រឿង​ប្រពៃណី​នៃ​សត្វ​សុនខ

លោក​អ្នក​ធ្លាប់​ឃើញ​ទេ ? សត្វ​សុនខ​វា​កាន់​ប្រពៃណី ២ ប្រការ គឺ
១-តែ​កាល​ណា​វា​ជួប​គ្នា​នៅ​ទីណា ៗ ក៏​ដោយ មិន​ថា​ញី​មិន​ថា​ឈ្មោល​ទេ វា​តែង​តែ​ហិត​គូថ​គ្នា​ទៅ​វិញ​ទៅ​មក ។ កិច្ច​នេះ​ទៀង​ទាត់ ខាន​ធ្វើ​មិន​បាន ។
២- សត្វ​សុនខ​ឈ្មោល កាល​ណា​វា​បន្ទោបង់​បស្សាវៈ​តែង​តែ​លើក​ជើង​ម្ខាង​ជា​ដរាប  កិច្ច​នេះ​វា​លះ​បង់​មិន​បាន​ដូច​គ្នា ។
លោក​អ្នក​យល់​ទេ កិច្ច​វត្ត​ទាំង ២ ប្រការ ដែល​សុនខ​តែង​ប្រព្រឹត្ត​មក​មិន​ដែល​ខាន​នោះ តើ​បណ្ដាល​មក​អំពី​អ្វី ? មាន​ពី​ត្រឹម​ណា​មក ? កិច្ច​វត្ត​ដែល​សុនខ​តែង​ប្រព្រឹត្ត ២ ប្រការ​នោះ​គឺ

កិច្ច​វត្ត​ប្រការ​ទី ១ គឺ​កាល​ពី​បឋមកប្ប ដែល​ទើប​កើត​មាន​មនុស្ស មាន​សត្វ មាន​សាសនា (ពាក្យ​ប្រដៅ) បន្តិច​បន្តួច​លើ​ផ្ទៃ​ផែនដី​នោះ ។ មាន​រឿង​ដំណាល​ថា ក្នុង​សម័យ​ព្រេង​នាយ មាន​វត្ត​អារាម មាន​អ្នក​បួស​កាន់​សីលធម៌ សុចរិត​កាន់​ពាក្យ​សច្ច ប្រជុំ​គ្នា​ដោយ​ពួក ៗ នៅ​ក្នុង​វត្ត​នីមួយ ។ មាន​សុនខ​ជា​ច្រើន​ជ្រក​កោន​នៅ​ក្នុង​វត្ត​ចាំ​បរិភោគ​អាហារ​សេស​សល់​អំពី​អ្នក​បួស តែ​កាល​ណា​លោក​ប្រជុំ​ឆាន់​ចង្ហាន់​នៅ​លើ​សាលា ពួក​សុនខ​ក៏​នាំ​គ្នា​ឡើង​ទៅ​ក្រាប​គាល់​លោក​ចាំ​បរិភោគ​អាហារ​សំណល់ តែ​រៀង​រាល់​ថ្ងៃ​ខែ​ឆ្នាំ​ពុំ​ដែល​ដាច់​ខាន ។ ឯ​ភូមិ​ផ្ទះ​អ្នក​ស្រុក​ឥត​មាន​សុនខ​អាស្រ័យ​នៅ​ដូច​សព្វ​ថ្ងៃនេះ​ទេ ។
ថ្ងៃ​មួយ​នោះ បណ្ដា​ពួក​សុនខ​ទាំង​នោះ មាន​សុនខ​មួយ​ចេញ​ខ្យល់​អាចម៍ (ផោម) ធុំ​ក្លិន​អាក្រក់​​ដល់​លោក​មេវត្ត ដែល​កំពុង​ឆាន់ ។ លោក​ក៏​សួរ​ទៅ​ពួក​សុនខ​ដែល​នៅ​ជួបជុំ​គ្នា​នោះ ឱ្យ​ឆ្លើយ​តាម​ពិត​ត្រង់ តែ​គ្មាន​សុនខ​ណា​មួយ​ទទួល​ថា​ខ្លួន​ផោម​សោះ ។ ឯ​លោក​គ្រូ​មេវត្ត​លោក​ជ្រាប​ច្បាស់​ថា មាន​សុនខ​មួយ​ក្នុង​ចំណោម​នោះ​ចេញ​ផោម​ជា​ប្រាកដ ទើប​លោក​ពោល​ថា ” អើ​បើ​ឯង​នៅ​តែ​លាក់​បិទ​បាំង មិន​សំដែង​ទោស​កំហុស​របស់​ខ្លួន​ដូច្នេះ ចូរ​ឯង​ទាំងឡាយ​វិនាស ចាក​វត្ត​ក្នុង​កាល​ឥឡូវ​នេះ​ចុះ ” ដោយ​ពាក្យ​សច្ចៈ​របស់​លោកគ្រូ ពួក​សុនខ​ក៏​អន្តរធាន​ចាក​វត្ត​ក្នុង​ពេល​មួយ​រំពេច ពុំ​អាច​ទប់​ទល់​បាន​ឡើយ ។

តាំង​អំពី​ពេល​នោះ​មក សុនខ​ទាំង​ឡាយ​ក៏​ក្លាយ​ទៅ​ជា​សត្វ​អនាថា​ចេញ​ទៅ លាក់​ខ្លួន​ពួន​អាត្មា​ដោយ​ព្រៃ​ខ្លះ ដោយ​ផ្ទះ​សម្បែង​គេ​ខ្លះ អត់​ឃ្លាន​ពន់​ពេក កើត​ក្ដី​សង្វេគ​អាណិត​តែ​រៀង​ខ្លួន ។  តាំង​ពី​ថ្ងៃ​នោះ​មក​ពួក​សុនខ​ទាំង​នោះ ក៏​តាំង​ចិត្ត​ស្វែង​រក​ភស្តុតាង​ឱ្យ​ប្រាកដ​ថា សុនខ​ណា​វា​ផោម​ហើយ​លាក់​បិទ​បាំង​ទុក​បណ្ដាល ឱ្យ​ពួក​សុនខ​ដែល​សុចរិត​ស្លូត​ត្រង់​ទទួល​សេចក្ដី​លំបាក​វេទនា ។ ហេតុនេះ​បាន​ជា​ពួក​សុនខ ប្រកាន់​ខ្ជាប់​ក្នុង​កិច្ច​វត្ត​នោះ​រៀង​ៗ​មក តែ​បាន​ជួប​គ្នា​វេលា​ណា ក៏​តាំង​ផ្ដើម​កិច្ច​វត្ត​មួយ​មុន​កិច្ច​ឯទៀត ៗ គឺ​ចូល​ទៅ​ហិត​គូថ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​បាន​ធុំ​ក្លិន​អសោច​ដូច​គ្នា សុនខ​មួយ​ក៏​ញេញ​ធ្មេញ​បញ្ចេញ​សំឡេង​ឡើង​ថា ង៉ែង ៗ សុនខ​ម្ខាង​ទៀត ក៏​ចោទ​មក​វិញ​ថា ង៉ែងៗ ដូច​គ្នា​ទើប​បង្កើត​ទោស​ឡើង​ព្រម ៗ គ្នា ក៏​ប្រើ​កម្លាំង​កាយ​ប្រយុទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក ពេញ​ទំហឹង​ឡើង ។
កិច្ច​វត្ត​ប្រការ​ទី ២   គឺ​សុនខ​ឈ្មោល​មាន​ប្រកាន់​កិច្ច​វត្ត​មួយ​បែប​ទៀត​គឺ ពេល​បន្ទោបង់​បស្សាវៈ តែង​តែ​លើក​ជើង​ម្ខាង​ជា​ដរាប ។ រឿង​ទី ២ នេះ ក៏​កើត​ឡើង​ក្នុង​សម័យ​ជា​មួយ​គ្នា​នឹង​រឿង​ទី ១ ដែរ ។

កិច្ច​វត្ត​ដូច​មាន​សេចក្ដី​ដំណាល​ត ៗ គ្នា​មក​ថា សម័យ​នោះ មាន​បុរស​ស្ត្រី​ប្ដី​ប្រពន្ធ​មួយ​គ្រួ មាន​ទីលំនៅ​មិន​ឆ្ងាយ​អំពី​ទីអារាម​ណាស់​ណា​ទេ លុះ​ដល់​ខ្លួន​កាន់​តែ​ចាស់ៗ​ទៅ​មាន​សេចក្ដី​សង្វេគ ទើប​នាំ​គ្នា​ស្វាមី​ភរិយា​ពិចារណា​ថា “យើង​ចាស់​ៗ​ណាស់​ហើយ ចូល​ក្នុង​សេចក្ដី​មិន​ទៀង តែ​យើង​ទាំង​ពីរ​នាក់​ជា​អ្នក​ទុគ៌ត ក្រ​ខ្សត់​គ្មាន​អ្វី​នឹង​ធ្វើ​បុណ្យ​ឱ្យ​ទាន​ដល់​ម្ដង​សោះ យល់​ជា​នឹង​ស្លាប់​ទៅ​ទទេ ឥត​ផល​ប្រយោជន៍​អ្វី ឃើញ​ថា​នឹង​បង់​ជាតិ​កំណើត ដែល​បាន​កើត​មក​ជា​មនុស្ស​នេះ​មិន​ខាន” ។ ទើប​យាយ​ចាស់​ឆ្លើយ​ឡើង​ថា ” ថ្វីត្បិត​តែ​ក្រ បើ​ប្រឹង​ត្រដរ​ទៅ​ក៏​គង់​ធ្វើ​បាន​ខ្លះ​មិន​លែង គ្រាន់​តែ​ជា​ទុគ្គត​បណ្ដាការ​ទៅ​ចុះ” ។ តា​តប​ថា អើ​យាយ ! យាយ ឯង​ថា​ធ្វើ​បាន តើ​បាន​អ្វី​ធ្វើ ? ។ យា​យថា ” បើ​គាត់​តាមខ្ញុំ ទើប​ធ្វើ​បាន ” ។ ទើប​យាយ​អធិប្បាយ​ថា ‘សព្វ​ថ្ងៃ​នេះ មាន​ស្រែ​គេ​នៅ​ជុំវិញ​ភូមិ​យើង គេ​ទើប​នឹង​ច្រូត​ដឹកនាំ​យក​ទៅ លែង​អ្វី​នឹង​ជ្រុះ​គ្រាប់​ស្រូវ​ខ្លះ បើ​យើង​នាំ​គ្នា​ទៅ​រើស​មួយ​ថ្ងៃ គង់​ដណ្ដាំ​បាយ​បាន​ជា​ចង្ហាន់​ម្ដង​ដែរ ” តា​ថា “យី​យាយ​ថា​នេះ​ហៅ​ពេញ​ជា​ត្រូវ ណ្ហើយ​យាយ​ប្រញាប់​ទៅ​ក្រែង​វា​បាន​ក្រែល​បន្តិច” ។ ថា​ហើយ​យាយ​និង​តា​ក៏​កាន់​ល្អី​មួយ​ម្នាក់ ចេញ​ទៅ​រើស​ស្រូវ​នៅ​ក្នុង​ស្រែ​ដែល​គេ​ទើប​ច្រូត​កាត់​ហើយ ។ រើស​មួយ​ថ្ងៃ​វាល់​ល្ងាច​បាន​ស្រូវ​ប្រមាណ​មួយ​ត្រឡោក​ម្នាក់ យាយ​តា​ក៏​នាំ​គ្នា​វិល​មក​ផ្ទះ​វិញ ។ លុះ​បរិភោគ​អាហារ​រួច​ហើយ​ក៏​បបួល​គ្នា​បក​គ្រាប់​ស្រូវ ចំណែក​ខាង​តា​គាត់​យក​កាំបិត​ស្លា​កោស​គ្រាប់​អង្ករ​នោះ មាន​សម្បុរ​ស​ភ្លឺ​ថ្លា​ដូច​ពង​សង្អារ ជិត​ភ្លឺ​យាយ​យក​អង្ករ​នោះ​ទៅ​លាង​ទឹក ហើយ​ច្រក​ក្នុង​ឆ្នាំង​ដណ្ដាំ​បាយ​តាម​ធម្មតា ។

និយាយ​ពី​លោកគ្រូ លោក​មាន​ញាណ​យល់​ការណ៍​ជាក់​ច្បាស់​ដោយ​អំណាច​លោក​កាន់​ធម៌​សច្ចៈ លោក​បាន​ជ្រាប​ហេតុ​ពី​យាយ​និង​តា ប្រាថ្នា​ធ្វើ​មហាទាន​ក៏​លោក​ហៅ​ភិក្ខុ​សាមណេរ​មក​ប្រជុំ​ប្រាប់​ថា” យប់​នេះ​ត្រូវ​នាំ​គ្នា​បោស​សំអាត​វត្ត​ដោត​ទង់​ឱ្យ​ចង់​ស៊ុម​ឱ្យ​រុងរឿង ព្រោះ​ព្រឹក​នេះ មាន​មហា​ទាន​ចូល​មក​វត្ត​របស់​យើង​ដូច្នេះ​ត្រូវ​យើង​ធ្វើ​ឱ្យ​គួរសម​នឹង​ទទួល​មហា​ទាន ” ។
គ្រានោះ ភិក្ខុ​សាមណេរ​ទាំងឡាយ ក៏​ខ្វល់ខ្វាយ​បោសច្រាស​សំអាត​វត្ត ចង​ស៊ុម ដូច​ជា​ការ​ធ្វើ​ទទួល​មហា​កឋិន​មួយ ។ លុះ​ព្រឹក​ឡើង​អរុណ​រៀប​រះ ស្រាប់តែ​ឃើញ​យាយ​និង​តា​បណ្ដើរ​គ្នា​ចូល​ទៅ​ក្នុង​វត្ត ។ ឯ​យាយ​គាត់​កណ្ដៀត​ល្អី​មួយ មាន​បាយ​មួយ​ចាន​ដាក់​ក្នុង​ល្អី​ដើរ​ចូល​សំដៅ​ទៅ​កុដិ​លោកគ្រូ​ធំ​ៗ វាយ​រគាំង​ម៉ឹងៗ  ប្រជុំ​ភិក្ខុ​មួយ​រូប​សាមណេរ​ធ្វើ​ភត្តានុមោទនា ។ នៅ​វេលា​គ្រា​នេះ មាន​ភិក្ខុ​មួយ​រូប​ក្ដៅ​ចិត្ត​ណាស់ ស្ទុះ​ចេញ​ទៅ​ឈរ​ចាំ​មើល​ផ្លូវ ។ លុះ​យាយ​និង​តា​បណ្ដើរ​គ្នា​ចេញ​ទៅ​ដល់​ព្រំ​វត្ត ភិក្ខុ​នោះ​ក៏​និយាយ​ថា ” នែ​យាយ​និង​តា ក្រោយ​ៗ​យក​ចង្ហាន់​របស់​យាយ​និង​តា​ទៅ​វត្ត​ឯណា​ទៀត​ទៅ កុំ​នាំ​ចូល​មក​វត្ត​នេះ​ទៀត សព្វ​បើ​បាយ​មួយ​ចាន ឱ្យ​គេ​លំបាក​អស់​មួយ​យប់ ” ថា​ហើយ​ភិក្ខុ​នោះ​គេច​ចេញ​ទៅ ។

រីឯ​យាយ​និង​តា លុះ​បាន​ឮ​សំដី​ភិក្ខុ​នោះ និយាយ​ដូច្នោះ​ហើយ​ក៏​មាន​សេចក្ដី​វិតក្ក​ក្នុង​ចិត្ត​ពន់ពេក នាំ​គ្នា​សង្វេគ​ក្នុង​ចិត្ត​ថា ” ឱ​កម្មអើយ ! កម្ម ! ហេតុតែ​យើង​ក្រីក្រ​ធ្វើ​ទាន​មិន​ដិត​ដល់​បាន​ជា​នាំ​ឱ្យ​លោក​មិន​សប្បាយ​ចិត្ត ‘ ។ តា​ថា ” ចុះ​យាយ​គិត​យ៉ាង​ណា​ដូចម្ដេច​ទៀត  ?  ” យាយ​ថា “តា​កុំ​ព្រួយ​មិន​អ្វី​ទេ សព្វថ្ងៃ​ខ្ញុំ​ឃើញ​សុនខ​ខ្ចាត់​ភ្លាត់ មក​នៅ​ក្បែរ​ផ្ទះ​យើង​ច្រើន​ណាស់ (ជាន់​នោះ​ប្រហែល​ជា​គេ​សម្គាល់​ថា សម្លាប់​សត្វ​ទៅ​ធ្វើ​បុណ្យ មិន​បាប ត្រឡប់​ជា​បាន​បុណ្យ​ច្រើន​ទៅ​វិញ​ទេ​ដឹង ?” ។ តា​ថា ” ឱ​មែន​ហើយ​យាយ ! មក​យាយ​យក​ចន្ទាស់​ទ្វារ​មួយ​មក” ។ ថា​ហើយ តា​ដក​ដាវ​ចេញ​ពី​ស្រោម​បណ្ដើរ​យាយ​ចេញ​ផុត​ពី​ផ្ទះ​ទៅ ក៏​ស្រាប់​តែ​ប្រទះ សុនខ ៤-៥ នៅ​ហែ ៗ ក្បែរ​ព្រៃ ។ តា​ថា “យាយ​ស្ទាក់​ពី​មុខ”  យាយ​ស្ទុះ​ដេញ​វាយ​ត្រូវ​សុនខ​មួយ​ដំបង​តា​ស្ទុះ​ទៅ​ត្រកង​និង​ដាវ​ដាច់​ក​សុនខ​មួយ​ទៅ ។ ស្ទាក់​ចុះ ស្ទាក់​ចុះ​ស្ទាក់​ឡើង​សម្លាប់​សុនខ​បាន ៤-៥ ។ យាយ​ថា “ល្មម​ហើយ​តា ! ល្មម​ធ្វើ​ចង្ហាន់​លោក​បាន​មួយ​វត្ត​ហើយ ” ហើយ​យក​ខ្សែ​ចង​សែង​ជញ្ជូន​យក​ទៅ​ផ្ទះ យាយ​គាត់​ចាត់ការ​បាន​ច្រើន​មុខ គាត់​ធ្វើ​ជា​សាច់​ច្រនួច​ដោត​ជា​ចង្កាក់​ៗ ឱ្យ​តា​អាំង គាត់​ហាន់​ជា​ដុំ ៗ ដាក់​ថ្លាង​មួយ ហើយ​គាត់​ហាន់​តូច​ៗ ធ្វើ​ជា​សម្ល​ម្ជូរ​គ្រឿង ។

ក្នុង​រាត្រី​នោះ លោក​គ្រូ​ឈ្វេង​យល់​ទៀត ក៏​ប្រជុំ​ភិក្ខុ​សាមណេរ​មក​ប្រាប់​ថា “ព្រឹក​ស្អែក​មាន​ទាន​មក​ដល់​វត្ត​យើង​ទៀត​ហើយ  ប៉ុន្តែ​ទាន​នោះ​ថា​ធំ​ក៏​បាន ថា​តូច​ក៏​បាន មិន​ចាំ​បាច់​រៀប​វត្ត​ទទួល​ទេ ” ។ លុះ​ព្រឹក​ឡើង​ភ្លឺ​ច្បាស់​ឃើញ​យាយ​ទូល​ថ្លាង​មួយ តា​រែក​អម្រែក​មួយ​ចូល​ទៅ​ក្នុង​វត្ត ។ លោក​គ្រូ​ក៏​វាយ​រគាំង​ម៉ឹងៗ បី​បទ​ប្រជុំ​ភិក្ខុ​សាមណេរ​ធ្វើ​ភត្តានុមោទនា រួច​ហើយ​លោក​គ្រូ​ហាម​ថា “ភិក្ខុ​ក្ដី សាមណេរ​ក្ដី បើ​បាន​ទទួល​ចង្ហាន់​មាន​ដុំ​សាច់ កុំ​អាល​ឆាន់​ត្រូវ​នាំ​យក​សម្ល ដែល​មាន​ដុំ​សាច់ នោះ​មក​ប្រគល់​ឱ្យ​អាត្មា​កុំ​ខាន ” លុះ​ធ្វើ​ភត្តានុមោទនា​រួច​ហើយ​យាយ​និង​តា ក៏​ដួស​សម្ល​ចែក​លោក​គ្រប់​កុដិ  ។ ឯ​ភិក្ខុ​សាមណេរ​កាល​បាន​ទទួល​ម្ហូប​ស្រេច​ហើយ ពិចារណា​មើល​ពុំ​ឃើញ​មាន​ត្រី មាន​សុទ្ធ​តែ​សាច់​ក៏​នាំ​គ្នា​យក​ម្ហូប​នោះ​ទៅ​ប្រគេន​លោក​គ្រូ​ធំ នៅ​សល់​តែ​ភិក្ខុ​មួយ​រូប ពុំ​បាន​យក​សម្ល​ទៅ​ប្រគេន​លោក​គ្រូ​ធំ សម្ងំ​ទុក​ឆាន់​តែ​ម្នាក់​ឯង ។ ឯ​លោក​គ្រូ​ធំ​ស្មាន​ថា​អស់ លោក​យក​មក​ជុំ​គ្នា​ហើយ ក៏​សូត្រ​គាថា​ផ្សំ​ធាតុ​កើត​ឡើង​ជា​សត្វ​សុនខ ។ ឯ​សុនខ ដែល​កើត​ដោយ​អំណាច​គាថា​នោះ កើត​ឡើង​ជា​រូប​សុនខ​សុទ្ធសាធ តែ​មាន​ជើង​តែ​បី ។ ទើប​លោកគ្រូ​ធំ​ចាត់​លោក​សូត្រ​ឱ្យ​ដើរ​មើល​គ្រប់​កុដិ ទៅ​ឃើញ​ក្នុង​កុដិ​ភិក្ខុ​មួយ​រូប​នោះ​មាន សាច់​ច្រនួច​មាន​ខ មាន​សម្ល​ម្ជូរ​គ្រឿង​សុទ្ធ​តែ​សាច់ ក៏​បង្គាប់​ឱ្យ​ភិក្ខុ​នោះ​នាំ​យក​ទៅ​ប្រគេន​លោកគ្រូ​ធំ ។ លុះ​លោក​គ្រូ​ធំ​បាន​ទទួល​ម្ហូប​ថ្មី​ទៀត​ក៏​លោក​សែក​គាថា​ផ្លុំ​ម្ដង​ទៀត ទើប​កើត​ជា​សុនខ​មាន​គ្រប់​ជើង ៤ ដូច​ដើម​ឡើង​វិញ ។

តាំង​ពី​នោះ​សត្វ​សុនខ​កើត​មាន​សេចក្ដី​កតញ្ញូ​ដល់​លោក​គ្រូ​ជាប់​ជានិច្ច​ក្នុង​ចិត្ត តែ​កាល​ណា​បន្ទោបង់​បស្សាវៈ​ក៏​នឹក​រឭក​ដល់​គុណ​របស់​លោក​គ្រូ​ថា កុំ​តែ​បាន​លោកគ្រូ​កុំ​អើយ​យើង​ខ្វះ​ជើង​មួយ គិត​ហើយ​ក៏​លើក​ជើង​ក្រោយ​ម្ខាង​ឡើង​គំនាប់​រំឭក​គុណ នៅ​ពេល​បន្ទោបង់​បស្សាវៈ​គឺ​លើក​ជើង​ដែល​លោកគ្រូ​បង្កើត​ឱ្យ​លើក​ក្រោយ​បង្អស់​នោះ​ឯង  ។

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៤ ទំព័រ ៨៧ – ៩៣