1 រឿង គង់ហ៊ាន

កាល​ពីព្រេងនាយ មាន​មនុស្ស​ម្នាក់ ឈ្មោះ​គង់ មាន​ប្រពន្ធ​ពីរ [1]។ មួយ​ឈ្មោះ​អាង​អាំ មួយ​ឈ្មោះ​នាង​គំ ។ ថ្ងៃ​មួយ​អ្នក​គង់​នាំ​ប្រពន្ធ​ទាំងពីរ​នាក់​ទៅ​សួរ​បងប្អូន​នៅ​ស្រុក​ឆ្ងាយ ។ តាម​ផ្លូវ​នៅ​ស្រុក​នោះ មាន​ខ្លា​សាហាវ ។

អ្នក​គង់​បណ្ដើរ​ប្រពន្ធ​ទាំងពីរ​នាក់ ទៅ​ដល់​ព្រៃ​ធំ​មួយ​ ជិត​ស្រុក​គេ, ព្រៃ​នោះ​តែង​មាន​ខ្លា​ដេញ​ខាំ​មនុស្ស​ក្របី​​គោ ស៊ី​តែ​រឿយៗ ។ លុះ​អ្នក​គង់​ទៅ​ដល់​កន្លែង​នោះ ខ្លា​ក៏​ស្ទុះ​ដេញ ស្រែក​សន្ធាប់​ពី​ចម្ងាយ​មក ។ អ្នក​គង់​រត់​ចូល​រូង​ឈើ ញ័រ​ដៃ​ញ័រ​ជើង រាគ​នោម​ព្រោះ​ភ័យ​ណាស់ ។ នាង​អាំ​និង​នាង​គំ ខំ​ព្រួត​គ្នា​វាយ​ខ្លា​នោះ​ស្លាប់​ទៅ ។

ឯ​អ្នក​គង់ ឃើញ​ប្រពន្ធ​វាយ​ខ្លា​ស្លាប់​ហើយ បាន​ស្ទុះ​ម្នីម្នា​ចេញ​ពី​រូង​ឈើ​មក យក​ដំបង​វាយ​ខ្លា​ស្លាប់​ស្រាប់​នោះ​ថែម​ទៀត ។

ប្រពន្ធ​ទាំងពីរ​បន្ទោស​ប្ដី​ថា «ខ្លា​គេ​វាយ​ងាប់​ហើយ ធ្វើ​ជា​មក​វាយ​ថែម​ទៀត ប្រុស​អី​កំសាក​ញី​ដូច្នេះ » ។

អ្នក​គង់​ជេរ​បំពាន​ទៅ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​វាយ​ខ្លា​ស្លាប់​ទេ​មាន​តែ​ប្រុស ទើប​ហ៊ាន​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ហើយ​អ្នក​គង់​ក៏​បាន​បោច​វល្លិ​ចង​ខ្លា​នោះ​ នាំ​ប្រពន្ធ​សែង​ចូល​ទៅ​ក្នុង​ស្រុក ។

អស់​អ្នក​ស្រុក​ឃើញ​អ្នក​គង់​សែង​ខ្លា​មក គេ​បបួល​គ្នា​ទៅ​មើល​ពាសពេញ ហើយ​គេ​សួរ​ថា «ឯង​ធ្វើ​ដូចម្ដេច​បាន​ជា​បាន​ខ្លា​នេះ ត្បិត​ខ្លា​នេះ​សាហាវ​ណាស់ វា​តែង​តែ​ខាំ​មនុស្ស​ម្នា​ក្របី​គោ ស៊ី​ច្រើន​ណាស់​ហើយ» ។

ប្រពន្ធ​អ្នក​គង់​ក៏​និយាយ​ប្រាប់​អ្នក​ស្រុក​ថា «អ្នក​គង់​គាត់​ឃើញ​ខ្លា​វា​បោល​មក​ គាត់​រត់​ចូល​ក្នុង​រូង​ឈើ ខ្ញុំ​ពីរ​នាក់​ជា​ស្រីៗ​ព្រួត​គ្នា​វាយ​ខ្លា​ទាល់​តែ​ស្លាប់» ។

អ្នក​គង់​ឮ​ប្រពន្ធ​និយាយ​ប្រាប់​គេ​ដូច្នោះ ក៏​បញ្ចោរ​រំលោភ​ទៅ​លើ​ប្រពន្ធ​ថា «មិន​ដែល​មាន​ស្រី​ណា​ខ្លាំង​ពូកែ​ ហ៊ាន​វាយ​ខ្លា​ស្លាប់​ទេ មាន​តែ​ប្រុស​ទើប​ខ្លាំង​ពូកែ ហ៊ាន​វាយ​ខ្លា​ឲ្យ​ស្លាប់​បាន» ។

អ្នក​គង់​ក៏​អួត​ប្រាប់​អ្នក​ស្រុក​ថា «កាល​ដែល​ខ្លា​វា​ស្ទុះ​មក​នឹង​ខាំ​ដូច្នេះ ខ្ញុំ​ដាក់​ស្នៀត​គុន​ដូច្នេះ បាន​ជា​វាយ​វា​បាន» ហើយ​អ្នក​គង់​ធ្វើ​ជា​លោត​គុន​វាយ​ខ្លា ឲ្យ​អ្នក​ស្រុក​មើល ។ ឯ​អស់​អ្នក​ស្រុក​កោត​ខ្លាច​អ្នក​គង់​រាល់​គ្នា ហើយ​ឲ្យ​ឈ្មោះ​ថា «គង់ហ៊ាន»[2] តាំង​ពី​ថ្ងៃ​នោះ​មក ឮ​ល្បី​ឈ្មោះ​គង់ហ៊ាន ជា​អ្នក​ពូកែ ចេះ​គុន​វាយ​ខ្លា​ស្លាប់ ។ រឿង​នេះ​ជ្រាប​ដល់​ស្ដេច​ៗ ក៏​ឲ្យ​យក​ទៅ​ចិញ្ចឹម​ធ្វើ​ជា​សេនា​សម្រាប់​ច្បាំង​សង្គ្រាម ។

លុះ​យូរ​បន្តិច​ទៅ ចួន​ជា​មាន​សឹក​គេ​លើក​មក​ច្បាំង​យក​នគរ ស្ដេច​ទ្រង់​ប្រើ​គង់ហ៊ាន​ឲ្យ​ទៅ​ច្បាំង ។ គង់ហ៊ាន ឮ​ស្ដេច​ទ្រង់​ប្រើ​ឲ្យ​ទៅ​ជួយ​ច្បាំង​សឹក​ដូច្នោះ ភ័យ​ណាស់​ពុំ​ដឹង​បើ​គិត​ដូចម្ដេច នឹង​មិន​ទៅ​ច្បាំង​មិន​បាន ត្បិត​ស្ដេច​ទ្រង់​ប្រើ​ហើយ ហើយ​ខ្លួន​បាន​ទាំង​ល្បី​ឈ្មោះ​ជា​អ្នក​ខ្លាំង​ពូកែ​ផង ត្រឡប់​មក​វិញ ដេក​សន្ធឹក​សន្ធៃ​អត់​បាយ ។

ប្រពន្ធ​ទាំងពីរ​នាក់​ចូល​ទៅ​សួរ​ថា ម្ដេច​បាន​ជា​អ្នក​ដេក​អត់​បាយ​ដូច្នេះ មាន​បើ​ហេតុភេទ​អ្វី ប្រការ​ដូចម្ដេច ? ។ គង់​ហ៊ាន​ប្រាប់​ថា ត្បិត​ស្ដេច​ទ្រង់​ប្រើ​បង​ឲ្យ​ទៅ​ច្បាំង​សឹក ឥឡូវ​នេះ បង​ខ្លាច​សឹក​នោះ​ណាស់ មិន​ដឹង​បើ​គិត​ដូចម្ដេច​ទេ ប្រពន្ធ​ឆ្លើយ​ឡើង​ថា អ្នក​កុំ​ព្រួយ​ចិត្ត​ធានា​លើ​ខ្ញុំ​ទាំងអស់ អ្នក​ក្រោក​ឡើង​ ពិសា​បាយ​ឲ្យ​ឆ្អែត ងូត​ទឹក​ឲ្យ​ស្រួល​ខ្លួន​ចុះ ។

គង់ហ៊ាន​ឮ​ប្រពន្ធ​លួងលោម​ដូច្នោះ បាន​ធូរ​ក្នុង​ចិត្ត ក្រោក​ឡើង​ងូត​ទឹក ស៊ី​បាយ រៀប​គ្រឿង​ប្រដាប់​ទៅ​ច្បាំង, លុះ​រៀប​រួច​ហើយ​ដល់​បាន​ពេលា​ល្អ ក៏​ចូល​ទៅ​ក្រាប​បង្គំ​លា​ស្ដេច​ចេញ​ទៅ​ច្បាំង, យក​ទាំង​ប្រពន្ធ​ទៅ​ផង ។

គង់ហ៊ាន​ជិះ​ខាង​ក្បាល​ដំរី ប្រពន្ធ​ជិះ​ខាង​ក្រោយ មាន​រេហ៍ពល​ហែហម​អម​មុខ​ក្រោយ​ជា​ក្បួន​ទ័ព​ត្រៀបត្រា​ពាសពេញ លុះ​ជិះ​ទៅ​ជិត​ខ្មាំង​សត្រូវ​មើល​ឃើញ​ច្បាស់​ប្រាកដ គង់ហ៊ាន​ភ័យ​ណាស់​ លេច​អាចម៍​លេច​នោម​ញ័រ​ដៃ​ជើង​ដូច​គេ​អង្រួន​ក្បាល​ដំរី ។ ឯ​ដំរី​គិត​ស្មាន​ថា​ គេ​អង្រួន​ឲ្យ​ខ្លួន​បោល​ចូល​ក៏​ចេះ​តែ​បោល​សម្រុក​ចូល​ទៅ មុន​រេហ៍ពល​ទាំងអស់​គ្មាន​នរណា​តាម​ទាន់ ។

ឯ​ខ្មាំង​សត្រូវ​ឃើញ​គង់ហ៊ាន​បំបោល​ដំរី​ចូល​ដូច្នោះ គិត​ស្មាន​ថា​មេទ័ព​នេះ​ពូកែ​ណាស់​ ក៏​បាក់​ទ័ព​ចាញ់ រត់​យក​តែ​ព្រះ​អាយុ​ដោយ​ខ្លួន​ទៅ ។ គង់ហ៊ាន​ឃើញ​ខ្មាំង​រត់​ទៅ​អស់​ក៏​ធ្វើ​ជា​អួត​ក្អេងក្អាង​ ឲ្យ​អស់​នាហ្មឺន​និង​រេហ៍ពល​កោត​ខ្លាច ។

អស់​នាហ្មឺន​ឃើញ​គង់ហ៊ាន​លេច​អាចម៍​ដាក់​ក្បាល​ដំរី ស្អុយ​ពាសពេញ​ដូច្នេះ​ គេ​សួរ​ថា «លោក​មេទ័ព ថ្វី​ក៏​លេច​លាមក​ដូច្នេះ ?» ។

គង់ហ៊ាន​ឆ្លើយ​ឡើង​ថា «បើ​កំពុង​តែ​ច្បាំង​នឹង​សត្រូវ​ហើយ​ឈឺ​ផ្ទៃ និង​ចុះ​ទៅ​ដោះ​ទុក្ខ​សត្វ​ឯណា​បាន មាន​តែ​ដោះ​ទុក្ខ​សត្វ​លើ​ក្បាល​ដំរី​ដូច្នេះ​ឯង បើ​រវល់​តែ​ដោះ​ទុក្ខ​សត្វ ខ្មាំង​វា​មិន​កាប់​ស្លាប់​ឥត​អំពើ​ទៅ​ហើយ​ឬ ? »

អស់​នាហ្មឺន​និង​រេហ៍ពល​ ឮ​គង់ហ៊ាន​និយាយ​ដូច្នោះ អ្នក​ខ្លះ​មាន​ប្រាជ្ញា​ គេ​ដឹង​ថា​គង់ហ៊ាន​ខ្លាច, អ្នក​ខ្លះ​មិន​សូវ​មាន​ប្រាជ្ញា ក៏​កោត​ខ្លាច​គង់ហ៊ាន​ណាស់ ។ ឯ​គង់ហ៊ាន​បាន​ឈ្នះ​ទ័ព ត្រឡប់​ចូល​មក​ក្នុង​នគរ​វិញ​ ហើយ​ចូល​ទៅ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច ។

ស្ដេច​ទ្រង់​ជ្រាប​ថា គង់ហ៊ាន​ទៅ​ច្បាំង​ឈ្នះ ដេញ​ខ្មាំង​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ទ្រង់​ត្រេកអរ​ណាស់ ទ្រង់​ព្រះរាជទាន​យស​សក្ដិ​ជា​នាហ្មឺន​ធំ ហើយ​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ​គ្រឿង​បណ្ណាការ​ជា​ច្រើន ។

តាំង​អំពី​ថ្ងៃ​នោះ​មក គង់ហ៊ាន រឹត​តែ​អួត​ខ្លាំង​ពូកែ​ក្អេងក្អាង​ឡើង​ទៀត ។ លុះ​ក្រោយ​មក​ទៀត​ មាន​ក្រពើ​សាហាវ​មួយ ចេះ​តែ​ដេញ​ខាំ​អស់​មនុស្ស​ម្នា អ្នក​ឈ្មួញ​ជួញ​លក់ដូរ ដើរ​រកស៊ី​ខាង​ជើង​ទឹក​ជើង​កំពង់ គេ​ខ្លាច​រអា​គ្រប់​គ្នា​ មិន​មាន​អ្នក​ណា​ហ៊ាន​ចុះ​មុជ​ទឹក ឬ​ដើរ​ងូត​សោះ ។ អស់​រាស្ត្រ​លំបាក​ចិត្ត​ណាស់ ។ រឿង​នោះ​ក៏​ជ្រាប​ទៅ​ដល់​ស្ដេច​ៗ ទ្រង់​ត្រាស់​ប្រើ​ឲ្យ​គង់ហ៊ាន​ទៅ​ចាប់​ក្រពើ ។ ឯ​គង់ហ៊ាន​ឮ​ព្រះ​បន្ទូល​ដូច្នោះ​នឹក​ភ័យ​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ទទឹង​ព្រះ​បន្ទូល ក៏​ទទួល​ថា នឹង​យក​អាសា​សូម​ទ្រង់​កុំ​ព្រួយ​ព្រះរាជហឫទ័យ ។

គង់ហ៊ាន​ត្រឡប់​មក​ដល់​ផ្ទះ​និយាយ​នឹង​ប្រពន្ធ​ថា «គេហ៍​អើយ ! ឥឡូវ​នេះ​ស្ដេច​ទ្រង់​ប្រើ​យើង​ឲ្យ​ទៅ​ចាប់​ក្រពើ​ក្នុង​ទន្លេ ត្បិត​ក្រពើ​សាហាវ​ណាស់, ម្ដង​នេះ​ឃើញ​ជា​មិន​រួច​ខ្លួន​ទេ មុខ​ជា​ក្រពើ​ខាំ​ស្លាប់​មិន​ខាន, ពី​មុន​នៅ​លើ​គោក​គ្រាន់​នឹង​មើល​ទៅ​ឃើញ ឥឡូវ​នេះ​នៅ​ក្នុង​ទឹក ធ្វើ​ដូចម្ដេច​នឹង​គេច​រួច ? ប៉ុន្តែ​ស្ដេច​ទ្រង់​ប្រើ​ហើយ​នឹង​មិន​ទៅ​ក៏​មិន​បាន បើ​ដូច្នេះ​មាន​តែ​ទៅ​លោត​ទឹក​ឲ្យ​ក្រពើ​ខាំ​ស្លាប់​តែ​ម្ដង​ទៅ » គង់ហ៊ាន​គិត​គ្នា​នឹង​ប្រពន្ធ​ដូច្នោះ​ហើយ ក៏​ហៅ​អស់​កូន​ក្មួយ​មក​ធ្វើ​ជា​ទៅ​ចាប់​ក្រពើ ។

អស់​មនុស្ស​ម្នា មហាជន បាន​ឮ​ថា​គង់ហ៊ាន​បាន​ទៅ​ចាប់​ក្រពើ ក៏​បបួល​គ្នា​ទៅ​មើល​ពាសពេញ ។ លុះ​គង់ហ៊ាន​ទៅ​ដល់​កំពង់​ទឹក បាន​ឃើញ​ក្រពើ​ហែល​មក​ប្រប​ច្រាំង​ ត្រង់​ទី​ដែល​មាន​ដើម​ឈើ​ពីរ​ដើម​ដុះ​ជិត​គ្នា មាន​ប្រគាប គាត់​ក៏​ស្ទុះ​លោត​ចុះ​ទៅ​ក្នុង​ទឹក​ត្រង់​ទីនោះ ដោយ​គិត​ថា លោត​ទៅ​ឲ្យ​ក្រពើ​វា​ខាំ​ឲ្យ​ស្លាប់​ទៅ​ទេ ប៉ុន្តែ​ក្រពើ​វា​ឮ​សូរ​សន្ធឹក​គង់ហ៊ាន​លោត​ចុះ​ក៏​ភ្ញាក់​ព្រើត ប្រឹង​លោត​ឡើង​ដូច​គេ​ប្រហក​ក្នុង​ប្រគាប​ឈើ ជាប់​ពាក់​កណ្ដាល​ខ្លួន​រុញ​ទៅ​មុខ​ ក៏​មិន​រួច ថយ​មក​ក្រោយ​ក៏​មិន​រួច ។

គង់ហ៊ាន​មុជ​ទៅ​ក្នុង​ទឹក​ងើប​ឡើង​ឃើញ​ក្រពើ​ជាប់​នឹង​ដើម​ឈើ​ដូច្នោះ​ ស្រែក​បង្គាប់​កូន​ក្មួយ ឲ្យ​យក​លំពែង​មក​ចាក់ កាប់​ក្រពើ​នោះ​ស្លាប់​ទៅ ។ ឯ​អ្នក​ដែល​មើល​ទាំង​ប៉ុន្មាន គេ​គិត​ស្មាន​ថា​គង់ហ៊ាន​ចាប់​ក្រពើ​បោះ​មក​ឲ្យ​ជាប់​នឹង​ដើម​ឈើ ក៏​កោត​ខ្លាច​គង់ហ៊ាន​ក្រៃពេក ។

គង់ហ៊ាន បាន​ឃើញ​ក្រពើ​ស្លាប់​ដូច្នោះ​ ក៏​រឹត​តែ​ក្អេងក្អាង​ អួត​ខ្លាំង​ពូកែ​ឡើង​ទៀត​ ហើយ​ចូល​ទៅ​ក្រាប​ទូល​ស្ដេច តាម​ខ្លួន​បាន​ចាប់​ក្រពើ​ចោល​ឡើង​មក​លើ​គោក ។ ស្ដេច​ក៏​ទ្រង់​សព្វ​ព្រះរាជហឫទ័យ ប្រោស​ព្រះរាជទាន​យស​សក្ខី​ ឲ្យ​គង់ហ៊ាន​ឡើង​ជា​ធំ​លើស​ពី​មុន​ទៀត​ ហើយ​ទ្រង់​ព្រះរាជទាន​ទាំង​អំណាច​ ទាំង​រង្វាន់​ជា​ច្រើន ។

សំណាប​យោង​ដី​ ស្រី​យោង​ប្រុស

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ១១ – ១៤


  1. ច្បាប់​សរសេរ​ដៃ​ នៅ​បណ្ណាល័យ​ពុទ្ធសាសនបណ្ឌិត្យ​ លេខ C. 20 B របស់​លោក E Aymonier ចាត់​ការ​ប្រមូល​ក្រង​ ទំព័រ ២៦ ខាង​ភាសា​ខ្មែរ និង​កម្ពុជ​សុរិយា លេខ​ ៤៤៦ ឆ្នាំ ១៩៣៧ គ្មាន​ឈ្មោះ​អ្នក​រៀបរៀង​ទេ ។
  2. ហ៊ាន (v) [hien]: to dare, risk, be bold to