43 រឿង ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ជា​អ្នក​កម្សត់​ក្រលំបាក, ម្ដាយ​ឪពុក​ស្លាប់​ចោល​ពី​តូច នៅ​តែ​ម្នាក់​ឯង តែង​រក​ស៊ី​ចិញ្ចឹម​អាត្មា​គ្រាន់​តែ​ឆ្អែត​ពោះ ។ ដល់​បុរស​នោះ​ចម្រើន​ធំ​ដឹង​សេចក្ដី​ឡើង ក៏​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ នឹង​មាន​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ឬ​ទេ? » ។ ថ្ងៃ​មួយ ស្ដេច​ក្នុង​នគរ​នោះ ទ្រង់​គិត​ធ្វើ​បុណ្យ​កម្សាន្ត​សប្បាយ​មួយ ។ [1]
ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ចូល​មក​គាល់ ។ មក​ដល់​ទ្រង់​បង្គាប់​ឲ្យ​នាហ្មឺន​នោះ ចេញ​ទៅ​ធ្វើ​រោង​សង់​សាលា​បុណ្យ​នៅ​ត្រើយ​ស្ទឹង​ម្ខាង ។ ឯ​ស្ទឹង​នោះ មាន​ស្ពាន​សួរ​ឆ្លង​ទេ ។ នាហ្មឺន​នោះ ទៅ​ធ្វើ​រោង​សង់​សាលា​រួច​ស្រេច​វិល​មក​ក្រាប​ទូល​ស្ដេច ៗ ទ្រង់​ឲ្យ​រៀប​ភ្ញី​ផ្កា ស្លា​ម្លូ គ្រប់​បរិក្ខារ ជា​រណ្ដាប់​បុណ្យ ហើយ​ស្ដេច​យាង​ចេញ​កាន់​ចុង​ព្រះរាជ​រោង ដោយ​ជួន​ជុំ​មន្ត្រី​តូច​ធំ​ហែ​ស្ដេច​យាង​ចូល​រោង​បុណ្យ ។

ឯ​បុរស​នោះ ឮ​ថា​ស្ដេច​ធ្វើ​បុណ្យ​ដូច្នោះ ក៏​មាន​សេចក្ដី​ត្រក​អរ ដោយ​ចង់​ដឹង​ថា «ក្នុង​នគរ​នោះ មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត ឬ​ទេ? » ហើយ​បុរស​នោះ​ដើរ​ទៅ​នៅ​ក្រោម​ស្ពាន ធ្វើ​ជា​អង្គុយ​ស្ទូច​ត្រី ។ ស្ដេច​ទ្រង់​យាង​ទៅ​ឯ​សាលា​បុណ្យ​មុន​គេ នៅ​តែ​អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច ។ ដល់​វេលា​រសៀល អស់​អ្នក​និង​ព្រះ​រាជបុត្រី​ស្ដេច​នោះ ក៏​រៀប​ខ្លួន​នឹង​ទៅ​ចូល​រោង​បុណ្យ ។ ឯ​ព្រះ​រាជបុត្រី​ស្ដេច​នោះ កំព្រា ពុំ​មាន​ព្រះ​មាតា ៗ ក្ស័យ​ព្រះជន្ម​ចោល​នាង តាំង​អំពី​តូច​ម្ល៉េះ លុះ​អស់​អ្នក​និង​ពួក​ស្រី​ស្នំ​ក្រម​ការ​ឆ្លង​ស្ពាន​ហួស​អស់​ទៅ នៅ​តែ​ព្រះ​រាជបុត្រី​កំព្រា​ជា​ក្រោយ​គេ ដល់​នាង​យាង​ទៅ​ដល់​ស្ពាន នាង​ទត​ទៅ ឃើញ​បុរស​កម្សត់​អង្គុយ​ស្ទូច​ត្រី​នៅ​ក្រោម​ស្ពាន​នាង​ឈប់ ពុំ​ហ៊ាន​យាង​ហួស​ទៅ, អស់​ពួក​ស្រី​បរិវារ​សួរ​ថា «ម្ចាស់ ដូចម្ដេច​បាន​ជា​ឈប់?» ។ ទើប​នាង​មាន​ព្រះ​បន្ទូល​សវនីយ៍​ប្រាប់​ទៅ​អស់​ពួក​ស្រីៗ​ថា «បាន​ជា​ខ្ញុំ​ឈប់​ត្បិត​មាន​បុរស​ម្នាក់​នៅ​អង្គុយ​ក្រោម​ស្ពាន ទៅ​ដូចម្ដេច​នឹង​បាន!» ។ អស់​ស្រី​សាវឡិក​ថា «ម្ចាស់​យាង​ទៅ! មិន​អី​ទេ! ខ្លាច​ថ្វី! មនុស្ស​កម្សត់​ដូច​មនុស្ស​ឆ្កួត» ។ នាង​ឆ្លើយ​ឡើង​ថា «កុំ​ស្រដី​ដូច្នោះ មិន​ត្រូវ​ទេ ធម្មតា​គេ​ជា​ប្រុស ទុក​ជា​គេ​ឆ្កួត​ព្រើល​ល្ងង់​ខ្លៅ​ដូចម្ដេច ក៏​យើង​ជា​ស្រី​មិន​ត្រូវ​ដើរ​រំលង​ក្បាល​គេ​ទេ!» ។

អស់​ពួក​ស្រីៗ​វា​ស្ដី​ឲ្យ​ថា «នៃ​អ្នក​កំឡោះ​អង្គុយ​ស្ទូច​ត្រី​ក្រោម​ស្ពាន! ដើរ​ចេញ! ម្ចាស់​យើង​យាង​ទៅ​ធ្វើ​បុណ្យ» ។ បុរស​នោះ ឮ​ស្រីៗ​ស្រដី​ថា​ដូចម្ដេច ក៏​មិន​ដើរ​ចេញ ធ្វើ​ជា​មិន​ឮ ។ ឯ​នាង​ជា​បុត្រី ស្ដេច​ក៏​ស្រដី​ឲ្យ​បុរស​នោះ​ថា «នៃ​អ្នក​ស្ទូច​ត្រី​អញ្ជើញ​ចេញ​ពី​ក្រោម​ស្ពាន​ទៅ ឲ្យ​ខ្ញុំ​សុំ​ផ្លូវ​ទៅ​ផង»! ។
បុរស​នោះ ឮ​នាង​ជា​បុត្រី​ស្ដេច​និយាយ​ដូច្នោះ ក៏​ក្រោក​ដើរ​ចេញ​តយ​ង៉យ​ទៅ​ផ្ទះ​អាត្មា​វិញ ។ ឯ​នាង​បុត្រី​ស្ដេច​ឃើញ​ចៅ​បុរស​នោះ​ដើរ​ហួស​ទៅ ទើប​នាង​ហ៊ាន​ឆ្លង​ទៅ​ធ្វើ​បុណ្យ​ជា​មួយ​នឹង​ស្ដេច​ជា​ឪពុក ដល់​ពេល​ធ្វើ​បុណ្យ​រួច​ស្រេច​បរិបូណ៌ ស្ដេច​ក៏​វិល​មក​ព្រះ​ដំណាក់​វិញ ។
លុះ​ថ្ងៃ​ក្រោយ បុរស​នោះ គិត​ក្នុង​ចិត្ត​នឹក​ចង់​ចូល​ទៅ​គាល់​ស្ដេច ក៏​រៀប​ខ្លួន​ដោយ​នូវ​ភាព​ខ្លួន​ជា​អ្នក​កម្សត់​ក្រលំបាក រៀប​រួច​ចេញ​ដើរ​ពី​ផ្ទះ​អាត្មា​ទៅ ដល់​មាត់​ទ្វារ​វាំង ក៏​ចូល​ទៅ​ដោយ​បំណង​នឹង​គាល់​ស្ដេច ។ ឯ​ពួក​ទាហាន​ចាំ​ទ្វារ​វាំង វា​ឃាត់​មិន​ឲ្យ​ចូល​ថា «ចៅ​បុរស​ឯង រូប​ក៏​អាក្រក់ សំពត់​ក៏​ចាស់​ដាច់​ដាច មិន​គួរ​នឹង​ចូល​ក្នុង​ទី​វាំង​ស្ដេច​ទេ!» ។

បុរស​នោះ គិត​ក្នុង​ចិត្ត​ថា «អញ​គិត​ធ្វើ​ដូចម្ដេច ឲ្យ​បាន​ជ្រាប​ដល់​ស្ដេច ៗ នឹង​ឲ្យ​ហៅ​អញ​ចូល» ហើយ​និយាយ​ទៅ​នឹង​ពួក​ទាហាន​ចាំ​ទ្វារ​ថា «អ្នក​កុំ​ឃាត់​ខ្ញុំ ត្បិត​ខ្ញុំ​ឃើញ​ក្នុង​នគរ​ស្ដេច ឥត​មាន​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត​ទេ» ។ ចៅ​បុរស​និយាយ​តែ​ប៉ុណ្ណោះ ក៏​អង្គុយ​ស្ងៀម​នៅ​នឹង​មាត់​ទ្វារ​នោះ​ទៅ ពុំ​និយាយ​ស្ដី​នឹង​អ្នក​ឯណា​ទៀត​ឡើយ ។ លុះ​ស្ដេច​ចេញ​កាន់​ចុង​ព្រះ​រាជរោង អស់​នាហ្មឺន​ធំ​តូច​ក៏​មក​ជួប​ជុំ​គ្នា​គាល់​ស្ដេច ។
នាយ​ទាហាន​ចាំ​ទ្វារ​សង្ស័យ​ណាស់ ក៏​ចូល​ទៅ​ក្រាប​ទូល​ស្ដេច​ថា «មាន​ចៅ​បុរស​កម្សត់​ម្នាក់ មិន​ដឹង​មក​ពី​ណា ចង់​ចូល​មក​គាល់​តែ​ទូល​បង្គំ​ជា​ខ្ញុំ​ឃាត់​មិន​ឲ្យ ចូល​ត្បិត​បុរស​នោះ​ស្លៀក​សំពត់​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ តែ​ចៅ​បុរស​នោះ និយាយ​នឹង​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​«អ្នក​ឯង​មិន​ត្រូវ​ឃាត់​ខ្ញុំ​ទេ ត្បិត​ខ្ញុំ​យល់​ឃើញ​ថា ក្នុង​នគរ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត» ចៅ​បុរស​នោះ និយាយ​តែ​ប៉ុណ្ណេះ​ក៏​នៅ​ស្ងៀម​ទៅ ។

ស្ដេច​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​សួរ​ទៅ​នាយ​ទាហាន​ថា «ចុះ​ឥឡូវ​ចៅ​បុរស​នោះ នៅ​ឯណា?» ។ នាយ​ទាហាន​ទូល​ថា «នៅ​ឯ​មាត់​ទ្វារ​វាំង» ។ ទើប​ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ​អាមាត្យ​ឯង ទៅ​ហៅ​វា​មក​មើល!» ។ អមាត្យ​រត់​ទៅ​ហៅ​បុរស​អង្គុយ​នៅ​មាត់​ទ្វារ​ប្រាប់​ថា «នៃ​ចៅ​បុរស ស្ដេច​មាន​ព្រះ​បន្ទូល​ឲ្យ​ចៅ​បុរស​ឯង​ចូល​ទៅ» ។ ចៅ​បុរស​នោះ ក៏​ដើរ​ទៅ​ជា​មួយ​នឹង​អមាត្យ​ទៅ​ដល់​ហើយ ក្រាប​ថ្វាយ​បង្គំ​ស្ដេច​ហើយ​អង្គុយ​គាល់​ក្នុង​ទី​ដ៏​សម​គួរ​ទៅ ។
ស្ដេច​ទត​ឃើញ​អមាត្យ​នាំ​ចៅ​បុរស​នោះ មក​ដល់​ទ្រង់​មាន​បន្ទូល​ថា «ចៅ​បុរស​ឯង​និយាយ​ថា​ក្នុង​នគរ​អញ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, តើ​ចៅ​បុរស​ឯង​ថា​ដូច្នោះ​មែន​ឬ​ដូចម្ដេច? » ។ ចៅ​បុរស​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ក្នុង​ទី​ព្រះ​នគរ​របស់​ល្អង​ធូលី​ព្រះ​បាទ​នេះ គ្មាន​ស្ត្រី​ពិត-​ម្ដាយ​ពិត-ឪពុក​ពិត​ទេ, ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ក្នុង​ទី​ព្រះ​រាជវាំង​មាន​តែ​ញី ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន ម្ដាយ​ពិត-ឪពុក​ពិត​គ្មាន ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ថា​មែន» ហើយ​ចៅ​បុរស​ទូល​តប​ទៅ​នឹង​ស្ដេច​ទៀត​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ឯ​ស្រី​ពិត មាន​តែ​មួយ​គឺ​ជា​ព្រះ​រាជបុត្រី​ពៅ​ព្រះ​ករុណា​ពិសេស​នេះ ទើប​ហៅ​ស្ត្រី​កប​នរល័ក្ខណ៍ ជាក់​ជា​ស្ត្រី​ពិត​មែន» ។
ស្ដេច​ទ្រង់​យល់​ដូច​ចៅ​បុរស​នោះ ថា​មែន ទើប​មាន​ព្រះ​បន្ទូល​សួរ​ថា «នៃ​ចៅ​បុរស/ ដូចម្ដេច​ហៅ​ថា​ស្ត្រី​ពិត? ដូចម្ដេច​ហៅ​ថា​ម្ដាយ​ពិត ឪពុក​ពិត? ម្ដាយ​ពិត ឪពុក​ពិត​នោះ មាន​តែ​ល្អង​ធូលី​ព្រះ​បាទ​យាង​ចេញ​ពី​ព្រះ​នគរ​ទៅ​ស៊ើប​រក​ផ្ទាល់​ព្រះ​អង្គ​ទើប​បាន បើ​ល្អង​ធូលី​ព្រះ​បាទ រក​បាន​នៅ​ទី​ណា ស្រុក​ណា ភូមិ​ណា សូម​ល្អង​ធូលី​ព្រះ​បាទ​ទ្រង់​ធ្វើ​តាម​សព្វ​ព្រះ​រាជ​ហឫទ័យ ដែល​ទ្រង់​គិត​ឃើញ​ដូចម្ដេច លុះ​ទ្រង់​ពិសោធ​គ្រប់​ជំពូក​ទៅ​ហើយ ពុំ​មាន​ថា​អ្វី ទើប​ហៅ​ពេញ​ជា​ស្ត្រី​ពិត-ម្ដាយ​ពិត-ឪពុក​ពិត » ។

ស្ដេច​ទ្រង់​ជ្រាប​សព្វ​គ្រប់​ប្រការ ហើយ​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ចៅ​បុរស​នេះ និយាយ​ត្រូវ​ប្រាកដ​ហើយ ទ្រង់​ព្រះរាជទាន​នូវ​មាស​ប្រាក់​សំពត់​អាវ​ ឲ្យ​ចៅ​បុរស​នោះ ទ្រង់​ផ្ដាំ​ថា «ចៅ​បុរស​ឯង​កុំ​ទៅ​ណា​ឆ្ងាយ នៅ​ចាំ​អញ​បើ​អញ​រក​ស្ត្រី​ពិត-​ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ អញ​វិល​មក​វិញ​ថ្ងៃ​ណា អញ​នឹង​ឲ្យ​ចៅ​បុរស​ឯង​ធ្វើ​ជា​ធំ​លើស​គេ​ទាំង​ពួង» ហើយ​ស្ដេច​ទ្រង់​បង្គាប់​នាហ្មឺន​ធំ​ម្នាក់ ឲ្យ​ធ្វើ​ផ្ទះ​មួយ​ឲ្យ​ចៅ​បុរស​នោះ​នៅ ទ្រង់​ផ្ដាំ​នាហ្មឺន​នោះ ឲ្យ​ជប់លៀង​ចិញ្ចឹម​ចៅ​បុរស​នោះ​រៀង​ទៅ ។ ក្នុង​ពេល​ដែល​ស្ដេច​ទ្រង់​យាង​ចេញ​ចាក​ព្រះនគរ ទៅ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​នោះ ស្ដេច​មាន​បន្ទូល​ហៅ​នាហ្មឺន​ធំ​ម្នាក់ ដែល​ជា​អ្នក​សម្រេច​រាជការ​ក្នុង​ព្រះ​នគរ ឲ្យ​មើល​រក្សា​ព្រះរាជវាំង ត្បិត​ទ្រង់​នឹង​យាង​ចេញ​រក​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត ហើយ​ទ្រង់​រៀប​ដំណើរ​ភៀស​ព្រះ​អង្គ​ជា​បុរស​កម្សត់​ម្នាក់ យាង​ចេញ​ទៅ​ក្នុង​វេលា​យប់​ស្ងាត់ ពុំ​ឲ្យ​នរណា​មួយ​ដឹង​ឡើយ ឲ្យ​ដឹង​តែ​បុត្រី​ដែល​ជា​ធំ​និង​ចៅ​បុរស​នោះ​ប៉ុណ្ណោះ ហើយ​ស្ដេច​យាង​ទៅ​ធ្វើ​ជា​អ្នក​កម្សត់​លំបាក ពុំ​ឲ្យ​អ្នក​ណា​ស្គាល់​ជា​ស្ដេច​ឡើយ ។

ស្ដេច​យាង​ទៅ​ដល់​ស្រុក​មួយ​ជា​ព្រំ​ព្រះនគរ ឃើញ​តា​ចាស់​យាយ​ចាស់​ប្ដី​និង​ប្រពន្ធ ស្ដេច​ក៏​ចូល​ទៅ​សុំ​សម្នាក់​នៅ​ផង ។ ដូន​តា​នោះ ក៏​ព្រម​ឲ្យ​នៅ​ដល់​នៅ​យូរ​បន្តិច​ទៅ ឃើញ​កូន​គេ​ក្នុង​ស្រុក​នោះ មាន​រូប​ឆោម​លោម​ពណ៌​ល្អ ក៏​មាន​ចិត្ត​នឹក​ចង់​បាន ទើប​និយាយ​នឹង​តា​យាយ​ថា «តា​យាយ​អើយ! ឥឡូវ ចៅ​ឃើញ​កូន​គេ​មួយ​រូប​ឆោម​លោម​ពណ៌​ល្អ​សម​ជា​ប្រពន្ធ​ខ្ញុំ ដូច្នោះ សូម​តា​យាយ​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ» ។ តា​យាយ​ឆ្លើយ​ថា «ឱ​ចៅ​អើយ! ខ្លួន​តា​យាយ​សព្វ​ថ្ងៃ​នេះ ជា​អ្នក​កម្សត់​អត់​ឃ្លាន​ក្រ​លំបាក​ណាស់ នឹង​ទៅ​ដណ្ដឹង​កូន​គេ តើន​រណា​គេ​នឹង​ឲ្យ!» ។ ស្ដេច​ប្រាប់​ថា «តា​យាយ​ទៅ​ដណ្ដឹង​គេ​ចុះ ប្រាប់​ថា​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង គេ​មិន​ថា​អី​ទេ! » ។ តា​យាយ​នោះ ក៏​ទៅ​ដណ្ដឹង​កូន​ក្រមុំ​គេ តាម​ពាក្យ​ចៅ​ប្រើ ។
តា​យាយ ទៅ​ដល់​ផ្ទះ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​លើ​ផ្ទះ ។ អ្នក​នោះ​សួរ​ថា «តា​យាយ​មក​រក​អ្វី? » ។ តា​យាយ​ឆ្លើយ​ថា «ខ្ញុំ​មក​សូម​ជម្រាប​អ្នក, លាក់​បាំង​អី​នឹង​អ្នក ចៅ​ខ្ញុំ​ឲ្យ​មក​សុំ​ដណ្ដឹង​កូន​ក្រមុំ» ។ ឯ​ម្ដាយ​ឪពុក​នាង​ក្រមុំ​នោះ នឹក​ក្នុង​ចិត្ត​ថា «តា​យាយ​នេះ​ម្ដេច​ក៏​គាត់​ហ៊ាន​ដណ្ដឹង​កូន​អញ​ឲ្យ​ចៅ​គាត់?» ហើយ​អ្នក​ដែល​មាន​កូន​ក្រមុំ​នោះ និយាយ​ទៅ​នឹង​តា​យាយ​នោះ ថា «តា​យាយ! ខ្ញុំ​ឲ្យ ! ប៉ុន្តែ​តា​យាយ​ឯង​នាំ​ចៅ​កំឡោះ​មក​ឲ្យ​យើង​មើល​សិន បើ​ល្អ​សម​នឹង​កូន​យើង ៗ ឲ្យ​មិន​ថា​អ្វី​ទេ» ។
តា​យាយ លា​គេ​វិល​មក​ផ្ទះ​វិញ និយាយ​ប្រាប់​ចៅ​ថា «បើ​ចៅ​ឯង​ល្អ​សម​នឹង​កូន​គេ ៗ ឲ្យ​ប៉ុន្តែ គេ​ឲ្យ​ចៅ​ឯង​ទៅ​ឲ្យ​គេ​មើល​រូប​សិន បើ​សម​នឹង​កូន​គេ ៗ​មិន​ថា​អី​ទេ? ។ ឯ​ស្ដេច ឮ​តា​យាយ​ប្រាប់​ដូច្នោះ ក៏​មាន​ព្រះទ័យ​ត្រេក​អរ សួរ​ទៅ​វិញ​ថា «ចុះ​ឲ្យ​ទៅ​ថ្ងៃ​ណា? » ។ តា​យាយ​ឆ្លើយ​ថា «ព្រឹក​ស្អែក​ យើង​នឹង​ទៅ» ។ លុះ​ព្រឹក​ឡើង​តា​យាយ​នឹង​ស្ដេច​ចៅ នាំ​គ្នា​ទៅ​ផ្ទះ​អ្នក​មាន​កូន​ក្រមុំ​នោះ ក៏​ឡើង​ទៅ​អង្គុយ​សំពះ​គេ ហើយ​ថយ​មក​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ ។ អ្នក​ផ្ទះ​នោះ ក៏​មាន​ចិត្ត​ស្រឡាញ់​កូន​ប្រសា ប៉ុន្តែ មិន​ដឹង​ជា​ស្ដេច​ក្លែង​ភេទ​ទេ  គិត​ស្មាន​ថា ជា​មនុស្ស​ទាំង​ផ្ដាស ។
ស្ដេច​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​រៀង​រាល់​ថ្ងៃ​ទៅ ។ វេលា​ចូល​ដេក ម្ដាយ​ក្មេក​តែង​ប្រាប់​កូន​ស្រី​ក្រមុំ​នោះ​ថា «អ្នក​មាស​ម្ដាយ! ចូរ​ឯង​សិត​ទឹក​ដាក់​ចុង​ជើង​ប្ដី​រៀប​ស្លា​៥ មាត់​ដាក់​ឲ្យ​ប្ដី ក្រែង​ជួន​យប់ ប្ដី​ក្រោក​ឡើង​រក​ស្លា​ស៊ី ទឹក​ផឹក ឲ្យ​មាន​ស្រាប់» ។ កូន​នោះ ក៏​ព្រម​ធ្វើ​តាម​ពាក្យ​ម្ដាយ​ប្រើ ជួន​ក៏​ពុំ​ធ្វើ​តាម ។ ដល់​ថ្ងៃ​មួយ​ស្ដេច​ធ្វើ​ជា​ទៅ​ងូត​ទឹក ។ ម្ដាយ​ក៏​ប្រាប់​កូន​ថា «នាង! ម្ដេច​មិន​យក​ផ្តិល​ទៅ​តាម​ប្ដី​ងូត​ទឹក?» ។ នាង​ជា​កូន​ក្រមុំ​នោះ ក៏​ពុំ​ទៅ​តាម​ពាក្យ​ម្ដាយ​ប្រើ ។ ស្ដេច​នោះ​ទៅ​យូរ​បន្តិច ក៏​វិល​មក​វិញ ។

ដល់​វេលា​ល្ងាច ស្ដេច​ធ្វើ​ជា​ផឹក​ស្រា​ស្រវឹង​ពុំ​ដឹង​ខ្លួន ក្អួត​ក្អែ​ប្រែ​ប្រះ​ខ្លួន ននៀល​ពាស​ពាស​ល្វែង​ផ្ទះ ។ ឯ​ម្ដាយ​ក្មេក ឃើញ​កូន​ប្រសា​ស្រវឹង ក៏​ស្គី​ប្រាប់​ទៅ​កូន​ក្រមុំ​ថា «នាង​ឯង ម្ដេច​មិន​យក​ទឹក​ទៅ​លាង​កម្អួត? » ។ កូន​ក្រមុំ​ឆ្លើយ​ថា​ «ទេ! មនុស្ស​អី​ប្រមឹក​ស្រា​ដូច្នោះ» ។ ស្ដេច​ឮ​ដូច្នោះ ព្រឹក​ឡើង ស្ដេច​លា​ម្ដាយ​ក្មេក​ឪពុក​ក្មេក​ទៅ​ផ្ទះ​យាយ​ចាស់​តា​ចាស់ ប្រាប់​យាយ​តា​អំពី​ដំណើរ​កូន​ក្រមុំ​គេ ដែល​យាយ​ទៅ​ដណ្ដឹង​ឲ្យ​នោះ​ថា តា​យាយ​អើយ! នាង​នោះ​និង​ខ្ញុំ​មិន​បាន​ជា​គូព្រេង​សំណាង​នឹង​គ្នា​ទេ, សូម​តាម​យាយ​ប្រគល់​កូន​នោះ ទៅ​គេ​វិញ​ចុះ! » ។
តា​យាយ​ក៏​ទៅ​ជូន​ព្រេង​សំណាង​កូន​គេ តាម​ពាក្យ​ចៅ​ប្រើ ទៅដល់​លើ​ផ្ទះ​និយាយ​ថា «ខ្ញុំ​សុំ​ជូន​ព្រេង​សំណាង​កូន​អ្នកផង ត្បិត​ចៅ​ខ្ញុំ​ថា «ពុំ​មាន​ព្រេង​នឹង​កូន​អ្នក​ទេ!» រួច​តា​យាយ​ក៏​លា​គេ​មក​ផ្ទះ​អាត្មា​វិញ ។ លុះ​ព្រឹក​ឡើង ស្ដេច​លា​តា​យាយ ដើរ​ទៅ​ទៀត ដល់​ស្រុក​មួយ​ជា​ចុង​ស្រុក​ខេត្ត​ក្រៅ ទៅ​សុំ​សម្នាក់​នឹង​ផ្ទះ​ដូន​ចាស់​តា​ចាស់ៗ ក៏​យល់​ព្រម, ស្ដេច​ក៏​នៅ​ធ្វើ​ការ​រក​ស៊ី​នឹង​តា​យាយ​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

ថ្ងៃ​មួយ ស្ដេច​ដើរ​ទៅ​លេង បាន​ឃើញ​កូន​ក្រមុំ​អ្នក​ស្រុក ដែល​ជា​អ្នក​មាន​ធំ​ក្នុង​ស្រុក​នោះ ពុំ​មាន​អ្នក​ឯណា​មាន​ស្មើ​ឡើង អ្នក​នោះ​មាន​កូន​ស្រី​មួយ​កូន​ប្រុស​មួយ ទាំង​ពីរ​នាក់ មិន​ទាន់​មាន​ប្ដី​ប្រពន្ធ​ទេ, ស្ដេច​ដើរ​ទៅ​លេង​បាន​ឃើញ​មាន​ចិត្ត​គិត​ចង់​បាន លុះ​វិល​មក​ផ្ទះ​អាត្មា​វិញ និយាយ​ប្រាប់​តា​យាយ​ថា «តា! យាយ​ខ្ញុំ​ចង់​បាន​កូន​គេ​ដែល​មាន​កូន​ប្រុស​មួយ​ស្រី​មួយ សូម​តា​យាយ​ទៅ​ដណ្ដឹង​កូន​គេ​នោះ​ឲ្យ​ខ្ញុំ​ផង» ។ តា​យាយ​ឆ្លើយ​ថា «ចៅ​អើយ​បើ​យាយ​ក្រ​ម្ល៉េះ! តើ​នរណា​គេ​នឹង​ឲ្យ​កូន​គេ​មក​ចៅ! » ។ ឯ​ស្ដេច​ឮ​តា​យាយ​និយាយ​ដូច្នោះ ក៏​មាន​បន្ទូល​ទៅ​នឹង​តា​យាយ​ថា «សូម​តា​យាយ​អញ្ជើញ​ទៅ​ដណ្ដឹង​កូន​គេ​ចុះ ថា​ខ្ញុំ​មក​ដណ្ដឹង គេ​មិន​ថា​អី​ទេ! ។ តា​យាយ​នោះ ក៏​ព្រម​តាម​ពាក្យ​ចៅ​ប្រើ ប៉ុន្តែ​យាយ​និង​តា​ពុំ​ដឹង​ថា​ចៅ​នោះ​ជា​ស្ដេច​ឡើង គិត​ស្មាន​ថា​ជា​មនុស្ស​ទាំង​ផ្ដាស​ដទៃ ក៏​ទៅ​ដណ្ដឹង​កូន​គេ ៗ​ក៏​ព្រម​ឲ្យ ។ ស្ដេច​ក៏​នៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។

ឯ​នាង​ជា​ប្រពន្ធ​នោះ ក៏​បដិបត្តិ​ប្ដី ល្ងាច​ដាក់​ទឹក​ចុង​ជើង បៀក​ស្លា ៥ ម៉ាត់​ដាក់​ក្បែរ​ដំណេក​ប្ដី តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ វេលា​ស្ដេច​យាង​ទៅ​ងូត​ទឹក នាង​កាន់​ផ្តិល​និង​សំពត់​ងូត​តាម​ទៅ​ផង ។ ពេល​ស្ដេច​ងូត​ទឹក នាង​នោះ​ដុះ​ក្អែល​ឲ្យ​ប្ដី ។ ផ្លាស់​សំពត់​ងូត នាង​ទទួល​យក​សំពត់​ពូត រួច​ដង​ទឹក​ដាក់​ផ្តិល​កាន់​ដើរ​តាម​ប្ដី​ទ, ដល់​ផ្ទះ​លាង​ជើង​ឲ្យ​ប្ដី ។ ថ្ងៃ​មួយ ស្ដេច​ធ្វើ​ជា​ឈឺ ម្ដាយ​ក្មេក​ឪពុក​ក្មេក ឃើញ​កូន​ប្រសា​ឈឺ ក៏​មាន​ចិត្ត​ភិត​ភ័យ ប្រាប់​ទៅ​កូន​ក្រមុំ​ថា «កូន​! មក​មើល​គក់​ច្របាច់​ឲ្យ​ប្ដី​ផង » នាង​នោះ​ ក៏​គក់​ច្របាច់​ឲ្យ​ប្ដី ប៉ុន្តែ ស្ដេច​នឹង​នាង​ពុំ​ទាន់​រៀប​ការ​នៅ​ឡើយ​ទេ ។ ឯ​ឪពុក​ក្មេក​នឹង​ម្ដាយ​ក្មេក ក៏​ពុំ​ដឹង​ជា​ស្ដេច គិត​ស្មាន​ថា​ជា​មនុស្ស​រាស្ត្រ​ទាំង​ផ្ដាស ។ នៅ​យូរ​បន្តិច​ទៅ បាន​ពេលា​ល្អ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​នោះ ក៏​ចេញ​ប្រាក់​របស់​ខ្លួន​រៀប​ការ​កូន​ក្រមុំ​នឹង​ស្ដេច ហៅ​អស់​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មក​រៀប​ការ ស៊ី​ផឹក​ជា​សូរេច, ស្ដេច​និង​នាង​ក៏​រួម​សុខ​ទុក្ខ​នៅ​ជា​មួយ​គ្នា តាំង​អំពី​នោះ​រៀង​មក ។

លុះ​នៅ​យូរ​បន្តិច​ទៅ ស្ដេច​ចង់​ពិសោធ​ចិត្ត​ប្រពន្ធ និង​ចិត្ត​ម្ដាយ​ក្មេក​ឪពុក​-ក្មេក​ឲ្យ​ឃើញ​ពិត ឬ​ពុំ​ពិត ស្ដេច​ក៏​ធ្វើ​ជា​ផឹក​ស្រា លៀង​បៀ​ចាញ់​គេ ៗ មក​ទារ​ប្រាក់​នឹង​រក​ប្រាក់​ឲ្យ​គេ​គ្មាន ។ ម្ដាយ​ក្មេក ឪពុក​ក្មេក ក៏​ចេញ​ប្រាក់​ឲ្យ​គេ​តែ​សព្វ​ថ្ងៃ ទាល់​តែ​អស់​ប្រាក់ ធ្លាក់​ខ្លួន​ជា​អ្នក​ក្រ ។ ម្ដាយ​ក្មេក ឪពុក​ក្មេក និង​ប្រពន្ធ​នោះ ពុំ​មាន​ស្ដី​ថា​អ្វី ។ អស់​ញាតិ​សន្តាន​ជិត​ខាង គេ​ស្រដី​ថា «ឲ្យ​ផ្ដាច់​ទៅ កុំ​ឲ្យ​កូន​ទៅ​អា​ចង្រៃ​នេះ វា​មិន​គិត​ធ្វើ​ការ​រក​ស៊ី​ដូច​គេ​ទាំង​ពួង វា​គិត​តែ​លេង​បៀ ផឹក​ស្រា​ដូច្នេះ តើ​នឹង​ទុក​វា​ធ្វើ​អ្វី» គេ​ស្ដី​ប៉ុន​គេ​ផ្ទប់ ម្ដាយ​ឪពុក​នោះ ក៏​មិន​អឹះ ។

ឯ​ស្ដេច​នោះ យល់​ឃើញ​ថា ម្ដាយ​ក្មេក ឪពុក​ក្មេក​ក្រលំបាក​សម្បត្តិ មាន​តែ​ខ្លួន​ហើយ ក៏​ឈប់​លេង​ល្បែង ចេះ​តែ​ដេក មិន​មាន​គិត​រក​ស៊ី​អ្វី ប្រើ​តែ​ប្រពន្ធ​ឲ្យ​ធ្វើ​នំ​លក់ គ្រាន់​តែ​ឆ្អែត​ពោះ ។ ឯ​ម្ដាយ​ក្មេក ឪពុក​ក្មេក ព្រម​ទាំង​ប្រពន្ធ នឹង​មាន​ស្រដី​អ្វី​ឲ្យ​ធ្ងន់​ពាក្យ​ឲ្យ​កូន​ប្រសា​តូច​ចិត្ត​ក៏​គ្មាន ។ ស្ដេច​ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «ឱ ចៅ​បុរស មាន​ប្រាជ្ញា​យល់​ការ​ជ្រៅ​ជ្រះ ថា​ឲ្យ​អញ​រក​ម្ដាយ​ពិត-ឪពុក​ពិត​ប្រពន្ធ​ជា​ស្ត្រី​ពិត នេះ​ហៅ​ពេញ​ជា​ត្រូវ ឥឡូវ​អញ​រក​បាន​ហើយ ល្មម​អញ​តែង​ព្រះបន្ទូល​ប្រាប់​ទៅ​សេនាបតី​ឲ្យ​រៀប​រាជ​យាន នូវ​ពល​ថ្មើរ​ជើង តាម​មុខ​ងារ​ដំរី​សេះ រាជ​រថ​មក​ទទួល​អញ​ចុះ!» ។ ទ្រង់​ក៏​តែង​ព្រះ​បន្ទូល​ប្រាប់​ទៅ​សេនាបតី មាន​សេចក្ដី​ថា «ឲ្យ​រៀប​ដំរី សេះ​រទេះ រាជ​យាន ពល​ថ្មើរ​ជើង ទៅ​ទទួល​ស្ដេច ត្បិត​ស្ដេច​រក​ប្រពន្ធ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត​បាន​ហើយ ឲ្យ​យក​គ្រឿង​ឥស្សរិយយស​ទៅ​ថ្វាយ​ជា​ឆាប់ៗ ។ មួយ​ទៀត​បើ​បម្រើ​នាំ​ព្រះ​បន្ទូល​មក​ដល់ ឲ្យ​រៀប​ទទួល​ជប់លៀង​តាម​ឋានៈ​ជា​បង​ថ្លៃ​ស្ដេច ។ » ស្ដេច​តែង​រួច​ស្រេច​ទ្រង់​ដាក់​ក្នុង​បំពង់ បិទ​មាត់​បំពង់​ជិត​ពុំ​ឲ្យ​បង​ថ្លៃ​នោះ​ដឹង​សេចក្ដី ហើយ​ស្ដេច​ប្រាប់​ទៅ​បង​ថ្លៃ​ថា «អ្នក​បង​អើយ! អញ្ជើញ​មក​អាយ! ខ្ញុំ​ចង់​ឲ្យ​អ្នក​នាំ​សំបុត្រ​ទៅ​ឲ្យ​នាហ្មឺន ដែល​ជា​ធំ​នៅ​ក្នុង​វាំង​ហ្លួង​នោះ, តើ​អ្នក​បង​ហ៊ាន​ទៅ​ឬ​ទេ? » ។ បង​ថ្លៃ ឮ​ប្អូន​ប្រើ​ដូច្នោះ ក៏​ព្រម​ទៅ​តាម​ហើយ​ចេញ​ដំណើរ​ទៅ សួរ​គេ​ចាប់​តែ​តាម​ផ្លូវ ទៅ​ដល់​ស្រុក​មួយ សួរ​គេ​ថា «អ្នក​អើយ​! ផ្លូវ​ណា​ទៅ​វាំង​ស្ដេច? » ។ អ្នក​ស្រុក​នោះ​ប្រាប់​ថា «ផ្លូវ​នេះ​ហើយ! ទៅ​វាំង​ស្ដេច» ។ បង​ថ្លៃ​ស្ដេច​នោះ ក៏​ចេះ​តែ​ដើរ​សួរ​គេ​តែ​រៀង​ៗ​ទៅ ។

លុះ​ដល់​ទៅ​មាត់​ទ្វារ​វាំង ក៏​សួរ​នាយ​ទាហាន​យាម​ទ្វារ​ថា «អ្នក ! ហ្នឹង​ហើយ​ឬ ដែល​គេ​ហៅ​ថា​វាំង​ហ្លួង? »។ នាយ​ទាហាន​សង្ស័យ ក៏​សួរ​ថា «អ្នក​ឯង​មក​ពី​ណា បាន​ជា​មក​សួរ​រក​វាំង​ហ្លួង?» ។ បង​ថ្លៃ​ស្ដេច​ឆ្លើយ​ថា «ខ្ញុំ​នាំ​សំបុត្រ​ប្អូន​ខ្ញុំ មក​ឲ្យ​នាហ្មឺន​ធំ​ដែល​នៅ​ក្នុង​វាំង​នេះ» ។ នាយ​ទាហាន​ឮ​ដូច្នោះ ក៏​នាំ​ចូល​ទោ​ដល់​នាហ្មឺន​ដែល​នៅ​ចាំ​វាំង ។ នាហ្មឺន​ធំ ក៏​ទទួល​យក​សំបុត្រ​បើក​មាត់​បំពង់​ឡើង អាន​ដឹង​សេចក្ដី​នៃ​ព្រះបន្ទូល​ថា «យើង​រក​មហេសី​ជា​ស្ត្រី​ពិត​បាន​ហើយ ឲ្យ​នាំ​គ្នា​រៀប​ចំ​ទៅ​ទទួល​យើង ឯ​បម្រើ​ដែល​នាំ​ព្រះ​បន្ទូល​នេះ ត្រូវ​ជា​បង​ថ្លៃ​យើង បើ​បាន​មក​ដល់​ឲ្យ​អ្នក​ទទួល​រៀប​ជប់លៀង​តាម​ភាព​ជា​ព្រះ​ញាតិ​ស្ដេច» ។ នាហ្មឺន​ធំ​នោះ ក៏​ចាត់​សំបុត្រ​ឲ្យ​កេណ្ឌ​ដំរី សេះ រទេះ រាជ​យាន​ពល​ថ្មើរ​ជើង តែង​ដោយ​មុខ​ងារ-មុខក្រសួង​ផ្សេងៗ ។ ឯ​បង​ថ្លៃ​ស្ដេច គេ​រៀប​ទទួល តាម​ដោយ​បែប​យ៉ាង​ជា​ព្រះ​ញាតិ មាន​ពូក​ព្រែ​ព្រំ​ចៀម​ចំ​ខ្នើយ​ខ្នល់​តម្កល់​តម្កើង​រុង​រឿង​ក្រៃ​ពេក ហើយ​គេ​រៀប​ភោជនាហារ​សុទ្ធ​សឹង​ល្អ​ស្អាង​ស្អាត ដាក់​នឹង​ភាជន៍មាស លើក​យក​មក​ជូន​អ្នក​ជា​បង​ថ្លៃ​ស្ដេច ដែល​នាំ​សំបុត្រ​ស្ដេច​នោះ​មក ។

ឯ​អ្នក​ជា​បង​ថ្លៃ​ស្ដេច​នោះ ហេតុ​តែ​ខ្លួន​ជា​អ្នក​នៅ​ស្រុក​ក្រៅ​ឆ្ងាយ ពុំ​ដែល​ស្គាល់​ស្ដេច ស្ទើរ​តែ​ពុំ​ហ៊ាន​បរិភោគ​ភោជនាហារ ដែល​ជា​របស់​ល្អ​ថ្លៃ​នោះ​ឡើយ លុះ​តែ​នាហ្មឺន​ធំ​គេ​បង្ខំ​ឲ្យ​បរិភោគ ទើប​ហ៊ាន​បរិភោគ តែ​ចាំ​គន់​មើល បើ​គេ​បែរ​មុខ​ចេញ ដៃ​លូក​បន្លំ​យក​នំ​ចំណី លាក់​ទុក​ផ្ញើ​ប្អូន ត្បិត​ខ្លួន​មិន​ដែល​បាន​ចំណី​ល្អ​បរិភោគ គិត​ក្រែង​ស្ដេច​ប្អូន​ថ្លៃ​នោះ មិន​ដែល​បាន​ដូច​ខ្លួន​ដែរ ។
លុះ​បរិភោគ​រួច​ នាហ្មឺន​នោះ​តឿន​ថា «អ្នក​នឿយ​ព្រួយ សូម​អញ្ជើញ​សម្រាន្ត​ទៅ!» ។ អ្នក​បង​ថ្លៃ​ស្ដេច ក៏​ស្ទើរ​ពុំ​ហ៊ាន​ដេក ។ លុះ​ព្រឹក​ឡើង និយាយ​នឹង​នាហ្មឺន​ថា «ខ្ញុំ​ចង់​លា​ទៅវិញ ត្បិត​ប្អូន​ខ្ញុំ​ផ្ដាំ​ថា បើ​ដល់ ឲ្យ​ឆាប់​វិល​ទៅ» ។ នាហ្មឺន​នោះ ក៏​ចាត់​ចែង​ឲ្យ​រៀប​ភោជនាហារ​ឲ្យ ។ បរិភោគ​រួច ក៏​លា​នាហ្មឺន​ដែល​ជា​ធំ​នោះ ត្រឡប់​មក​ផ្ទះ​វិញ ។

លុះ​មក​ដល់ ស្ដេច​ជា​ប្អូន​ថ្លៃ​សួរ​ថា «ម៉េច​អ្នក​បង! អញ្ជើញ​ទៅ​ជួប​នឹង​នាហ្មឺន​គេ​ទេ?» ។ ឯ​បង​ថ្លៃ ប្រាប់​ស្ដេច​ជា​ប្អូន​ថ្លៃ​ថា «ជួប!» ។ ស្ដេច​ថា «ចុះ​គេ​រាប់​អាន​ឬ​ទេ?» ។ បង​ថ្លៃ​ថា «គេ​រាប់​អាន​បង​ណាស់! » ។ ស្ដេច​ឮ​ថា​នាហ្មឺន​គេ​រាប់​អាន​ណាស់ ក៏​ទ្រង់​ញឹមៗ ។ ហើយ​បង​ថ្លៃ​នោះ យក​នំ​ចំណី​ដែល​លាក់​យក​មក​នោះ ឲ្យ​ស្ដេច​ជា​ប្អូន​ថ្លៃ ដោយ​វាចា​ថា «នៃ​ប្អូន! បង​លាក់​នំ​គេ​ពី​វាំង​ស្ដេច​យក​មក​ផ្ញើ​ប្អូន, ប្អូន​ឯង​ពិសា​មើល ឆ្ងាញ់​ណាស់!» ។ ស្ដេច​ថា «បង​ពិសា​ចុះ!» ។ បង​ថ្លៃ​ថា «ទេ! ប្អូន​ពិសា​មើល!» ។ ឯ​ស្ដេច ទ្រង់​ព្រះ​តម្រិះ​ថា «បើ​មិន​សោយ ក្រែង​បង​ថ្លៃ​នោះ ដឹង​ថា​ខ្លួន​ជា​ស្ដេច» ទ្រង់​សោយ​តែ​បន្តិច ទ្រង់​លែង​ទៅ ទ្រង់​ញញឹម​ថា «ឆ្ងាញ់​មែន​ហើយ អ្នក​បង!»
លុះ​ដល់​កំណត់ ៧ ថ្ងៃ អស់​សេនាបតី​មន្ត្រី​តូច​ធំ ភ្ជុំ​ជួប​ជុំ​ទៅ​ទទួល​ស្ដេច រៀប​ជា​ក្បួន​ហែ​មក​ដល់​ទី​ស្ដេច​គង់​នោះ ។ អស់​អ្នក​ស្រុក​ក៏​ផ្អើល​ចលាចល​រវល់​ភិត​ភ័យ​នាំ​កូន​ជញ្ជូន​ចៅ​រត់​ទី​ពឹង​ពួន ដោយ​គិត​ស្មាន​ថា​ទ័ព ពុំ​ដឹង​ជា​គេ​មក​ទទួល​ស្ដេច​សោះ ។ លុះ​នាហ្មឺន​គេ​ចូល​មក​ជិត​ផ្ទះ​ដែល​ស្ដេច​គង់​នៅ​នោះ ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ភិត​ភ័យ​រត់​ចូល​ទៅ​ប្រាប់​កូន​ប្រសា​ឯ​ក្នុង​ផ្ទះ​ថា «កូន​អើយ! ទ័ព​មក​ពី​ណា​ច្រើន​ណាស់! ឬ​គេ​មក​ចាប់​កូន ត្បិត​កូន​លេង​បៀ​ចំពាក់​គេ​ទេ​ដឹង​អើយ?»។ ស្ដេច​ឮ​ម្ដាយ​ក្មេក​ប្រាប់​ដូច្នោះ ក៏​ទ្រង់​ម្នីម្នា​ចេញ​ទៅ​រាន​ហាល​មុខ​ផ្ទះ ។

អស់​នាហ្មឺន​ទាំង​ពួង មាន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង​ជា​ដើម ឃើញ​ស្ដេច​ទ្រង់​ឈរ​នៅ​រាន​ហាល ក៏​សុទ្ធ​តែ​ដើរ​ឱន​តោ ៗ ចូល​មក​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​រាល់​គ្នា ។ ស្តេត​មាន​ព្រះ​បន្ទូល​ថា «អើ! អស់​អស់​នាហ្មឺន​ក្រឡា​ហោម យម​រាជ ចក្រី​វាំង សុខ​សប្បាយ​រាល់​គ្នា​ទេ​ឬ? » ។ អស់​នាហ្មឺន​ឆ្លើយ​ព្រម​គ្នា​ថា «ព្រះ​ករុណា​ថ្លៃ​វិសេស! សុខ​សប្បាយ​ជា​ទេ» ។ ឯ​ម្ដាយ​ក្មេក​ឪពុក​ក្មេក​លោ​តែ​ភ្ញាក់​ខ្លួន​ព្រើត និយាយ​គ្នា​ខ្សឹបៗ ថា «កូន​ប្រសា​យើង ស្ដេច​ទេ​តើ! » ។ ឯ​ពួក​បង​ប្អូន​ញាតិ​សន្តាន ដែល​នៅ​ជិត​ខាង​ក៏​ភ្ញាក់​ខ្លួន​រាល់​គ្នា​លាន់​មាត់​ថា «យី វ៉ើយ! លេង​មិន​បាន​ទេ ស្ដេច​ទេ​តើ!» ហើយ​មាន​ចិត្ត​គិត​បារម្ភ​ភ័យ​តែ​រៀង​ខ្លួន ៗ ក្រែង​ស្ដេច​យក​ទោស ត្បិត​ខ្លួន​យល់​ទាស់​មិន​ចូល​ចិត្ត​និង​ស្ដេច​ថា ស្ដេច​ចេះ​តែ​លេង​បៀ​ផឹក​ស្រា​មិន​រក​ស៊ី ដល់​ដឹង​ជា​ស្ដេច ក៏​ភ័យ​ក្រោយ​រាល់​គ្នា ។     អស់​នាហ្មឺន​ក្រាប​ទូល​សួរ​ស្ដេច​ថា «សូម​ទ្រង់​ព្រះ​មេត្តាប្រោស! ព្រះ​រាជទេពី​ដែល​ល្អង​ធូលី​ព្រះ​បាទ​ថា​រក​បាន​ហើយ​នោះ តើ​នៅ​ឯណា? ។ ទើប​ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​ថា «ឲ្យ​ទៅ​លក់​នំ​លត​ទៅ​ហើយ!» ។ អស់​នាហ្មឺន​ឮ​ស្ដេច​ថា ប្រើ​ទៅ​ឲ្យ​លក់​នំ​លត ក៏​ញញឹម​រាល់​គ្នា ហើយ​ក្រាប​ទូល​ថា «ទ្រង់​ប្រើ​ឲ្យ​ទៅ​លក់​នំ​លត​ឯណា?» ។ ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ទៅ​លក់​នំ​លត​នៅ​ភូមិ​គេ​ខាង​ជើង» ។ អស់​នាហ្មឺន​បាន​ដឹង​ដូច្នោះ ក៏​រៀប​យាន​ទៅ​តាម ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «បើ​ទៅ​តាម ត្រូវ​មើល​តែ​អ្នក​ណា​ពាក់​អាច​កំបុត​ដៃ ទូល​ល្អី​ចាស់ យួរ​ឆ្នាំង​ស្ករ​រេច​មាត់ ហ្នឹង​ហើយ ប្រពន្ធ​យើង» ។

នាហ្មឺន​ទាំង​នោះ ក៏​ចាត់​នាហ្មឺន​មួយ​ពួក​ឲ្យ​នាំ​ព្រះ​រាជយាន​ទៅ​តាម ជួប​នឹង​នាង​មក​ពី​លក់​នំលត ក៏​ស្រែក​ហៅ​ថា «នាង​ម្ចាស់ ឈប់​សិន!» ។ នាង​ឮ​នាហ្មឺន​ដែល​ទៅ​ទទួល​នាង​ស្រែក​ហៅ​ដូច្នោះ គិត​ស្មាន​ថា​ជា​គេ​មក​ចាប់​ខ្លួន ហើយ​នាង​ក៏​រត់​ចូល​ព្រៃ​កាត់​តម្រង់​មក​រក​ផ្ទះ ប្រាក់​កាស​ដែល​លក់​នំ​លត​នោះ ក៏​ជ្រុះ​បាត់​ខ្លះ​ក្នុង​ព្រៃ​ទៅ នៅ​សល់​តែ​បន្តិច​បន្តួច ដល់​មក​ផ្ទះ​មើល​ទៅ​មុខ​ផ្ទះ ឃើញ​មនុស្ស​ច្រើន​ត្រៀប​ត្រា គិត​ថា​គេ​មក​ចាប់​ប្ដី​ទារ​ថ្លៃ​បៀ​គេ​ហើយ នាង​ក៏​រលះ​រលាំង​ឡើង​ទៅ​សួរ​ប្ដី​ថា «គេ​មក​ពី​ណា​ច្រើន​ម្ល៉េះ?» ។ ស្ដេច​ប្ដី​ទ្រង់​ប្រាប់​នាង​ថា «គេ​មក​ទទួល​បង​ទេ! នាង» ។ ម្ដាយ​ហៅ​កូន​ទៅ​ខ្សឹប​ប្រាប់​ថា «ប្ដី​នាង​ជា​ស្ដេច​ទេ​តើ!» ។ នាង​កូន​ឮ​ម្ដាយ​ប្រាប់​ទើប​ដឹង​ប្ដី​ជា​ស្ដេច ។

ឯ​មន្ត្រី​ដែល​ទៅ​តាម​នាង វិល​មក​គាល់​ស្ដេច ៗ ទ្រង់​សួរ​ថា «មិន​ឃើញ​ទេ​ឬ?» ។ មន្ត្រី​ទូល​ថា «ឃើញ! ប៉ុន្តែ ក្រែង​មិន​មែន ទូល​ព្រះ​បង្គំ​ហៅ​មិន​ឈប់​សោះ ចេះ​តែ​រត់» ។ ស្ដេច​ទ្រង់​មាន​ព្រះបន្ទូល​ថា «មក​ដល់​ហើយ!» ។ មន្ត្រី​ទាំង​នោះ យក​គ្រឿង​ប្រដាប់​សម្រាប់​ទ្រង់​តម្កល់​លើ​ជើង​ពាន​មាស លើក​យក​ទៅ​ថ្វាយ​ទាំង​ទឹក​អប់​ចួង​ចន្ទន៍​ពិដោរ​ឈ្ងុយ​ឈ្ងប់ ។ ស្ដេច​នឹង​នាង ទ្រង់​ស្រង់​ជម្រះ​ព្រះអង្គ​រួច ទ្រង់​ព្រះ​ពស្ត្រ​ស្រេច​សង្វារ​កង​ករ​ល្អ​ល្អះ​ក្រៃ​ពេក ។
រួច​ស្រេច​ស្ដេច​នឹង​នាង អញ្ជើញ​ម្ដាយ​ឪពុក​និង​បង​ប្រុស ឲ្យ​ឡើង​ជិះ​ដំរី​សេះ​ទៅ ។ អស់​នាហ្មឺន ក៏​ហែ​ស្ដេច​ទៅ​ចូល​ព្រះ​រាជ​វាំង ដល់​ហើយ» ទ្រង់​គង់​នៅ​ចុង​ព្រះរាជ​រោង​ទ្រង់​ឲ្យ​ហៅ​បុរស​នោះ​មក​ប្រាប់​ថា «ចៅ​បុរស​ឯង​មើល? នេះ​ហៅ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត មែន​ឬ​មិន​មែន​ទេ?» ។ ចៅ​បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «នេះ​ហើយ​ហៅ​ពេញ​ជា​ស្ត្រី​ពិត ម្ដាយ​ពិត ឪពុក​ពិត សូម​ទ្រង់​ជ្រាប ។

ទើប​ស្ដេច​ឲ្យ​រៀប​អភិសេក​នាង​ឡើង​ជា​អគ្គមហេសី ឯ​បង​ប្រុស​នោះ ទ្រង់​តាំង​ឲ្យ​ធ្វើ​ជា​អគ្គមហាសេនា ម្ដាយ​ទ្រង់​តាំង​ជា​សម្ដេច​វររាជ​ជននី ឪពុក​ទ្រង់​តាំង​ជា​ព្រះ​វររាជ​ជនក រួច​ជា​សូរេច ស្ដេច​ឲ្យ​ទៅ​យក​យាយ​ចាស់​តា​ចាស់ ដែល​ដណ្ដឹង​នាង​ថ្វាយ​ស្ដេច​នោះ មក​ធ្វើ​ផ្ទះ​ឲ្យ​នៅ ហើយ​ទ្រង់​ឲ្យ​ចិញ្ចឹម​ថែរក្សា​ត​ទៅ ។ យូរ​បន្តិច​ទៅ ស្ដេច​ទ្រង់​នឹក​ភ្នក​ថា ចៅ​បុរស​នេះ មាន​គុណ​នឹង​អញ ហើយ​មាន​ប្រាជ្ញា​យល់​ការ​រាក់​ជ្រៅ ស្គាល់​លក្ខណៈ​ស្រី-​ប្រុស ហើយ​ទ្រង់​ឲ្យ​ហៅ​មន្ត្រី​មក​ទ្រង់​បង្គាប់​ឲ្យ​សង់​រោង​ការ​អាពាហ៍ពិពាហ៍ សម្រេច​មង្គល​ការ​ផ្សំ​ផ្គុំ​ព្រះ​រាជ​បុត្រី​និង​ចៅ​បុរស​នោះ ។ រៀប​ចំ​រួច​ស្រេច ស្ដេច​ទ្រង់​អភិសេក​បុរស​នោះ​និង​ព្រះ​រាជបុត្រី ឲ្យ​ជា​មហា​ឧបរាជ ក៏​នៅ​ជា​សុខ​សប្បាយ​តទៅ ។ ដល់​ស្ដេច​ទ្រង់​ព្រះ​ជរា ទ្រង់​ដាក់​រាជ្យ ឲ្យ​មហា​ឧបរាជ​ជា​ព្រះរាជបុត្រ​សោយ​រាជ្យ​ស្នង​ព្រះអង្គ រក្សា​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​ត​ទៅ​ហោង ។

ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រណិប័តន៍

ប្រជុំ​រឿង​ព្រេង​ខ្មែរ ភាគ ២ ទំព័រ ៧៥-៨៦


  1. ដក​ស្រង់​ចេញ​ពី​ទស្សនាវដ្ដី​កម្ពុជ​សុរិយា លេខ ១១ ឆ្នាំ ១៩៤៣