16 រឿង សួស្ដី និង អពមង្គល

សម័យ​មួយ សិរី​សួស្ដី និង​អពមង្គល​ ជួប​និយាយ​គ្នា ។ អពមង្គល​សួរ​ទៅ​សិរី​សួស្ដី​ថា << លោក​មាន​រឹទ្ធិ​អំណាច ដូចម្ដេច​ខ្លះ ? » ។ សិរី​សួស្ដី​ ប្រាប់​ទៅ​អពមង្គល​ថា << រឹទ្ធិ​អំណាច​អញ​ជា​សិរី​សួស្ដី​នេះ ខ្លាំង​ពូកែ​ណាស់ សូម្បី​តែ​មនុស្ស​ខ្ញុំ​គេ ទោះ​គេ​ស្អប់ គេ​មិន​មេត្តា តែ​អញ​ទៅ​សណ្ឋិត​កាលណា​ នឹង​បណ្ដាល​ឲ្យ​គេ​ស្នេហា​ទំនុក​បម្រុង​ដរាប​ដល់​បាន​រាជ​សម្បត្តិ » ។[1]
ឯ​សិរី​សួស្ដី សួរ​ទៅ​អពមង្គល​វិញ​ថា «រឹទ្ធិ​អំណាច​ ដូចម្ដេច​ខ្លះ ?» ។ អពមង្គល​ឆ្លើយ​ថា «រឹទ្ធិ​អំណាច​ខ្ញុំ​នេះ បើ​ខ្ញុំ​ទៅ​សណ្ឋិត​នៅ​ឈ្មោះ​ណា​បណ្ដាល​ឲ្យ​គេ​ស្អប់​គេ​ខឹង ខូច​ខាត​សម្បត្តិ​ទ្រព្យ​វិនាស​អន្តរាយ សូម្បី​តែ​បាន​រាជ​សម្បត្តិ​ហើយ​ក៏​គង់​ថ្លោះ​ធ្លោយ ធ្លាក់​ខ្លួន​ទៅ​ជា​ខ្ញុំ​គេ​បាន» ។ អពមង្គល​ចង់​ដឹង​រឹទ្ធិ​សិរី​សួស្ដី​ ក៏​ប្រាប់​ថា «ខ្ញុំ​ឃើញ​ខ្ញុំ​សេដ្ឋី​ម្នាក់​ឈ្មោះ​អា​តុល សព្វ​ថ្ងៃ​នេះ សេដ្ឋី​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី សេដ្ឋី​ខឹង​នឹង​អាតុល ជេរ​វាយ​តែ​សព្វ​ថ្ងៃ ថា​ពុំ​មើល​ថែ​រក្សា​គោ​ក្របី ឲ្យ​ស្គម​អស់ ខ្ញុំ​ចង់​ឲ្យ​លោក​សិរី​សួស្ដី​ទៅ​សណ្ឋិត​នៅ​លើ​រូប​អា​តុល​ខ្ញុំ​សេដ្ឋី​នោះ, បើ​វា​បាន​រាជ​សម្បត្តិ ខ្ញុំ​ក៏​ជឿ​ថា លោក​មាន​រិទ្ធិ​ខ្លាំង​ពូកែ​ប្រាកដ​មែន » ។ សិរី​សួស្ដី​ប្រាប់​អពមង្គល​វិញ​ថា « ឯង​ចាំ​មក​គន់​មើល​ចុះ ថ្ងៃ​ស្អែក​នេះ អញ​ចូល​ទៅ​សណ្ឋិត​នៅ​លើ​រូប​អា​តុល ខ្ញុំ​សេដ្ឋី​ហើយ, តែ​កាលណា​អញ​ចូល​ទៅ​នៅ​ហើយ មិន​យូរ​ប៉ុន្មាន​មុខ​ជា​អា​តុល​ខ្ញុំ​សេដ្ឋី​នោះ វា​បាន​សោយ​រាជ​សម្បត្តិ​មិន​ខាន » ។

លុះ​ព្រឹក​ឡើង ដល់​ពេល​អា​តុល​បញ្ចេញ​គោ​ក្របី​ពី​ក្រោល យក​ទៅ​ឃ្វាល, សិរី​សួស្ដី​ចូល​ទៅ​សណ្ឋិត​នៅ​លើ​រូប​អា​តុល ៗ ក៏​រីករាយ សប្បាយ​ក្នុង​ចិត្ត​ប្លែក​ពី​ថ្ងៃ​មុន ។
ដល់​ពេល​ល្ងាច អា​តុល​កៀង​គោ​ក្របី ត្រឡប់​មក​បញ្ចូល​ក្រោល​ឯ​ផ្ទះ​វិញ ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​ឈរ​មើល​គោ​ក្របី ឃើញ​អា​តុល​រាំង​ទ្វារ​ក្រោល​គោ​ក្របី​ខ្ជាប់​ហើយ ទើប​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ​សេដ្ឋី​ជា​ចៅហ្វាយ នៅ​ត្រង់​កន្លែង​ខ្លួន ដូច​សព្វ​ដង ។ កាល​សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ ឃើញ​អា​តុល​ហើយ ក៏​នឹក​ក្នុង​ចិត្ត​អាណិត​ថា «ឱ​អា​តុល​អើយ ! ទៅ​ឃ្វាល​គោ​ក្របី អត់​បាយ​ក្រហាយ​ទឹក​ទាល់​ល្ងាច ទើប​បាន​បាយ​បរិភោគ ម្ល៉េះ​សម​វា​ឃ្លាន​យ៉ាង​ណា​ទៅ ? គិត​ហើយ ក៏​ដាស់​តឿន​ខ្ញុំ​កំដរ​ស្រីៗ ឲ្យ​ដោះ​ដួស​បាយ​ស៊ី​រាល់​គ្នា ។ខ្ញុំ​ស្រីៗ​ក៏​ដោះ​ដួស​ភោជនាហារ​ណា ដែល​មាន​ឱជារស​យក​ទៅ​ដាក់​ជូន​សេដ្ឋី ហើយ​ប្រជុំ​គ្នា​បរិភោគ ។

សេដ្ឋី​ប្ដី​ប្រពន្ធ ហៅ​អាតុល​ឲ្យ​មក​ជិត ចាប់​ម្ហូប​ដែល​មាន​ឱជារស​ឲ្យ​បរិភោគ ៗ​រួច សេដ្ឋី​ប្ដី​ប្រពន្ធ​គន់​មើល​កិរិយា​ឫក​រូប​អា​តុល​នោះ​ ក៏​ឃើញ​ថា​សមរម្យ​ឥត​ខ្ចោះ​ រក​ទាស់​ចិត្ត​ត្រង់​ណា​គ្មាន ។ បណ្ដា​ជន​ទាំង​ស្រី​ប្រុស ឲ្យ​តែ​ឃើញ​រូប​អា​តុល​នោះ​កាលណា ក៏​មាន​ចិត្ត​ស្នេហា​មេត្តា​ពន់​ប្រមាណ ។ ឯ​សេដ្ឋី​ប្ដី​ប្រពន្ធ​ជា​ចៅហ្វាយ​អា​តុល​នោះ និយាយ​គិត​គ្នា​ថា « សព្វ​ថ្ងៃ​នេះ យើង​ឥត​កូន, ទ្រព្យ​សម្បត្តិ​ក៏​មាន​ច្រើន, អំណើះ​ត​ទៅ​បើ​ឥត​ពី​យើង ទ្រព្យ​សម្បត្តិ​នឹង​អន្តរាយ​អសារ​ឥត​ការ, គួរ​លើក​អា​តុល​ឡើង​តម្កើង​ធ្វើ​ជា​កូន កុំ​ឲ្យ​វា​ឃ្វាល​គោ​ក្របី​ទៀត ត្បិត​អា​តុល​នេះ សាច់​ឈាម​ឫកពា​ល្អ​ណាស់​ល្មម​សមគួរ​ជា​កូន​យើង​បាន » ។
ដល់​ពេល​ល្ងាច អា​តុល​ត្រឡប់​មក​ពី​ឃ្វាល​គោ​ក្របី​វិញ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ ឃើញ​អា​តុល​រឹត​តែ​ស្នេហា​មេត្តា​ពន់ពេក ក៏​ហៅ​ឲ្យ​បរិភោគ​បាយ​ជាមួយ​មិន​ឃ្លាត​ឆ្ងាយ​ពី​ខ្លួន ឈប់​ឲ្យ​ឃ្វាល​គោ​ក្របី​ ចាប់​តាំង​ពី​ថ្ងៃ​នោះ​ត​ទៅ ។

សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ យក​សំលៀក​បំពាក់ គ្រឿង​មាស​ប្រាក់​មក​តុប​តែង​ឲ្យ​អា​តុល​ហើយ​ប្រាប់​ថា «ពី​ថ្ងៃ​នេះ​ទៅ អញ​ទុក​ឯង​ជា​កូន, អំណើះ​ពី​អញ​ទៅ ទ្រព្យ​សម្បត្តិ​អញ​ទាំង​ប៉ុន្មាន នៅ​លើ​ដៃ​កូន​ឯង​ទាំងអស់ » ។ អា​តុល​ក៏​រីករាយ​សប្បាយ​ជា​ទី​បំផុត ។
ដោយ​អំណាច​សិរី​សួស្ដី​ សណ្ឋិត​លើ​ខ្លួន​ លុះ​អា​តុល​ចំរើន​អាយុ​ពេញ​រូប​រាង​ឡើង ក៏​រឹត​តែ​ល្អ រក​បុរស​ឯណា​នឹង​ប្រៀប​ផ្ទឹម​ស្មើ​ពុំ​បាន ។
រាល់​ព្រឹក​ល្ងាច សេដ្ឋី​តែង​ចូល​គាល់​ព្រះ​មហាក្សត្រ ពុំ​ដែល​លស់​ខាន ក៏​នាំ​យក​អា​តុល​ជា​កូន​ទៅ​គាល់​ផង ។ ព្រះ​រាជា​ទ្រង់​មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​អង្គ ស្ដេច​ចេញ​ប្រថាប់​នៅ​ក្រឡា​ព្រះ​នៅ​ឆ្ងល់ ព្រះ​រាជ​បុត្រី ក៏​ដិត​ដោយ​ក្រោយ​ព្រះ​អង្គ​មក ។

កាល​មហា​សេដ្ឋី​នាំ​កូន​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​មហាក្សត្រ ទ្រង់​ឆ្មៀង​ព្រះ​នេត្រ ឃើញ​សេដ្ឋី​និង​កូន​អង្គុយ​គាល់​ទន្ទឹម​គ្នា ទ្រង់​ត្រាស់​សួរ​ថា « កូន​សេដ្ឋី​ឬ ? សេដ្ឋី​ទូល​ថា « កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ » ។ ស្ដេច​ទ្រង់​សរសើរ​ថា « កូន​សេដ្ឋី​មាន​រូប​មាន​ឫក​ល្អ​ណាស់ »។ ព្រះ​រាជ​បុត្រី ក៏​នឹក​ក្នុង​ព្រះ​ទ័យ​ថា « កូន​សេដ្ឋី​នោះ​មាន​លំអ​នឹង​រក​បុរស​ណា​ផ្ទឹម​ពុំ​បាន ធ្វើ​ម្ដេច​នឹង​បាន​ជា​ស្វាមី​អញ ?
ដល់​ពេល​គួរ ស្ដេច​និង​ព្រះ​រាជ​បុត្រី​នោះ យាង​ចូល​ទៅ​ខាង​ក្នុង​វិញ, សេដ្ឋី​ក្រាប​ថ្វាយ​បង្គំ​លា នាំ​កូន​ត្រឡប់​មក​ផ្ទះ, ដល់​ផ្ទះ​កូន​និយាយ​នឹង​សេដ្ឋី​ថា «សូម​លោក​ឪ​លោក​ម៉ែ​មេត្តា​កូន ទៅ​ដណ្ដឹង​ព្រះ​រាជ​បុត្រី​ស្ដេច​ឲ្យ​ខ្ញុំ ត្បិត​កាល​ខ្ញុំ​ចូល​ទៅ​គាល់​ជា​មួយ​លោក​ឪពុក​នោះ, ខ្ញុំ​បាទ​ឃើញ​ច្បាស់​ព្រះ​រាជ​បុត្រី​នោះ​ល្អ​ណាស់ បើ​មិន​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​មុខ​ជា​ស្លាប់​មិន​ខាន» ។

ដោយ​ស្នេហា​កូន​ពេក សេដ្ឋី​ប្ដី​ប្រពន្ធ​ក៏​ប្រថុយ​ខ្លួន​រៀប​តុ​មាស​ប្រាក់ ដាក់​គ្រឿង​បណ្ណាការ​ជា​តង្វាយ​សុទ្ធ​តែ​ពេជ្រ​និង​មាស​ពោរពាស​ច្រើន​តុ, លុះ​ព្រឹក​ឡើង​នាំ​តង្វាយ​នោះ​ទៅ​រៀប​ចំ​ក្នុង​ទី​ព្រះ​រាជ​រោង ។ ព្រះ​មហាក្សត្រ​ ស្ដេច​ចេញ​មក​ឲ្យ​នាហ្មឺន​ធំ​តូច​គាល់ ។ សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ ក៏​គាល់​នៅ​ជិត​គ្រឿង​បណ្ណាការ​តង្វាយ​នោះ ។ ស្ដេច​ត្រាស់​សួរ​ថា « សេដ្ឋី ! តង្វាយ​នេះ​ ប្លែក​ណាស់​ មាន​ការ​អ្វី ? » ។ សេដ្ឋី​ប្ដី​ប្រពន្ធ​ក្រាប​បង្គំ​ទូល​ថា « សូម​ព្រះ​រាជ​តេជះ​តម្កល់​លើ​ត្បូង​ សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ សូម​ទ្រង់​ប្រោស​ព្រះ​រាជ​ទាន​ព្រះ​រាជ​បុត្រី ផ្សំ​នឹង​កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ » ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ព្រះ​រាជ​អនុញ្ញាត ទ្រង់​ចាត់​មុខ​ក្រសួង ឲ្យ​រៀប​ព្រះ​រាជ​ពិធី​សមោសរ, ហោរា​ថ្វាយ​ឫក្ស ទ្រង់​ផ្សំ​ព្រះ​រាជ​បុត្រី​នឹង​កូន​សេដ្ឋី​ ហើយ​ផ្ទេរ​ទាំង​រាជ​សម្បត្តិ​ឲ្យ​គ្រប់​គ្រង​ផង ។

លុះ​បាន​រាជ​សម្បត្តិ​ហើយ ស្ដេច​តុល​និង​ព្រះ​នាង​មហេសី ក៏​បាន​ប្រកប​សេចក្ដី​សុខ​ឥត​ទុក្ខា មហា​ប្រសើរ​រៀង​ទៅ ។
និយាយ​ពី​រឿង​អពមង្គល​វិញ កាល​ជួប​នឹង​សិរី​សួស្ដី​ក៏​ថា «លោក​សិរី​សួស្ដី​ខ្ញុំ​ជឿ​ហើយ​ឃើញ​ថា លោក​មាន​រឹទ្ធិ ជួយ​ស្ដេច​តុល​ឲ្យ​បាន​រាជ​សម្បត្តិ​មែន, ដូច្នេះ​លោក​ចាំ​មើល​រឹទ្ធិ​ខ្ញុំ​វិញ​ម្ដង សូម​លោក​លែង​សណ្ឋិត​នៅ​លើ​រូប​ស្ដេច​តុល​ទៅ » ។ សិរី​សួស្ដី​ក៏​ថយ​ចេញ​ពី​រូប​ស្ដេច​តុល, អពមង្គល​ក៏​ចូល​ទៅ​សណ្ឋិត​លើ​រូប​ស្ដេច​តុល​ម្ដង ។ ឯ​ស្ដេច​តុល​ចេះ​តែ​មួម៉ៅ ក្ដៅ​ក្រហាយ, ព្រះនាង​មហេសី​ស្រី​បរិវារ ក៏​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​គោរព​ប្រណិប័តន៍ បណ្ដាល​ចិត្ត​ឲ្យ​តែ​ខឹង​ស្អប់​ស្ដេច​តុល អស់​លោក​ចតុស្តម្ភ​ទាំង​ប៉ុន្មាន ៗ ក៏​ពុំ​សូវ​ចូល​ចិត្ត​គិត​ចង់​ឲ្យ​តែ​ព្រះ​វររាជ​បិតា​ក្មេក យក​រាជ្យ​សម្បត្តិ​ទៅ​វិញ ។

ចំណែក​ស្ដេច​តុល ចេះ​តែ​ក្ដៅ​ក្រហាយ​អន្ទះអន្ទែង ចង់​ទៅ​ក្រសាល​ទី​ទំនាប​មាត់​បឹង​ក្រៃ​ពេក ក៏​នាំ​ព្រះ​នាង​មហេសី ស្រី​បរិវារ​ចេញ​ទៅ, លុះ​ទៅ​ដល់​ក៏​ឲ្យ​ធ្វើ​ព្រះ​ពន្លា​ស្នាក់​ក្រសាល ។ នៅ​ទី​មាត់​បឹង​នោះ ឮ​តែ​សព្ទ​សូរ​ត្រដោក​គោ ត្រដោក​ក្របី, ស្ដេច​តុល​ក៏​ភ្នក​នឹក​អាណិត​ខ្លួន​កាល​នៅ​ជា​ខ្ញុំ​មហា​សេដ្ឋី ដែល​គេ​ប្រើ​ឲ្យ​ឃ្វាល​ក្របី​ ហើយ​ក៏​ទ្រង់​ព្រះ​កន្សែង​ខ្សឹកខ្សួល ។ ព្រះ​នាង​មហេសី​សួរ​ថា «ព្រះ​អង្គ ! ហេតុ​អ្វី​ក៏​ទ្រង់​ខ្សឹកខ្សួល​ម្ល៉េះ ?»។ ស្ដេច​តុល​ប្រាប់​ព្រះ​នាង​មហេសី​តាម​ត្រង់​ថា «លាក់​បាំង​អី ម្ចាស់​អូន​អើយ ! ខ្លួន​បង​នេះ មិន​មែន​កូន​សេដ្ឋី​ទេ, ពី​ដើម​បង​ជា​ខ្ញុំ​សេដ្ឋី ៗ គេ​ប្រើ​ឲ្យ​ឃ្វាល​គោ​ក្របី ឥឡូវ​ឮ​ត្រដោក​ក្របី​គោ បង​នឹក​ស្រងេះស្រងោច​​អាណិត​ខ្លួន បាន​ជា​បង​យំ » ។

ព្រះ​នាង​មហេសី​បាន​ឮ​ថា​ជា​ខ្ញុំ​សេដ្ឋី ក៏​មាន​ចិត្ត​ទោមនស្ស​ក្នុង​ព្រះ​ទ័យ​ពន់ពេក​ថា « ឱ​ព្រះ​វរ​បិតា​ ពុំ​គួរ​ផ្សំ​ផ្គុំ​កូន ផ្ទេរ​ទាំង​រាជ​សម្បត្តិ​ឲ្យ​ទៅ​ខ្ញុំ​គេ​សោះ » ខ្ញាល់​ហើយ​ក៏​នាំ​ស្ដេច​តុល​នឹង​ស្រី​បរិវារ ដែល​តាម​ហែ​ទៅ​ទាំង​ប៉ុន្មាន ត្រឡប់​ចូល​ព្រះ​រាជ​វាំង​វិញ​ ចូល​ក្រាប​ទូល​វររាជ​បិតា​មាតា តាម​រឿង​ដែល​ស្ដេច​តុល​យំ​គ្រប់​ប្រការ ។ ស្ដេច​ជា​ព្រះ​វររាជ​បិតា​មាតា​ទ្រង់​ជ្រាប​ហើយ ទ្រង់​ក្រោធ​ពន់​ប្រមាណ ទ្រង់​ត្រាស់​ឲ្យ​ហៅ​សេដ្ឋី​ទាំង​ប្ដី​ប្រពន្ធ​មក​ដៀល​ត្មះ​ជា​ទម្ងន់ ហើយ​ប្រគល់​ស្ដេច​តុល ឲ្យ​ទៅ​សេដ្ឋី​ប្ដី​ប្រពន្ធ​ នាំ​យក​ទៅ​ផ្ទះ​វិញ ។
ឯ​រាជ​សម្បត្តិ ស្ដេច​ទ្រង់​គ្រប់​គ្រង​វិញ ។ សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​អា​តុល​ទៅ​ដល់​ផ្ទះ​ហើយ​ជេរ​វាយ ត្មះ​តិះ​ដៀល លែង​រាប់​អាន​ជា​កូន ឲ្យ​អា​តុល​ឃ្វាល​គោ​ក្របី​ទុក​ជា​ខ្ញុំ​ដូច​ដើម ។

មារយាទ​ថ្លៃ​ឲ្យ​យក មារយាទ​ថោក​ឲ្យ​វៀរ

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ៨៧- ៩១


  1. កម្ពុជ​សុរិយា​លេខ ១- ២ -៣ ឆ្នាំ ១៩៣៣ – ៤ ទំព័រ ១៦២ រៀបរៀង​ដោយ​ព្រះ​អក្ខរ​លេខា​ណុប នៅ​ក្រុម​ព្រះ​រាជ​និពន្ធ ។