36 រឿង មនុស្ស​ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ក្ដី​ឡើង​ចុង​ត្នោត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ខ្ពើម​ក្ដី ទៅ​ឡើង​ចុង​ត្នោត​ហើយ​យក​ស្លឹក​ត្នោត​ចាក់​ស្មុគ ចាក់​ធ្វើ​រូប​សត្វ​ផ្សេងៗ ហើយ​គិត​ថា «អញ​លក់​ស្មុគ​ទាំង​អស់​នេះ យក​ប្រាក់​ទៅ​ទិញ​សំលៀក​បំពាក់​និង​ទិញ​ក្របី​ធ្វើ​ស្រែ ហើយ​នឹង​លោះ​ខ្ញុំ​ប្រើ បើ​កាល​ណា​អញ​ប្រើ​វា​មិន​បាន អញ​នឹង​វាយ​ធាក់​វា» ថា​តែ​ប៉ុណ្ណោះ​ក៏​យក​ជើង​ធាក់​ស្មុគ​នោះ ធ្លាក់​មិន​តិច​តួច​ធ្លាក់​ទាល់​តែ​ភ្លាត់​ជើង​ធ្លាក់​ពី​លើ​ចុង​ត្នោត តែ​បុរស​នោះ​ប្រវា​ចាប់​ចុង​ស្លឹក​ត្នោត​ជាប់ ដូច​ជា​គេ​ចង់​ព្យួរ​តែ​ក​តោក​នៅ​នោះ ។ បុរស​នោះ​ភ័យ​ណាស់​មិន​ដឹង​បើ​នឹង​គណនា​ឡើយ ។[1]

ពេល​នោះ បុរស​ម្នាក់​ទៀត​ដែល​ខ្ពើម​អាចម៍ ជិះ​នៅ​តែ​លើ​ខ្នង​ដំរី ក៏​បរ​ដំរី​នោះ​ទៅ លុះ​ដល់​ក្រោម​ដើម​ត្នោត បុរស​ខ្ពើម​ក្ដី​ក្រឡេក​ឃើញ ក៏​ស្រែក​ហៅ​ថា «ឱ អ្នក​ជិះ​ដំរី មេត្តា​ជួយ​យក​អាយុ​ខ្ញុំ​ផង» ។ បុរស​ជិះ​ដំរី​ក្រឡេក​ឃើញ​បុរស​ខ្ពើម​ក្ដី​តោង​ធាង​ត្នោត​ព្យួរ​ខ្លួន​នៅ​នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «មិន​ដឹង​ជួយ​ដូច​ម្ដេច​ទេ» ។ បុរស​នៅ​លើ​ចុង​ត្នោត​ថា «អ្នក​ឯង​បរ​ដំរី​មក​ទី​ខាង​ក្រោម​ខ្ញុំ ហើយ​អ្នក​ឯង​ឈរ​ទាញ​ជើង​ខ្ញុំ​ចុះ» ។ បុរស​ជិះ​ដំរី​ឮ​ហើយ ក៏​បរ​ដំរី​ទៅ​ពី​ខាង​ក្រោម រួច​ក្រោក​ឈរ​លើ​ខ្នង​ដំរី លើក​ដៃ​ប្រវា​ចាប់​ជើង កំពុង​តែ​ចាប់​ជើង ដំរី​នោះ​ដូច​គេ​ទទោក​ដេញ​វា​ៗ ដើរ​ទៅ ។ បុរស​ពីរ​នាក់​ក៏​នៅ​ព្យួរ​តែកតោក​នៅ​នោះ ។ បុរស​ខាង​លើ​ភ័យ​ពេក រាគ​អាចម៍​ដាក់​ក្បាល​បុរស​ខាង​ក្រោម ។ បុរស​ពីរ​នាក់​ភ័យ​ណាស់​មិន​ដឹង​ធ្វើ​ដូច​ម្ដេច ។ ក្នុង​វេលា​នោះ មាន​បុរស​ទំពែក​ទាំង​៤ នាក់​ដើរ​រក​ស៊ី​កាន់​ក្ដី លុះ​ដើរ​ទៅ​ដល់​កន្លែង​នោះ​បុរស​ពីរ​នាក់​ដែល​តោង​ធាង​ត្នោត​នោះ ស្រែក​ថា « នែ​លោក​ទាំង ៤​នាក់​ដែល​ដើរ នោះ​មេត្តា​ជួយ​យក​ឲ្យ​ខ្ញុំ​ផង សឹម​ខ្ញុំ​ទៅ​នៅ​ជា​ខ្ញុំ​បម្រើ​លោក» ។

បុរស​ទំពែក​ ៤ នាក់​ឮ​ងើប​មើល​ទៅ ឃើញ​បុរស​ពីរ​នាក់​នោះ ក៏​ជំនុំ​គ្នា​ថា «យើង​ទាំង​៤​នាក់​តាំង​ពី​ដើរ​រក​ស៊ី​កាន់​ក្ដី​មក យូរ​ថ្ងៃ-ខែ-​ឆ្នាំ ហើយ​មិន​ដែល​បាន​ខ្ញុំ​ប្រើ​សោះ ឥឡូវ​យើង​គិត​យក​អា​ពីរ​នាក់​នេះ​ធ្វើ​ជា​ខ្ញុំ​យើង » គិត​ដូច្នោះ​ហើយ បុរស​ទាំង​៤ នាក់​ដើរ​ចូល​ទៅ​ក្រោម​ដើម​ត្នោត ក៏​និយាយ​ថា «យើង​មិន​ដឹង​ធ្វើ​ម្ដេច​ទេ» ។ បុរស​ពីរ​នាក់​ថា «ឱ លោក​អើយ​! លោក​យក​សំពត់​នោះ​ចង​នឹង​ក​លោក ម្នាក់ ១ ជ្រុង ហើយ​ឈរ​ទាញ​ឲ្យ​តឹង​ពី​ក្រោម​ខ្ញុំ​ៗ នឹង​ទម្លាក់​ខ្លួន​ទៅ​លើ​សំពត់​នោះ» ។ បុរស ៤ នាក់ ស្ដាប់​ហើយ​ក៏​ធ្វើ​តាម​ពាក្យ​បុរស​ពីរ​នាក់ ស្រេច​ហើយ បុរស​ពីរ​នាក់​ទម្លាក់​ខ្លួន​មក​ចំ​សំពត់​នោះ ។ ឯ​បុរស​ទាំង ៤ ក៏​ទង្គិច​ក្បាល​គ្នា​ស្លាប់​អស់​ទៅ​ ។

បុរស​ពីរ​នាក់​ដឹង​ថា​អ្នក​ទាំង ៤ នាក់ ស្លាប់​ហើយ​ភ័យ​ណាស់ លុះ​យប់​មាន​ផ្ទះ​យាយ​ចាស់​ម្នាក់​ប្ដី​គាត់​មិន​នៅ ទៅ​ធ្វើ​ចម្ការ​បុរស​ពីរ​នាក់​ក៏​នាំ​គ្នា​សែង​ខ្មោច​បុរស​ទំពែក​ទាំង​៤​ យក​ទៅ​ដាក់​នៅ​រាន​ហាល​ផ្ទះ​នោះ ហើយ​នាំ​គ្នា​រត់​បាត់​ទៅ ។ លុះ​ព្រឹក​ឡើង យាយ​ចាស់​ភ្ញាក់​ពី​ដេក​ចេញ​ទៅ​លុប​មុខ​ខាង​ក្រៅ ឃើញ​ខ្មោច​នោះ​ហើយ ភ្ញាក់​ព្រើត​ថា «យី​ខ្មោច​អ្វី​មក​ស្លាប់​នៅ​នេះ?» ថា​ហើយ​ក៏​អូស​ខ្មោច​នោះ​មួយ​ម្ដង ៗ យក​ទៅ​ដាក់​ក្នុង​ផ្ទះ ហើយ​យក​ខ្មោច​នោះ​មក​រុំ​សំពត់​ស យក​មក​ដាក់​ខាង​ក្រៅ​ផ្ទះ យំទួញ​ថា​ប្ដី​ស្លាប់ ហើយ​ដើរ​ទៅ​រក​អ្នក​ស្រុក​ឲ្យ​គេ​ជួយ​យក​ទៅ​កប់ អ្នក​ស្រុក​មក​ជួយ​យក​ខ្មោច​នោះ​ទៅ​កប់ ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។លុះ​ស្អែក​ឡើង​យាយ​ចាស់​ធ្វើ​ដូច​មុន​ទៀត ប្រាប់​គេ​ថា «ប្ដី​ខ្លួន​ត្រឡប់​មក​វិញ» ។ អ្នក​ស្រុក​គេ​ក៏​ជួយ​ទៀត លុះ​ខាន​ស្អែក​ឡើង យាយ​ធ្វើ​យ៉ាង​នេះ​ទៀត ទាល់​តែ​គ្រប់​ខ្មោច​ទាំង ៤ ។ អ្នក​ស្រុក​គិត​គ្នា​ថា «យើង​ទៅ​វាយ​ខ្មោច​នោះ ក្រែង​មក​ទៀត» គិត​ហើយ​នាំ​គ្នា​ទៅ​ចាំ​នៅ​ផ្លូវ​ដែល​យក​ខ្មោច​នោះ​ទៅ​កប់ ។ លុះ​ព្រលប់​តា​ប្ដី​យាយ​នោះ​អស់​អង្ករ ត្រឡប់​ពី​ចម្ការ​មក​យក​អង្ករ​ស៊ី លី​ឆ្នាំង​មួយ​ផង មក​ដល់​ប្រទះ​នឹង​ពួក​អ្នក​ស្រុក​ដែល​គេ​ចាំ​នោះ គេ​ស្រែក​ថា «កន​យើង​មក​ទៀត​ហើយ» គេ​នាំ​គ្នា​ដេញ​វាយ​តា​ស្រែក​ថា «ខ្ញុំ​ទេ ខ្ញុំ​មក​ពី​ចម្ការ »។ គេ​ថា «អាឯង​ស្លាប់​ទៅ​ហើយ​មក​វិញ ៤-៥ ដង​ឲ្យ​តែ​គេ​លំបាក» គេ​ក៏​វាយ​តា​នោះ​ទាល់​តែ​ស្លាប់​ទៅ ។

ខ្ពើម​អាចម៍​ជិះ​ដំរី ខ្ពើម​ក្ដី​ឡើង​ចុង​ឈើ

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ១១-១៣


  1. ដក​ស្រង់​ពី​ទស្សនាវដ្ដី​កម្ពុជ​សុរិយា​ឆ្នាំ ១៩៣៥ លេខ ៦-ទំព័រ ១៧១