រាស់​វិញ​ជា​ត្រើយ បើ​ដូច្នោះ​ហើយ ឯង​ធ្វើ​ជា​ចៅហ្វាយ​ចុះ ព្រះ​អង្គ​ប្រទាន​ត្រា​ស្មោះ ទី​ចៅហ្វាយ​នោះ មក​ឲ្យ​អា​ធុង​ហើយ​ណា៎ ។ អា​ធុង​រៀប​អស់​ភ្ញីផ្កា​ថ្វាយ​បង្គំ​ងារ ទទួល​ត្រា​តាំង​ជា​ម្ដង ។ បរិបូណ៌​សូ​រេច​ហើយ​ហោង ទើប​វិល​វឹង​ផ្គង កាន់​ផ្ទះ​អាត្មា​វិញ​ណា៎ ។ ហើយ​ប្រាប់​ទៅ​អាសាញ់​ថា ព្រះ​មហា​ក្សត្រា ព្រះអង្គ​ពុំ​ព្រម​ឡើយ​នៃ ។ ដូច្នេះ​ឯង​វេះ​ទៅ​ព្រៃ ចាំ​យប់​សិន​នៃ សឹម​ឯង​វិល​មក​ផ្ទះ​ណា៎ ។ អាសាញ់​បាន​ស្ដាប់​វាចា អា​ធុង​ហើយ​ណា៎ ទើប​យាត្រា​ទៅ​ពួន​ព្រៃ ។

ពួន​ជិត​រន្ធ​សត្វ​បក្សី សម្មត​តាម​នៃ ហៅ​សត្វ​ឥន្ទ្រី​នោះ​ណា៎ ។ លុះ​ដល់​ព្រលប់​សុរិយា វិល​មក​គេ​ហា រក​បាយ​បរិភោគ​ស្រេច​ហើយ ។ ចូល​ទៅ​និទ្រា​ជា​ត្រើយ លុះ​ថ្ងៃ​ឡើង​ហើយ យក​បាយ​ទៅ​ស៊ី​ក្នុង​ព្រៃ ។ លុះ​នៅ​បាន​ប្រាំ​ពីរ​ថ្ងៃ ឯ​បុត្រី​ថ្ងៃ​ព្រះ​បាទ​ព្រហ្មទត្ត​រាជា ។ កើត​ក្ដៅ​ក្រហាយ​អង្គារ នៅ​វាំង​ពុំ​ជា ទ្រង់​ចង់​លើ​លា​លេង​ព្រៃ ។ ព្រោះ​គូ​នឹង​អាសាញ់​នៃ គិត​ស្រេច​ស្រី​ថ្លៃ ទៅ​លា​មាតាបិតា ។ ព្រះ​អង្គ​ព្រម​បើក​ហើយ​ណា៎ បង្គាប់​សេនា ឲ្យ​រៀប​អស់​ពល​សេនីយ៍ ។ សេនា​ស្ដាប់​តម្រាស់​ខ្មី ថយ​ចេញ​វៃ ៗ ទៅ​បង្គាប់​អស់​យោធា ។ ហើយ​រៀប​ព្រះ​រាជរថ នូវ​រាជ​អស្សា ទាហាន​ពល​ផង​សល់​សែន ។ អាមាត្យ​ជា​អ្នក​វៃ​ក្វែន រួត​រត់​មែន​ទែន ទៅ​ប្រាប់​ទាហាន​ឆាប់​វៃ ។ ទាហាន​រៀប​រួច​ហើយ​នៃ ខ្លះ​កាន់​ទង់​ជ័យ ខ្លះ​សោត​កាន់​លំពែង​ដាវ ។ អមាត្យ​ជា​ធំ​ចូល​ទៅ ទូល​ព្រះ​ចម​ចៅ បពិត្រ​រួច​ហើយ​ក្សត្រ​ថ្លៃ ។ ព្រះអង្គ​ទ្រង់​ជ្រាប​ហើយ​នៃ ត្រាស់​ទៅ​ឆាប់​វៃ នឹង​រាជបុត្រី​ពន្លក ។ នាង​ទៅ​ចូរ​ឆាប់​មក ណា៎​ស្ងួន​ពន្លក សំឡាញ់​នៃ​បិតា​ហោង ។ នាង​ស្ដាប់​ហើយ​នាង​ទូល​ស្នង ដល់​រសៀល​ហោង ខ្ញុំ​ម្ចាស់​យាត្រា​មក​វិញ ។ ទូល​ភ្លាម​ទើប​នាង​យាង​ចេញ ពល​ទាហាន​មិញ អញ្ជើញ​គង់​រាជរថា ។ រី​អស់​ស្នំ​ស្និទ្ធ​ស្នេហា សឹង​ជិះ​រថា ខ្លះ​ជិះ​រទេះ​ទឹម​គោ ។ ស្រេច​ហើយ​អស់​ពល​ផង​ហ៊ោ​ឮ​សព្ទ​ឆោឡោ លើក​ចេញ​ទៅ​ព្រៃ​ជា​ម្ដង ។
នេះ​នឹង​ថ្លា​ថ្លែង​ទៅ​ត្រង់ ត​ទៅ​ដល់​អង្គ ចៅ​សាញ់​និត្យ​នៅ​កំព្រា ។ ឃើញ​អស់​ទាំង​ពល​យោធា​ភ័យ​ក្រៃ​មហិមា ក្រែង​តែ​គេ​លើក​មក​ចាប់ ។ ភ័យ​ណាស់​រត់​ទៅ​ប្រញាប់ សម្ងំ​ពួន​ថ្កាប់ រន្ធ​សត្វ​ឥន្ទ្រី​នោះ​អេះ ។ រីឯ​ដំណើរ​ន័យ​នេះ យើង​នឹង​ឈប់​ស្លេះ នៅ​នេះ​ពុំ​ទាន់​ស្រដី​។
នឹង​ថ្លែង​ឯ​រាជ​បក្សី ដែល​នៅ​ក្នុង​ព្រៃ មើល​យល់​ក្សត្រី​សោភា ។ គង់​លើ​ព្រះ​រាជរថា ហើរ​មក​ម្នីម្នា ចុះ​ឆាប​យក​នាង​ទៅ​ហោង ។ រីឯ​ស្នំ​ស្និទ្ធ​ពល​ផង យល់​ដូច្នោះ​ហោង ក៏​ស្រែក​ប្រាប់​ទៅ​សេនា ។ អើ​អស់​លោក​អ្នក​រាល់​គ្នា ហ្ន​សត្វ​អ្វី​ណា៎ ឆាប​រាជ​ធីតា​ទៅ​ហើយ ។ សេនា​ភិត​ភ័យ​ធុំ​ស្បើយ លើក​គ្នា​តាម​ហើយ ក៏​ពុំ​ទាន់​សត្វ​នោះ​ណា ។ ប្រឹង​ស្រែក​ប្រទេច​ផ្ដាសា ដោយ​នូវ​ក្រោធា ខ្លះ​នាំ​គ្នា​អង្គុយ​យំ ។ ថា​ឪ​ម្ចាស់​ថ្លៃ​ឧត្ដម ម្ល៉េះ​សម​យើង​ខ្ញុំ នឹង​ក្ស័យ​ជីវិត​ពុំ​ខាន ។ ត្បិត​តែ​សត្វ​ចោរ​សាមាន្យ យក​ម្ចាស់​កល្យាណ ទៅ​បរិភោគ​មិន​លែង​ឡើយ ។ សេនា​ត្រឡប់​មក​ហើយ វិល​វឹង​ជា​ត្រើយ មក​ដល់​ក្នុង​វាំង​រាជា ។ ស្ដេច​ទត​ទៅ​យល់​ហើយ​ណា៎ ទើប​ត្រាស់​សួរ​ថា ម្ដេច​កូន​ពុំងា​ថ្លើម​ថ្លៃ ។ កូន​អញ​នាង​ទៅ​លេង​ព្រៃ សប្បាយ​ឬ​អ្វី ហេតុ​ម្ដេច​ទើប​ឆាប់​វិល​មក ។ សេនា​ផង​សឹង​យំ​សោក រអែក​រអោក​នឹក​ថា​នឹង​ក្ស័យ​ជីវិត ។ ទើប​ទូល​ទៅ​ទាំង​ភ័យ​ភិត ខ្លាច​ក្ស័យ​ជីវិត ញ័រ​មាត់​ញ័រ​ក​ប៉ប៉ាប់ ។ ទោះ​បី​ព្រះ​អង្គ​សម្លាប់ នោះ​ខ្ញុំ​សូម​ស្លាប់, ទុក​រស់​ជា​ខ្ញុំ​បាទា ។ រីឯ​នាង​នាថ​ធីតា ត្រូវ​សត្វ​បក្សា មួយ​នោះ​ឈ្មោះ​សត្វ​ឥន្ទ្រី ។ វា​មក​ឆាប​យក​ទៅ​ស៊ី ខ្ញុំ​នាំ​គ្នា​គ្នី លើក​តាម​ទៅ​មិន​ទាន់​វា ។ ព្រះអង្គ​ទ្រង់​ស្ដាប់​វាចា ញ័រ​ព្រះ​អង្គា សោក​ស្ដាយ​ព្រះរាជ​បុត្រី ។ ទើប​ត្រាស់​ដណ្ដឹង​ទៅ​ខ្មី ថា​ព្រឹក​ឡើង​វៃ ឯង​ទៅ​ប៉ាវ​គង​ម្នីម្នា ។ រក​អ្នក​ណា​មាន​រឹទ្ធា ទៅ​យក​ធីតា កូន​អញ​នោះ​បាន​មក​ហើយ ។ អញ​នឹង​អភិសេក​ជា​ត្រើយ ឲ្យ​សោយ​រាជ្យ​ហើយ កូន​អញ​ឲ្យ​ជា​ភរិយា ។ លុះ​ព្រឹក​ព្រាង​ព្រះ​សុរិយា អស់​ទាំង​សេនា ចាត់​មនុស្ស​ឲ្យ​ប៉ាវ​គង​ផង ។ ស្រែក​ដូច​បង្គាប់​ជា​ម្ដង រៀង ៗ ទៅ​ហោង ពុំ​មាន​នរណា​ឆ្លើយ​ថា ។ នឹង​ស្លេះ​ទុក​នៅ​សិន​រ៉ា យើង​នឹង​ចរចា ទៅ​ឯ​ចៅ​សាញ់​នោះ​ហោង ។ ហៀប​នឹង​ត្រឡប់​ជា​ម្ដង​ទើប​យាត្រា​ផ្គង មក​រក​លំនៅ​វិញ​ណា៎។ ទើប​អា​ធុង​សួរ​ទៅ​ថា អាសាញ់​កាល​គ្រា ឯង​ទៅ​បាន​ឃើញ​ឬ​អ្វី ។ នាង​នាថ​ដែល​សត្វ​ឥន្ទ្រី ឆាប​យក​ទៅ​ស៊ី ឯង​បាន​ឃើញ​ទេ​អាសាញ់ ។ អាសាញ់​ឆ្លាស់​ឆ្លើយ​ទៅ​វិញ វា​ឆាប​ថ្ងៃ​មិញ ចូល​រន្ធ​ត្រង់​មុខ​អញ​ឯង ។ អា​ធុង​សួរ​សោក​ឥត​ក្រែង បើ​ដូច្នោះ​ឯង ទៅ​យក​បាន​ឬ​ពុំ​បាន ។ អាសាញ់​ឆ្លាស់​ឆ្លើយ​ទៅ​ថ្កាន អញ​ទៅ​យក​បាន អញ​បាន​ចំណាំ​រន្ធ​វា ។ អា​ធុង​ឆ្លាស់​ឆ្លើយ​ទៅ​ថា បើ​ដូច្នោះ​ណា៎ ស្អែក​នាំ​អញ​ទៅ​យក​នៃ ។ លុះ​ព្រឹក​ព្រះសុរិយា​ទ័យ អា​ធុង​ឆាប់​វៃ ទៅ​ទូល​ព្រះ​មហា​ក្សត្រា ។ ថា​ធានា​ខ្ញុំ​ករុណា ទៅ​យក​ធីតា មក​ថ្វាយ​ព្រះមហាក្សត្រ​ថ្លៃ ។ ព្រះ​អង្គ​ទ្រង់​ជ្រាប​ហើយ​នៃ ទ្រង់​ត្រាស់​ថា​ហៃ អា​ធុង​បើ​ឯង​ទៅ​យក ។ នាង​នាថ​ធីតា​ពន្លក កូន​អញ​បាន​មក អញ​ឲ្យ​ឯង​សោយ​រាជ្យ​ហោង ។ រី​កូន​អញ​នោះ​ជា​ម្ដង អញ​ឲ្យ​ឯង​ផង ជាក់​ជា​ភរិយា​ឯង​ប្រាកដ លែង​តែ​បាន​ដូច​ថា ទាំង​រាស្ត្រ​ប្រជា​ក៏​ឲ្យ​ឯង​គ្រង​ប្រាកដ ។ អា​ធុង​ស្ដាប់​ហើយ​អរ​ក្ដាត់ បង្គំ​លា​ថ្វាត់ មក​ផ្ទះ​អាត្មា​វិញ​ហោង ។ មក​ដល់​លំនៅ​ដូច​ប៉ង ទើប​ប្រាប់​ទៅ​ផ្គង ថា​ហៃ​អាសាញ់​ចូរ​បា ។ នាំ​អញ​ទៅ​យក​ធីតា បើ​បាន​ដូច​ថា ក្សត្រា​ព្រះអង្គ​លែង​ទោស ។ ដែល​អា​សម្លាប់​យក្ស​នោះ ព្រះអង្គ​ត្រាស់​ឆ្ពោះ ថា​ឲ្យ​អាឯង​ទៅ​យក ។ បើ​បាន​នាង​នាថ​នោះ​មក​ព្រះ​អង្គ​ពុំ​យក ទោស​ដែល​ដែល​ឯង​វាយ​យក្ស​ស្លាប់ ។ ប្រាប់​ស្រេច​រក​រៀប​ប្រដាប់ សង្រែក​សម្រាប់ ប្រដាប់​ទ្រ​បាត​កញ្ជើ ។ មាន​ខ្សែ​ដាក់​យោង​ពី​លើ បង្ហូរ​កញ្ជើ ដាក់​ទៅ​ក្នុង​រណ្ដៅ​ណា៎ ។ រៀប​ស្រេច​ទើប​ចរ​យាត្រា លើក​ពល​សេនា​ទៅ​ក្នុង​ព្រឹក្សា​នោះ​នៃ ។ ដល់​ទៅ​មាត់​រន្ធ​បក្សី ទើប​ប្រាប់​ទៅ​ខ្មី ថា​វ៉ើយ​អា​ធុង​នោះ​ហើយ ។ អា​ធុង​ស្ដាប់​ជាក់​ជា​ត្រើយ រៀប​សង្រែក​ហើយ ចង​ខ្សែ​ដាក់​កញ្ជើ​ទៅ ។

បទ​ព្រហ្មគីតិ
រីឯ​រាជ​បក្សី                វា​ឆាប​ខ្មី​នាង​យក​ទៅ
ជួន​ឈ្មោល​វា​មិន​នៅ            វា​ពុំ​បាន​បរិភោក្ដា ។
ក្នុង​ចិត្ត​រាជ​បក្សី            វា​ចាំ​ប្ដី​វា​នោះ​ណា៎
វា​ពុំ​ទាន់​ភោក្ដា            ត្បិត​អាហារ​ត្រកាល​ក្ដាត់ ។
មិន​គឺ​ជា​សាច់​អ្វី            គឺ​សាច់​ស្រី​ជាតិ​ជា​ក្សត្រ
ប្ដី​អញ​ម្ដេច​ក៏​បាត់            គាត់​មិន​ទាន់​ឃើញ​មក​ខ្មី ។
អាសាញ់​ចុះ​ទៅ​ដល់            ក្នុង​មណ្ឌល​រាជ​បក្សី
ភ្នែក​គយ​គន់​រំពៃ            យល់​បក្សី​នៅ​នោះ​ណា៎ ។
រីឯ​រាជ​បក្សី                ស្មាន​ជា​ប្ដី​នៃ​អាត្មា
ទទួល​ឆាប់​សួរ​រ៉ា            ហើយ​ប្រាប់​ថា​ខ្ញុំ​ទៅ​ព្រៃ ។
ប្រទះ​នឹង​កូន​ស្ដេច            យាត្រា​ត្រាច់​មក​លេង​ព្រៃ
ខ្ញុំ​ស្ទុះ​ទៅ​ឃ្មាតខ្មី            ឆាប​ក្សត្រី​យក​មក​ណា៎ ។
ខ្ញុំ​ទុក​ចាំ​អ្នក​ឯង            មក​ពី​ស្វែង​រក​ភោជនា
ខ្ញុំ​មិន​ទាន់​ភោក្ដា            ចាំ​តែ​អ្នក​ឯង​មក​ទេ ។
អាសាញ់​ស្ដាប់​ហើយ​ណា៎        ទើប​ប្រាប់​ថា​មើល​មេ​ៗ
ហង​ស្លាប់​មិន​លែង​ទេ        ថា​នៃ​មេ​ស្លាប់​ចោល​ប្ដី ។
បក្សី​សោត​ស្ដាប់​ជាក់            ទើប​ភ្ញាភ្ញាក់​ខ្លួន​ថា​យី
មិន​មែន​ប្ដី​ទេ​វ៉ី                នេះ​ជាក់​ជា​មនុស្ស​ទេ​ណា៎ ។
ជា​ភ័ព្វ​អញ​ពេក​ក្រៃ            អ្នក​ដទៃ​គេ​សទ្ធា
ដាក់​មនុស្ស​មក​ទៀត​ណា៎        ជា​អាហារ​អញ​ឆ្ងាញ់​ក្រៃ ។
គិត​ស្រេច​ស្ទុះ​ទៅ​ឆាប់        ចៅ​សាញ់​ចាប់​បាន​ជើង​ដៃ
កន្ត្រាក់​មក​ឆាប់​វៃ            ហើយ​ក៏​កាច់​បំបាក់​ទៅ ។
ចៅ​សាញ់​ចុះ​ទៅ​ដល់        នាង​និមល​រូប​ឥត​សៅ
បែរ​បើក​ភ្នែក​មើល​ទៅ        ឃើញ​នាង​នៅ​អង្គ​ឯកា ។
ព្រះ​ភក្ត្រ​ក្សត្រី​ថ្លៃ            ក្រៀម​ក្រំ​ក្រៃ​ឥត​ឧបមា
នឹង​ដល់​ព្រះមាតា            ព្រះបិតា​នៅ​ឯនាយ ។
ចៅ​សាញ់​រំពឹង​ដល់            នាង​និមល​មិន​សប្បាយ
ទើប​មាន​ពាក្យ​អភិប្រាយ        លោក​កុំ​ឲ្យ​នាង​ភ័យា ។
ថា​ហៃ​ប្អូន​ពន្លក            បង​នេះ​មក​យក​ប្អូន​ភ្ងា
ទៅ​ថ្វាយ​ព្រះបិតា            ព្រះ​មាតា​ប្អូន​ឯនាយ ។
ចូរ​ប្អូន​មាស​កល្យាណ        នាង​កម្សាន្ត​ឲ្យ​សប្បាយ
បង​យក​ប្អូន​ទៅ​ថ្វាយ        ចូរ​នាង​ទៅ​នឹង​បង​រ៉ា ។
នាង​ស្ដាប់​ហើយ​ត្រេក​អរ        មាន​អំណរ​ឥត​ឧបមា
ចង់​ជួប​នឹង​បិតា            ចិត្ត​ស្នេហា​ចៅ​សាញ់​ពិត ។
នាង​ឆ្លើយ​ដោយ​ទំនង        ចិត្ត​នាង​ប៉ង​យក​ជា​មិត្ត
នាង​នាថ​រំពឹង​គិត            តែ​ក្នុង​ចិត្ត​នាង​នាថ​នៅ ។
នាង​ថា​ឱ​អ្នក​អើយ            អ្នក​ឯង​ហើយ​ជាក់​ជា​គូ
នឹង​ខ្ញុំ​មក​លង់​យូរ            ជា​គូ​ព្រេង​នឹង​គ្នា​ហើយ ។
ទើប​បាន​អ្នក​មក​ជួយ        ខ្ញុំ​មិន​ឲ្យ​ដល់​ស្លាប់​ឡើយ
រួច​ពី​សត្រូវ​ហើយ            យក​ខ្ញុំ​ទៅ​នគរា ។
នាង​ថា​ឱ​អ្នក​ថ្លៃ            មាន​គុណ​ក្រៃ​ឥត​គណនា
ឥត​អ្វី​នឹង​ឧបមា            ប្រៀប​នឹង​គុណ​អ្នក​នោះ​បាន ។
ថា​បើ​យើង​ទៅ​ដល់            ទី​មណ្ឌល​ព្រះ​រាជ​ស្ថាន
បាន​ជួប​នឹង​ក្សត្រ​ក្សាន្ត        ឯ​ធន​ធាន​មិន​ខ្វះ​អ្វី ។
កុំ​ថា​ទ្រព្យ​ធន​នោះ             ទោះ​ទ្រព្យ​ខ្ពស់​ប៉ុន្មាន​ក្ដី
ប្រាថ្នា​ចង់​បាន​អ្វី            តាម​តែ​អ្នក​ប្រាថ្នា​យក ។
ចៅ​សាញ់​ឆ្លាស់​ឆ្លើយ​ទៅ        ថា​ហៃ​ពៅ​ស្រស់​ពន្លក
ខ្លួន​បង​ប្រាថ្នា​មក            យក​ប្អូន​ទៅ​ថ្វាយ​បិតា ។
មាតា​នាង​ទន្ទឹង            ម្ល៉េះ​សម​នាង​សោយ​សោកា
នោះ​ទើប​បង​យាត្រា            មក​យក​ប្អូន​ទៅ​ថ្វាយ​ហោង ។
កុំ​ឲ្យ​ស្ដេច​បារម្ភ            កើត​ទុក្ខ​ធំ​ក្រៃ​កន្លង
ព្រះ​ទ័យ​ក្សត្រ​ច្បាស់​ច្បង        សោក​អាល័យ​ស្ងួន​ពុំ​ងា ។
កុំ​ប្អូន​ស្ងួន​ឧត្ដម            គិត​បារម្ភ​បង​ឡើយ​ណា៎
ឲ្យ​បាន​ស្ដេច​យល់​ភក្ត្រ        ប្អូន​វរលក្ខណ៍​ស្រស់​ឆោម​ឆាយ
ឲ្យ​ស្ដេច​បាន​សប្បាយ        ក្នុង​ព្រះ​កាយ​សុខ​ប្រសើរ ។
ទើប​លើក​នាង​ដាក់​ទៅ        ឲ្យ​ឋិត​នៅ​ក្នុង​កញ្ជើ
នាង​ថា​មក​ពី​លើ            រួច​ហើយ​តើ​អ្នក​ចាំ​អ្វី ។
ចៅ​សាញ់​ឆ្លើយ​ទៅ​ថា        ហៃ​ប្អូន​ភ្ងា​មាស​ពិសី
នាង​ទៅ​មុខ​ចុះ​ខ្មី            បង​ទៅ​ក្រោយ​ប្អូន​ប្រសើរ ។
នាង​ឆ្លើយ​ថា​ទេ​អ្នក            ក្រែង​គេ​ដាក់​តែ​កញ្ជើ
មិន​យក​អ្នក​ហើយ​តើ        បាន​នរណា​គេ​មក​យក ។
ចៅ​សាញ់​ឆ្លាស់​ឆ្លើយ​ទៅ        ថា​ហៃ​ពៅ​ស្រស់​ពន្លក
ថា​បើ​គេ​ពុំ​យក            បង​នេះ​ទៅ​ក៏​ហើយ​ចុះ ។
ឲ្យ​តែ​នាង​បាន​ទៅ            កុំ​ប្អូន​ពៅ​គិត​រើ​រុះ
ឯ​បង​ជា​កូន​ប្រុស            យ៉ាង​យូរ​ណាស់​ត្រឹម​បី​ខែ ។
ចៅ​សាញ់​រុញ​កញ្ជើ            អ្នក​ឯ​លើ​ចាប់​ទាញ​ខ្សែ
បាន​ដល់​មក​លើ​ឯ            ចៅ​សាញ់​នៅ​ក្នុង​រូង​សត្វ ។
លើក​នាង​មក​ដាក់​មក​លើ        ដោះ​កញ្ជើ​ប្រញាប់​ក្ដាត់
នាង​នាថ​ប្រាប់​ទៅ​ថ្វាត់        ថា​នែ​អ្នក​ម្ដេច​ដូច្នោះ ។
គ្នា​នៅ​ក្នុង​នោះ​នៃ            ស្រាវ​មក​អ្វី​ទទេ​នោះ
ម្ដេច​មិន​ទម្លាក់​ចុះ            យោង​យក​គ្នា​មក​ប្រញាប់ ។
អា​ធុង​ឆ្លើយ​ទៅ​ថា            យោង​ថ្វី​អា​ចោរ​មុខ​ងាប់
ទុក​ឲ្យ​វា​នៅ​ស្លាប់            ហើយ​ស្រែក​ថា​យើង​ឃ្មាតខ្មី ។
ចូរ​ទៅ​ឲ្យ​ឆាប់​រ៉ា            រួស​ម្នីម្នា​នៅ​ចាំ​អ្វី
ចូល​គាល់​ព្រះចក្រី            ឲ្យ​ក្សត្រ​ថ្លៃ​ទ្រង់​មេត្តា ។
អាសូរ​ប្រោស​ប្រណី            យើង​ទី​ទៃ​រាល់​ៗ​គ្នា
ទោះ​នឹង​ចង់​បាន​ងារ            ឬ​ទ្រព្យ​អ្វី​ក៏​សឹង​បាន ។
ទើប​លើក​ពល​វិល​ទៅ        ដល់​លំនៅ​រាជ​ស្ថាន
ហើយ​នាំ​នាង​កល្យាណ        ចូល​ទៅ​គាល់​ព្រះរាជា ។
ព្រះ​អង្គ​ទត​មក​យល់            នាង​និមល​បុត្រ​ពុំ​ងា
ទ្រង់​ត្រេក​អរ​ម្នីម្នា            ឱប​ប្រវា​ធីតា​ថ្លៃ ។
ទ្រង់​ព្រះ​កន្សែង​សោក        សែន​អមោក្ស​ពន់​ពេក​ក្រៃ
ថា​ឱ​កូន​មាស​ថ្លៃ            យើង​នឹង​ថា​ក្ស័យ​ទៅ​ហើយ ។
ឥឡូវ​កូន​ពន្លក            នាង​វិល​មក​បាន​ស្រាក​ស្បើយ
បាន​ជួប​បិតា​ហើយ            នូវ​មាតា​ស្ងួន​មាស​ថ្លៃ ។
រី​អស់​ស្នំ​ស្នេហា            សឹង​សោកា​រាល់​គ្នា​នៃ
ដោយ​ចិត្ត​គិត​អាល័យ        យំ​ស្ទើរ​ក្ស័យ​ជន្ម​ជីវិត ។
ឱ​មាស​ថ្លៃ​ឧត្ដម            សព្វ​ថ្ងៃ​ខ្ញុំ​ព្រួយ​ចិត្ត​គិត
ដល់​ម្ចាស់​ថ្លៃ​វរ​មិត្រ            ទន់​ស្រយុត​អស់​កាយា ។
ឥឡូវ​ម្ចាស់​មក​ដល់            ខ្ញុំ​បាន​យល់​ជាក់​ហើយ​ណា៎
សឹង​បាន​ស្បើយ​ទុក្ខា            បាន​បម្រើ​នៅ​ផ្គត់​ផ្គង់ ។
លុះ​ស្បើយ​ក្ដី​សោកា            នាង​យាត្រា​ទៅ​ឯ​ក្នុង
ប្រាសាទ​ដែល​នាង​គង់        នៅ​ជា​សុខ​សប្បាយ​ក្រៃ ។
ឯ​ព្រះ​បាទ​ព្រហ្មទត្ត            បន្ទូល​ថ្វាត់​នឹង​មន្ត្រី
ឲ្យ​សង់​រាជ​រោង​ជ័យ            នឹង​អភិសេក​ធីតា​ស្ងួន ។
ឲ្យ​មាន​របាំ​ណា៎            ដោយ​ភាសា​ខ្មែរ​ចិន​យួន
រៀប​ឲ្យ​នឹង​ក្បួន            តាម​របៀប​ច្បាប់​ព្រេង​នៃ ។
សេនា​ស្ដាប់​បន្ទូល            អរ​ស្រុះ​ស្រួល​ទទួល​វៃ
ចរ​ចេញ​មក​ទី​ទៃ            ប្រាប់​ភ្នាក់​ងារ​ការ​ដោយ​ឡែក ។
ឲ្យ​រៀប​រោង​របាំ            តាម​ចំណាំ​អភិសេក
ថ្ងៃ​នេះ​នូវ​ថ្ងៃ​ស្អែក            ហៅ​គ្នា​មក​ធ្វើ​ទៅ​ហោង ។

បទ​ពំនោល
អស់​ទាំង​សេនា​អឺងកង រៀប​ធ្វើ​រោង​ផង ទាំង​យប់​ទាំង​ថ្ងៃ​សោះ​សា ។ យើង​ស្លេះ​ពុំ​ទាន់​ចរចា​ថ្លែង​ត​ទៅ​ណា៎ ឯ​ចៅ​សាញ់​វិញ​ជា​ម្ដង ។ នៅ​ក្នុង​រន្ធ​សត្វ​នោះ​ហោង យូរ​ក្រៃ​កន្លង ជិត​ដល់​បី​ខែ​ហើយ​ណា៎ ។ ទើប​បាន​ក្ដៅ​ដល់​អាសនា សម្ដេច​ឥន្ទ្រា- ធិរាជ​ចម​ចៅ​ក្សត្រ​ក្សាន្ត ។ ទើប​ស្ដេច​បើក​ទិព្វ​ចក្ខុវិញ្ញាណ ព្រះ​នេត្រ ថ្កើង​ថ្កាន ក៏​ទត​មក​ដល់​ផែន​ដី ។ ទត​សព្វ​ភូមិ​ភព​បុរី ពុំ​មាន​យល់​អ្វី យល់​តែ​ចៅ​សាញ់​ជា​ម្ដង ។ បុណ្យ​មាន​បាន​សោយ​រាជ្យ​ហោង បារមី​កន្លង នឹង​បាន​ជា​ម្ដង​ប្រាកដ ។ អា​ធុង​នោះ​ឯង​កំណត់ អាយុ​សន្មត នឹង​អស់​ជន្មា​នោះ​ហោង ។ គិត​ស្រេច ស្ដេច​ហោះ​ចុះ​ផ្គង ដល់​ដី​ជា​ម្ដង ក៏​ប្រែ​កាឡា​ឆាប់​ក្រៃ ។ រំពេច​កើត​ជា​ពួរ​ជ្រៃ​សំយុង​ទៅ​នៃ ក្នុង​រណ្ដៅ​នោះ​ឯង​ណា៎ ។ ចៅ​សាញ់​ឃើញ​ហើយ​ប្រវា ពួរ​ជ្រៃ​នោះ​ណា៎ ក៏​តោង​ឡើង​មក​ដល់​លើ ។ យល់​ថ្ងៃ​រសៀល​ហើយ​តើ ទើប​ចរ​ចេញ​ដើរ​សំដៅ​ផ្ទះ​អា​ធុង​ពិត ។

រីឯ​ពួរ​ជ្រៃ​និម្មិត ព្រះឥន្ទ្រ​ប្រសិទ្ធិ ក៏​បាត់​ពុំ​ឃើញ​ឡើយ​ហោង ។ ដើរ​មក​ដល់​ទ្វារ​របង ផ្ទះ​អា​ធុង​ហោង ក៏​ឡើង​ទៅ​លើ​គ្រឹហា ។ ទើប​ប្រាប់​ទៅ​អា​ធុង​ថា អា​ធុង​អើយ​អា អញ​ឃ្លាន​បាយ​​ពេក​ណាស់​នៃ ។ មនុស្ស​ម្នា​ត្រៀប​ត្រា​ច្រើន​ក្រៃ មន្ត្រី​ផង​នៃ ក៏​សឹង​តែ​នៅ​ពាស​ពេញ ។ កណ្ដាល​ជំនុំ​នោះ​មិញ នាហ្មឺន​គាល់​ពេញ មិន​ក្រែង​មិន​ខ្លាច​ខ្លួន​ឡើយ ។ អា​ធុង​ក្រោធ​ក្រៃ​ពុំ​ស្បើយ ស្ដែង​ស្ដាប់​ជាក់​ហើយ ទើប​ប្រាប់​ទៅ​អស់​ភ្នាក់​ងារ ។ ថា​ចាំ​អ្វី​មិន​ចាប់​រា អស់​ទាំង​ភ្នាក់​ងារ ស្ដាប់​ហើយ​ក៏​ស្ទុះ​ទៅ​ចាប់ ។ ចៅ​សាញ់​នោះ​ឯង​ចង​ខ្ជាប់ ទើប​អា​ធុង​ប្រាប់ ថា​ឲ្យ​នាំ​ចេញ​ទៅ​ឆ្ងាយ ។ ប្រាប់​ទៅ​ភ្នាក់​ងារ​ទាំង​ឡាយ ឲ្យ​ដាក់​ខ្នោះ​វាយ ហើយ​ដាក់​ច្រវាក់​ឃ្នាង​ផង ។

ទម្រាំ​តែ​ព្រឹក​ស្អែក​ហោង ចូរ​គ្នា​យើង​ផង នាំ​វា​យក​ទៅ​សម្លាប់ ។ កូន​ក្មួយ​នោះ​សោត​បាន​ចាប់ ដាក់​ច្រវាក់​ខ្ជាប់ ឃ្នាង​ខ្នោះជើង​ដៃ​ផង​ណា៎ ។ យើង​ស្លេះ​ទុក​នៅ​នេះ​ណា៎ ថ្លែង​ឯ​មេការ ប្រញាប់​ធ្វើ​រោង​នោះ​នៃ ។ រួច​ស្រេច​បរិបូណ៌​ប្រពៃ​ នា​គ្រា​នោះ​នៃ រៀប​ចង​នូវ​គោម​កែវ​ផង ។ យើង​ស្លេះ​នៅ​នេះ​សិន​ហោង នឹង​ថ្លែង​រំលង​ទៅ​ឯ​ចៅ​សាញ់​វិញ​នៃ ។ លុះ​ថ្ងៃ​បរិបូណ៌​ប្រពៃ នាំ​ចេញ​ទៅ​វៃ​រៀប​គ្រឿង​លំពែង​ជុំ​នៅ ។ ដង្ហែ​ចៅ​សាញ់​ចេញ​ទៅ បណ្ដើរ​តាម​ផ្លូវ ឲ្យ​ស្រែក​អាក្រោស​ទៅ​ហោង ។ យើង​ស្លេះ​នៅ​នេះ​សិន​ហោង នឹង​ថ្លែង​ទៅ​ផ្គង ឯ​អង្គ​អមរិន្រ្ទា​ថ្លៃ ។ កើត​ក្ដៅ​ក្រហាយ​ពេក​ក្រៃ នឹង​ក្នុង​ព្រះ​ទ័យ ថា​មាន​ហេតុ​អ្វី​ច្នេះ​ណា៎ ។ គិត​ស្រេច​សម្ដេច​ឥន្ទ្រា បើក​ទិព្វ​ចក្ខា ទត​យល់​នូវ​រូប​ចៅ​សាញ់ ។ នឹក​ថា​អ្នក​នេះ​ដែល​អញ ជួយ​ពី​មុខ​មិញ ឥឡូវ​ម្ដេច​ត្រូវ​ទៅ​ទៀត ។ ចេះ​នឹង​ស្លាប់​ចោល​បង់​សៀត អញ​ជួយ​ម្ដង​ទៀត ឲ្យ​រួច​អំពី​ទោសា ។

គិត​ស្រេច​ហោះ​ចុះ​មក​ណា៎ ទើប​ប្រែ​កាឡា ជា​តា​ចាស់​មួយ​នាក់​នៃ ។ កាន់​សាយ​ដៀវ​មួយ​ប្រពៃ តម្រង់​ទៅ​ឰ ត្រង់​មុខ​ចៅ​សាញ់​នោះ​ណា៎ ។ ចៅ​សាញ់​ក្រឡេក​ឃើញ​តា កាន់​សាយ​ដៀវ​ណា៎ ក៏​មាន​ចិត្ត​ត្រេក​អរ​ក្រៃ ។ ទើប​អង្វរ​ទៅ​ថា ហៃ អ្នក​ពេជ្ឈឃាដ​ថ្លៃ ចូរ​អ្នក​អាណិត​ខ្ញុំ​រ៉ា ។ ខ្ញុំ​ស្លាប់​ឥឡូវ​ហើយ​ណា៎ សូម​អ្នក​មេត្តា បើក​ឲ្យ​ខ្ញុំ​លេង​សិន​ហោង ។ ខ្ញុំ​រត់​ពុំ​រួច​ជា​ម្ដង ខ្ញុំ​ស្លាប់​ហើយ​ហោង ឲ្យ​ខ្ញុំ​លេង​សិន​ទៅ​រ៉ា ។ ពេជ្ឈឃាដ​ស្ដាប់​នូវ​វាចា​ចៅ​សាញ់​ហើយ​ណា៎ ក៏​ព្រម​បើក​ឲ្យ​លេង​ហោង ។ ទើប​ប្រាប់​អស់​ទាំង​គ្នា​ផង បើ​ដូច្នេះ​ហោង ចូរ​អស់​ទាំង​គ្នា​មក​ស្រាយ ។ ឲ្យ​វា​លេង​ឲ្យ​សប្បាយ អស់​គ្នា​ទាំង​ឡាយ ឈរ​ឃុំ​ឲ្យ​ជុំ​ខ្លួន​វា ។ ក្សិណ​នោះ​សម្ដេច​ឥន្ទ្រា ចរ​ចូល​នៃ​អ្នក​តា​មេត្តា ។ ឲ្យ​ខ្ញុំ​ខ្លី​សាយ​ដៀវ​រ៉ា ខ្ញុំ​ច្រៀង​តិច​ណា៎ ឲ្យ​បាន​សប្បាយ​សិន​ហោង ។ តា​ចាស់​ហុច​សាយដៀវ​ផ្គង ចៅ​សាញ់​ដេញ​លេង ស្រេច​ដេញ​ជា​សាច់​ភ្លេង​ហើយ ។ ច្រៀង​នៅ​ជើង​វាំង​ជា​ត្រើយ តាំង​ចាប់​ដើម​ឡើយ ពី​កាល​ដែល​វាយ​យក្សា ។

លុះ​ទៅ​ពួន​ក្នុង​ព្រៃ​ណា៎ ឃើញ​ពល​យោធា ដង្ហែ​នាង​ទៅ​លេង​ព្រៃ ។ ខ្ញុំ​ខ្លាច​ហើយ​ខ្ញុំ​ភិត​ភ័យ រត់​ទៅ​ពួន​វៃ ខាង​រន្ធ​បក្សី​នោះ​ណា៎ ។ បក្សី​ហើរ​រក​អាហារ វា​ឃើញ​ធីតា វា​ឆាប​យក​នាង​ទៅ​ហោង ។ លុះ​ខ្ញុំ​ទៅ​យក​ជា​ម្ដង នាង​នាថ​នោះ​ហោង បាន​រួច​ពី​ក្ស័យ​ជីវិត ។ ហើយ​ខ្ញុំ​នៅ​ក្នុង​រូង​សត្វ គេ​នាំ​នាង​ថ្វាត់ មក​ថ្វាយ​ព្រះមហាក្សត្រ​ថ្លៃ ។ នឹង​ថ្លែង​ទៅ​ឯ​ក្សត្រី នាង​នាថ​នោះ​នៃ បាន​ឮ​សំឡេង​ចៅ​សាញ់ ។ នាង​នាថ​ម្នីម្នា​ស្ទុះ​ចេញ មក​ឯ​ក្រៅ​មិញ បាន​ឃើញ​ចៅ​សាញ់​នោះ​ណា៎ ។ នាង​នឹក​តែ​ក្នុង​ចិន្ដា ថា​អ្នក​នេះ​ណា៎ ដែល​ទៅ​យក​អញ​ឯង​នៃ ។ គិត​ស្រេច​សម្ដេច​ក្សត្រី​ស្ដេច​ចូល​ទៅ​វៃ ក្រាប​ទូល​ព្រះវរបិតា ។ បពិត្រ​សូម​ទ្រង់​មេត្តា ខ្លួន​ខ្ញុំ​នេះ​ណា៎ បាន​រួច​ពី​ក្ស័យ​ជីវី ។ ដោយ​អ្នក​ទោស​នោះ​ប្រណី សូម​ព្រះ​ចក្រី​បិតា​ទ្រង់​ប្រោស​ខ្ញុំ​ផង ។ គាត់​ទៅ​យក​ខ្ញុំ​ជា​ម្ដង រី​អា​ធុង​ហោង ។ នៅ​តែ​ឯ​លើ​ទេ​ណា៎ ។ ព្រះ​អង្គ​ជ្រាប​ហើយ​ក្សត្រា ត្រាស់​ប្រើ​សេនា ថា​ទៅ​ឃាត់​ជា​ប្រញាប់ ។ នាំ​ចូល​មក​គាល់​អញ​ឆាប់​ដូច​ពាក្យ​អញ​ប្រាប់ កុំ​អាល​សម្លាប់​ឡើយ​នៃ អញ​នឹង​សួរ​ពាក្យ​សម្ដី ឲ្យ​ដឹង​សេចក្ដី​កន្លៀត​គន្លោង​គំនិត ។ ចូរ​ឯង​ប្រាប់​អញ​ដោយ​ពិត កុំ​បី​ឯង​បិទ មាត់​ជិត​នៅ​ស្ងៀម​ធ្វើ​អ្វី ។ នោះ​ទាំង​វាយ​យក្ស​នោះ​នៃ ឯង​លាក់​ធ្វើ​អ្វី ប្រាប់​អញ​ឲ្យ​ត្រង់​មក​ណា៎ ។

អា​ធុង​ស្ដាប់​ព្រះ​ឱង្ការ ព្រះមហាក្សត្រ ត្រាស់​សួរ​មក​ខ្លួន​ឯង​នៃ ។ នឹក​ថា​សម​អញ​និង​ក្ស័យ ជីវិត​ប្រល័យ, ក្នុង​ថ្ងៃ​នេះ​ឯង​មែន​ពិត ។ ទើប​ចូល​ទៅ​ទាំង​ភ័យ​សេចក្ដី​នេះ​ពិត គឺ​ចៅ​សាញ់​នោះ​មែន​ហើយ ។ ព្រះ​អង្គ​ត្រាស់​បន្ទូល​ឆ្លើយ បើ​ដូច្នោះ​ហើយ យក​អា​ធុង​ទៅ​សម្លាប់ ។ នាំ​វា​ចេញ​ទៅ​ឲ្យ​ឆាប់ សម្លាប់​ឲ្យ​ស្លាប់ ឥឡូវ​នេះ​ឲ្យ​ឆាប់​ណា៎ ត្បិត​វា​ចោរ​ចិត្ត​មោហា ព្រហើន​មុសា ទុក​វាត​ទៅ​ពុំ​បាន ។ អមាត្យ​ស្ដាប់​បន្ទូល​ថ្កាន ក្រោក​ស្រុះ​គ្រប់​ប្រាណ ចោម​ចាប់​អា​ធុង​យ៉ាង​មាំ ហើយ​ចង​ចំណង​ទាំង​ប្រាំ ប្រការ​រួច​នាំ យក​ទៅ​កាប់​ឯ​វាល​ល្បិញ ។ ឯ​អ្នក​ផ្ទះ​វា​នោះ​មិញ ទ្រង់​ឲ្យ​ចុះ​ចេញ​ បណ្ដេញ​ទៅ​នៅ​ស្រុក​ឆ្ងាយ ។ អស់​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ ព្រះបាទ​ពណ្ណរាយ ព្រះ​អង្គ​ឲ្យ​រឹប​យក​ណា៎ ។ បញ្ចូល​ក្នុង​ឃ្លាំង​រាជការ ញាតិ​សន្តាន​វា បញ្ចូល​ជា​អ្នក​ងារ​អស់ ។ អភិសេក​ចៅ​សាញ់​នោះ​ស្មោះ ឲ្យ​សោយ​រាជ្យ​ឆ្ពោះ គ្រប់​គ្រង​នគរ​នោះ​ណា៎ ។ ឯ​អង្គ​ព្រះបាទ​ក្សត្រា​ស្ដេច​ដាក់​រាជ្យ​ណា៎ ឲ្យ​ចៅ​សាញ់​គ្រង​វិញ​ហោង ។ ឯ​រាជ​បុត្រី​ស្នេហ៍​ស្នង ព្រះបាទ​ច្បាស់​ច្បង អភិសេក​ជា​អគ្គ​ជា​យា ។
បទ​កាកគតិ
ស្ដេច​រៀប​អភិសេក បុត្រ​ទាំង​ពីរ​ឯក ឲ្យ​សោយ​រាជា មាន​ទាំង​របាំ​ច្រៀង​រាំ​នានា សព្វ​គ្រប់​ភាសា ខ្មែរ​ចាម​ចិន​យួន ។ រៀប​លេង​ដោយ​សាសន៍ ច្រើន​ក្រៃ​ដេរ​ដាស ពេញ​ពាស​តាម​ក្បួន ខ្លះ​លោត​អន្ទាក់ ខ្លះ​លាក់​លេង​ពួន លែង​ល្បែង​ដោយ​ខ្លួន ដោយ​សាសន៍​តាម​ធ្លាប់ ។ ល្ខោន​ខោល​ចូល​ចេញ តាំង​ចាប់​ផ្ដើម​មិញ​គឺ​ស្វា​ប្រចាប់ ស្វា​ខ្មៅ​ស្វា-ស ក្បាច់​ល្អ​ចំណាប់ ក្បាច់​ស្វា​ប្រចាប់ ចេញ​បើក​រោង​ណា៎ ។ មាន​ទាំង​ល្ខោន​យន្ត រូប​រាង​ទន់​ភ្លន់ វិស័យ​មនុស្សា ងីវ​ចិន​ល្អ​លន់ គួរ​គន់ ទស្សនា ច្រៀង​តាម​ភាសា ដោយ​បទ​ភ្លេង​គេ ។ មាន​ទាំង​ងីវ​យន្ត រូប​រាង​ល្អ​លន់​ដូច​ល្ខោន​យន្ត​ខ្មែរ លេង​រឿង​សាមកុក សៃហាន់​បន្លែ លុះ​ព្រះ​សុរិយេ ព្រលប់​ពន់​ពេក ។ របាំ​ខេមរា លេង​ណាំង​រចនា មិន​លេង​ងីវ​ស្បែក​ក្បាច់​ក្បូរ​ល្អ​ៗ រៀប​អភិសេក ចៅ​សាញ់​ជា​ឯក នគរ​នោះ​ណា៎ ។ ទាំង​យប់​ទាំង​ថ្ងៃ សប្បាយ​ពេក​ក្រៃ​ប្រាំពីរ​ទិវា យប់​សោត​អជុ​គោម តាម​ព្រះ​ចន្ទ្រា លុះ​ដល់​សុរិយា ភ្លឺ​ស្រាង​ស្រេច​ស្រាប់ ។ អភិសេក​ស្រេច​ហើយ ស្ដេច​ពុំ​ព្រងើយ ប្រដៅ​ក្ដី​ច្បាប់ ដល់​បុត្រ​ទាំង​ពីរ​តាម​វេណី​ស្រាប់ ឲ្យ​ដឹង​សណ្ដាប់ ក្រម​ក្រឹត្យ​រាជា ។ អាសាញ់​សោយ​រាជ្យ មែន​មាន​អំណាច លើស​ព្រះបិតា សឹង​បាន​សាន្ត​សុខ ឥត​ទុក្ខ​ភយា ទាំង​រាស្ត្រ​ប្រជា​ឥត​មាន​ទុក្ខ​សោក ។ ខ្លះ​លក់​ទំនិញ ដូច​ពី​មុខ​មិញ ទិញ​គ្នា​ទៅ​មក គគ្រឹក​គគ្រេង​រអែក​រអោក ទិញ​ដូរ​គ្នា​យក តាម​ធម្មតា​ហោង ។ ឥត​ទុក្ខ​ឥត​ភ័យ រក​ស៊ី​សព្វ​ថ្ងៃ​សប្បាយ​ឥត​ហ្មង ចៅ​សាញ់​សោយរាជ្យ អំណាច​កន្លង ពុំ​ផ្អើល​ដល់​ម្ដង សុខ​ស្ងប់​ក្រៃ​លែង ។
រឿង​ព្រេង​និទាន ដែល​អញ​ខ្ញុំ​បាន នាំ​មក​ចារ​ចែង តាម​បែប​ទំនង​ចាស់​ផង​ថ្លា​ថ្លែង អស់​ប៉ុណ្ណេះ​ឯង សូ​រេច​ចប់​ហោង ។

គូ​គេច​មិន​រួច អាយុ​មិន​អស់​មិន​ស្លាប់