32 រឿង​ មនុស្ស​លោភ

កាល​ពី​ព្រេង​នាយ មាន​រឿង​មួយ​ថា មាន​កុមារី​ម្នាក់​អាយុ ១៤ ឆ្នាំ ម្ដាយ​ប្រើ​ឲ្យ​ទៅ​ជីក​ដំឡូង ។ ក្មេង​នេះ រៀប​ចប​រួច​ស្រេច ចេញ​ដើរ​ទៅ​រក​ដំឡូង ទៅ​ដល់​ព្រៃ​ធំ​មាន​ដំបូក​មួយ​មាន​រូង​​ជ្រៅ ។ នាង​កុមារី​ទៅ​ជីក​ដំឡូង នៅ​ជើង​ដំបូក​នោះ ក៏​របូត​ផ្លែ​ចប​ជ្រុះ​ធ្លាក់​ទៅ​ក្នុង​រូង​នោះ ។ នាង​មិន​ដឹង​ធ្វើ​ដូច​ម្ដេច ក៏​ស្រែក​ប្រកាស​ថា «លោក​ណា អ្នក​ណា​អើយ ជួយ​យក​ផ្លែ​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក » ។ ស្រែក​តែ​ប៉ុណ្ណេះ មាន​ខ្លា​ចាស់​មួយ ដំបៅ​ក្បាល​ រុយ​បែង ដង្កូវ​ចុះ​គគ្រិច​ចេញ​ពី​ពី​ក្នុង​ព្រៃ ប្រាប់​ទៅ​នាង​នោះ ថា « នាង! តា​យក​ឲ្យ​បាន​ផ្លែ​ចប​នោះ តែ​បើ​តា​យក​បាន​តា​គ្រាន់​តែ​ឲ្យ​នាង​ឯង រក​ចៃ​ឲ្យ​តា​បាន​ហើយ តា​មិន​បាច់​យក​គុណ​ពី​ចៅ​ទេ» ។[1]

នាង​ឮ​ខ្លា​ថា​ដូច្នោះ​ក៏​និយាយ​​ទៅ​ថា «ឱ​លោក​តា​អើយ!​ឲ្យ​តែ​លោក​តា​ជួយ​យក​ឲ្យ​បាន​ចុះ» ។ ខ្លា​យក​ផ្លែ​ចប​បាន​ពី​ក្នុង​រូង​ឲ្យ​ទៅ​នាង ហើយ​ឲ្យ​នាង​រក​ចៃ​ឲ្យ » ។​ នាង​នោះ​យក​បន្លា​មក​ឆ្កឹះ​ដង្កូវ នៅ​ក្នុង​ដំបៅ​ក្បាល​ខ្លា ។ ខ្លា​ចេះ​តែ​សួរ​នាង​ថា «នាង ដំបៅ​តា​ស្អុយ​ឬ​ក្រអូប? » ។ ដំបៅ​នោះ​ស្អុយ​ណាស់ ប៉ុន្តែ​នាង​ឆ្លើយ​ប្រាប់​ទៅ​វិញ​ថា « ក្រអូប​ណាស់​លោក​តា » ខ្លា​ចេះ​តែ​សួរ នាង​ចេះ​តែ​ថា​ក្រអូប ។ លុះ​ឆ្កឹះ​ដង្កូវ​អស់​ទៅ ខ្លា​បាត់​ឈឺ​ បាត់​រមាស់ ហើយ​និយាយ​ប្រាប់​នាង​ថា « នាង! នាង​យក​ជាល​មួយ​មក តា​នឹង​ដាក់​ដំឡូង​ឲ្យ» ។ នាង​នោះ​ យក​ជាល​មួយ​មក​ឲ្យ​ខ្លា ៗ​ដាក់​សុទ្ធ​តែ​មាស​ប្រាក់​ពេញ​ជាល ចង​មាត់​ជាល​ជាប់​ឲ្យ​ទៅ​នាង រួច​ប្រាប់​នាង​នោះ​ថា « នាង​យក​ជាល​នេះ​ទៅ​ផ្ទះ ហៅ​បង​ប្អូន​នាង​មក​ជុំ​បិទ​ទ្វារ​ឲ្យ​ជិត​សឹម​បើក» ។

នាង​នោះ​លា​ខ្លា ដើរ​ទៅ​ដល់​ផ្ទះ ហៅ​បង​ប្អូន​មក​ជុំ រួច​ក៏​បើក​ជាល ដល់​បើក​ទៅ​បាន​សុទ្ធ​តែ​មាស​និង​ប្រាក់​ចែក​គ្នា ។ លុះ​យូរ​បន្តិច ដឹង​ទៅ​ដល់​ស្រី​ឯទៀត ដែល​មាន​កូន​ក្រមុំ ស្រី​នោះ​បញ្ជា​កូន​ក្រមុំ​ថា « ហង​ឯង​មើល​កូន​គេ ៗ ទៅ​ជីក​ដំឡូង​បាន​មាស​ប្រាក់​ យក​មក​ចែក​បង​ប្អូន​គេ ហង​ទៅ​ជីក​បាន​តែ​ដំឡូង គ្មាន​បាន​ខ្មោច​អ្វី​ទេ» ។ថ្ងៃ​ក្រោយ​ ស្រី​នោះ​ប្រើ​ឲ្យ​កូន​ទៅ​ជីក​ដំឡូង​ លុះ​បាន​ទៅ​ជួប​ប្រទះ​នឹង​ខ្លា ដូច​នាង​មុន​ទៀត ក៏​ធ្វើ​ជា​ជ្រុះ​ចប​ដូច​នាង​មុន​នោះ​ដែរ ហើយ​ថា « លោក​ណា​យក​ចប​ឲ្យ​ខ្ញុំ​បាន ខ្ញុំ​នឹង​សង​គុណ​លោក» ។ ខ្លា​ឮ​ហើយ ក៏​យក​មក​ឲ្យ​រួច​ឲ្យ​នាង​នោះ ចាប់​ដង្កូវ​ឲ្យ ។

ខ្លា​សួរ​ដូច​ពី​មុន​ថា « នាង! ដំបៅ​តា​ស្អុយ​ឬ​ក្រអូប? » ។ នាង​នោះ​ឆ្លើយ​ថា «ស្អុយ​ណាស់» ខ្លា​ឮ​ដូច​ច្នោះ​ថា « នាង​យក​ជាល​មួយ​មក តា​នឹង​ដាក់​មាស​ប្រាក់​ឲ្យ» ។ នាង​យក​ជាល​ឲ្យ​ខ្លា ៗ​ចាប់​សុទ្ធ​តែ​ពស់​វែក ដាក់​ពេញ​ជាល ហើយ​ឲ្យ​ទៅ​នាង​នោះ ប្រាប់​ថា « នាង​យក​ទៅ​ផ្ទះ​ហៅ​បង​ប្អូន​មក​ជុំ បិទ​ទ្វារ​ឲ្យ​ជិត​សឹម​បើក​ » ។ នាង​នោះ​ទៅ​ដល់​ផ្ទះ ហើយ​ប្រាប់​ម្ដាយ ៗ អរ​ណាស់​ឲ្យ​បង​ប្អូន​មក​ជុំ​តាំង​បិទ​ទ្វារ រួច​បើក​ជាល​មើល ។ ពស់​វែក​ចេញ​មក​ចឹក​មនុស្ស​ទាំង​នោះ​ស្លាប់​អស់​ទៅ ។

ចចើង​ចង់​លាភ រែង​បាត់​ធន​ទៅ

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ២ ទំព័រ ១-២


  1. ដក​ស្រង់​ពី​ទស្សនាវដ្ដី​កម្ពុជ​សុរិយា ឆ្នាំ ១៩៣៥ ទំព័រ​ ១០៩