10 រឿង ​គ្រូ​ និង សិស្ស

មាន​រឿង​មួយ ដំណាល​ថា : មាន​ភិក្ខុ​មួយ​អង្គ​ គង់​នៅ​វត្ត​មួយ មាន​កូន​សិស្ស​តែ​ម្នាក់ ឈ្មោះ​អា​ផ្លូញ ។ អា​ផ្លូញ​ខិល​ណាស់ គ្រូ​ក៏​ល្ងង់​ណាស់ ឆោត​ណាស់ គ្មាន​ឧបាសក​បាសិកា​ណា​រាប់អាន យក​ចង្ហាន់ ស្លា បារី​ទៅ​ប្រគេន ឬ​និមន្ត​លោក​នោះ ទៅ​ឆាន់​ឯ​ផ្ទះ​ដល់​ម្ដង​ឡើយ, លោក​នោះ​ក្រ​លំបាក​ពន់ពេក តែ​លោក​មាន​ដំរី​មួយ ។[1]

ថ្ងៃ​មួយ លោក​នោះ​ពិចារណា​ថា «សព្វ​ថ្ងៃ​នេះ គ្មាន​ឧបាសក​គេ​ប្រគេន​វត្ថុ​អ្វី​សោះ, បើ​ដូច្នេះ​ គួរ​តែ​អញ​ទិញ​វត្ថុ​ផ្សេងៗ​យក​មក​ទុក​ឆាន់ កុំ​ឲ្យ​លំបាក ។ គិត​ដូច្នោះ​ហើយ ក៏​ប្រាប់​កូន​សិស្ស​ថា «អា​ផ្លូញ ឯង​ចាប់​ដំរី​មក ហើយ​ឯង​ទៅ​ផ្សារ​នឹង​អញ រក​ទិញ​វត្ថុ​ផ្សេងៗ យក​មក​ទុក​ឆាន់ » ។ កូន​សិស្ស​ទៅ​ចាប់​ដំរី​បាន​មក, គ្រូ​និង​កូន​សិស្ស ក៏​ឡើង​ជិះ​ដំរី​បរ​ទៅ​ផ្សារ ។ លុះ​ទៅ​ដល់ គ្រូ​ប្រាប់​កូន​សិស្ស​ថា «ឯង​ទិញ​វត្ថុ​អ្វី​ដែល​គេ​ទុក​ស៊ី​បាន​យូរ មិន​ខូច » ។ អា​ផ្លូញ​ជា​សិស្ស ក៏​ទិញ​អំបិល​មួយ​ចុង​ច្រក​ការុង​ស្រេច ។ គ្រូ​ឃើញ​សួរ​ថា ហេតុ​ម្ដេច ក៏​ឯង​ទិញ​តែ​អំបិល មិន​ទិញ​ត្រី​ឆ្អើរ ត្រី​ងៀត​ផង ? ។ កូន​សិស្ស​ទូល​ថា​​អំបិល​ទុក​បាន​យូរ មិន​ចេះ​ខូច បាន​ជា​ខ្ញុំ​ព្រះករុណា​ទិញ ។ គ្រូ​ឆោត​ល្ងង់​ណាស់​ក៏​ស្ងៀម ។

គ្រូ​ឡើង​បរ​ដំរី​មក​វិញ សិស្ស​រែក​អំបិល​ពី​ក្រោយ, ដល់​ពាក់​កណ្ដាល​ផ្លូវ​គ្រូ​មើល​ទៅ​សិស្ស ឮ​សូរ​ដងរែក​ដូចជា​ស្រួល ក៏​សួរ​ថា «អា​ផ្លូញ ! អញ​មើល​ទៅ​ឯង​រែក​អំបិល​ដូចជា​ស្រួល​ឬ​យ៉ាង​ណា ? ។ សិស្ស​ទូល​ថា «ព្រះករុណា ! ស្រួល​ណាស់ ហើយ​ស្រាល​ផង » ។ លោក​គ្រូ​ប្រាប់​សិស្ស​ថា « ឯង​ជិះ​ដំរី​វិញ​ចុះ អញ​រែក​អំបិល​ដើរ​ក្រោយ » ។ លោក​គ្រូ​ថា​ហើយ ចុះ​ពី​លើ​ដំរី​មក, សិស្ស​ក៏​ឡើង​ជិះ​ដំរី​ទៅ ។ លោក​គ្រូ​ប្រាប់​ថា « ឯង​បរ​ដំរី​ទៅ​ចាំ​អញ​នៅ​ម្លប់​ឈើ​ឯ​មុខ » សិស្ស​បរ​ដើរ​ទៅ​ដល់​ម្លប់​ឈើ ក៏​មិន​ឈប់​ចាំ​គ្រូ បរ​រហូត​ទៅ​វត្ត ។

លោក​គ្រូ រែក​អំបិល​ដើរ​តាម​ក្រោយ, ដោយ​អំបិល​នោះ​ធ្ងន់​ណាស់, លោក​គ្រូ​រែក​ឈប់ ៗ រក​មើល​ទៅ​សិស្ស​មិន​ឃើញ​ក៏​គិត​ថា « ចាំ​ក្រោយ សឹម​នាំ​សិស្ស​មក​យក » ហើយ​យក​អំបិល​ទៅ​លាក់​ក្នុង​ព្រៃ​មុន​នឹង​លាក់ លោក​គិត​ថា «ទីនេះ​ប្រសិន​ជា​មាន​គេ​ដើរ​មក​ចំ​ឃើញ គេ​នឹង​យក​អំបិល​នេះ​អស់​មិន​ខាន គួរ​តែ​រក​ទីណា​ដែល​កំបាំង​ភ្នែក​អ្នក​ទាំងពួង គឺ​មាន​ក្នុង​ទឹក ទើប​គេ​មើល​មិន​ឃើញ » ហើយ​ក៏​យក​អំបិល​ទាំងពីរ​ការុង​ទៅ​លាក់​ទុក​ក្នុង​ទឹក ហើយ​ដើរ​ទៅ ។ លុះ​ដល់​វត្ត​សួរ​សិស្ស​ថា «ហេតុ​ម្ដេច​ក៏​ឯង​មិន​ចាំ​អញ ? ។ សិស្ស​ទូល​ថា ខ្ញុំ​ព្រះករុណា​បរ​ដំរី​មក ប្រុង​ចាំ​លោក​គ្រូ​ដែរ តែ​ដំរី​មិន​ព្រម​ចាំ​សោះ អង្វរ​ដូចម្ដេច ក៏​វា​មិន​ព្រម វា​ប្រឹង​តែ​ដើរ​ដល់​វត្ត ទើប​ឈប់ ។ សិស្ស​សួរ​គ្រូ​ថា « លោក​គ្រូ​ ទុក​អំបិល​ឯណា ? ។ គ្រូ​ប្រាប់​ថា អញ​លាក់​ទុក​នៅ​ទី​ឯណោះ អញ​កាត់​ដើម​ឈូក​ដោត​ជា​សំគាល់ » ។

លុះ​ព្រឹក​ឡើង​លោក​ក៏​នាំ​កូន​សិស្ស ទៅ​យក​អំបិល​វិញ លុះ​ដល់​ប្រាប់​សិស្ស​ថា « អញ​លាក់​ក្នុង​ទឹក​ត្រពាំង​នេះ» ។ សិស្ស​លាន់​មាត់​ថា « ម៉ែ​អើយ វា​រលាយ​អស់​ទៅ​ហើយ » ។ អា​ផ្លូញ​ជា​សិស្ស ក៏​ចុះ​ទៅ​យក​អំបិល ចាប់​លើក​ការុង​ទាំង​ពីរ​ឡើង គ្មាន​ឃើញ​អំបិល​សល់​សោះ ព្រោះ​វា​រលាយ​អស់​ហើយ, ឯ​ចំណង​ដែល​ចង​មាត់​ការុង​ក៏​ឃើញ​ដាច់​អស់ ប្រទះ​ឃើញ​ឯ​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង​នោះ ។ សិស្ស​ទូល​លោក​គ្រូ​ថា «មាន​ត្រី​កញ្ចុះ​មួយ​នៅ​ក្នុង​ការុង វា​ស៊ី​អំបិល​អស់​ទៅ​ហើយ» ហើយ​យក​ត្រី​និង​ការុង​មក​ប្រគេន​គ្រូ​មើល ។ លោក​គ្រូ​ឃើញ​ត្រី​ខឹង​ណាស់ ក៏​ទះ​កំផ្លៀង​ត្រី មុត​ដី​នឹង​ធ្មុង​ត្រី​ជាប់ ។ ពិស​ត្រី​ចាប់​ពើត​ឈឺ​ខ្លាំង​ពេក លោក​គ្រូ​ថា « ឯង​ចាប់​ដក​ធ្មុង​ត្រី​ចេញ​ឲ្យ​ឆាប់ ត្បិត​ឈឺ​អញ​ណាស់ » ។ សិស្ស​ក៏​ចាប់​ដក​ទាញ​ស្ទើរ​តែ​មិន​រួច ។ លុះ​ដក​រួច​ឈាម​ហូរ​ខ្លាំង​ ពិស​ត្រី​ក៏​រឹត​តែ​បណ្ដាល​ឲ្យ​លោក​ឈឺ​ខ្លាំង​ឡើង, លោក​គ្រូ​នាំ​កូន​សិស្ស​ទៅ​វត្ត​វិញ យក​ទាំង​ការុង​ត្រី​កញ្ចុះ​ទៅ​ផង, ទៅ​ដល់​វត្ត​ប្រាប់​សិស្ស​ថា « អា​ផ្លូញ ឯង​ដាំ​បាយ​មួយ​ឆ្នាំង អាំង​ត្រី​កញ្ចុះ​នេះ​ឲ្យ​ឆ្អិន​ជា​ឆាប់​​អញ​នឹង​ឆាន់ » ។ លុះ​ពិស​អន់​ចាប់​ពើត លោក​គ្រូ​ ក៏​សម្ងំ​សឹង​លក់​ទៅ ។

ឯ​អា​ផ្លូញ​ក៏​ដាំ​បាយ អាំង​ត្រី​ឆ្អិន​ហើយ បរិភោគ​អស់ ទុក​តែ​បាយ​មួយ​ពំនូត​និង​ឆ្អឹង​ត្រី​ក្នុង​ចាន​គ្រប តែ​វា​គ្រប​មិន​ឲ្យ​ជិត ។ លោក​គ្រូ​ភ្ញាក់​ឡើង​ ប្រាប់​សិស្ស​ថា « ឯង​យក​បាយ​និង​ត្រី​មក​ឆាន់ » ។ អា​ផ្លូញ​ក៏​ធ្វើ​កិរិយា​ដូច​ជា​ចូល​ទៅ​យក​បាយ​ប្រគេន ចេញ​មក​វិញ​ទូល​ថា បាយ​និង​ត្រី​រុយ​ស៊ី​អស់​ហើយ នៅ​សល់​តែ​មួយ​ពំនូត​ និង​ឆ្អឹង​ត្រី » លោក​គ្រូ​ជឿ​ឥត​សង្ស័យ ដោយ​ឆោត​ល្ងង់ ក៏​ហុច​រំពាត់​ផ្ដៅ​មួយ​ឲ្យ​មក​សិស្ស ហើយ​ថា « ឯង​វាយ​រុយ កុំ​ឲ្យ​វា​នៅ​លើ​កុដិ » ។ អា​ផ្លូញ​ជា​សិស្ស​ក៏​វាយ​រុយ​មិន​ឈប់ ។ គ្រា​នោះ មាន​រុយ​មួយ​ទំ​ចុង​ច្រមុះ​គ្រូ ៗ ប្រាប់​ថា «រុយ​វា​ទំ​ច្រមុះ​អញ ឯង​វាយ​ឲ្យ​ឆាប់» ។ កូន​សិស្ស​ក៏​វាយ​តាម​ពាក្យ​គ្រូ វាយ​ទៅ ៗ មិន​ត្រូវ​រុយ ត្រូវ​ឯ​ច្រមុះ​គ្រូ បែក​ឈាម​ហូរ​ខ្ចាយ ។ សិស្ស​ភ័យ​ណាស់ រត់​ទៅ​ដល់​ផ្ទះ​និយាយ​ប្រាប់​ឪពុក​ម្ដាយ​តាម​រឿង ។ ឪពុក​ម្ដាយ​ប្រាប់​កូន​ឲ្យ​មក​វត្ត​វិញ កូន​ប្រកែក​មិន​ព្រម​មក ។ លោក​គ្រូ​ទៅ​តាម ក៏​វា​មិន​ហ៊ាន​មក​ដោយ​ខ្លាច​គ្រូ​វាយ ។

ថ្ងៃ​ក្រោយ លោក​គ្រូ​តាំង​ពិធី​សូត្រ​មន្ត​អាគម​ស្នេហ៍ បន្ទន់​ចិត្ត​សិស្ស​ឲ្យ​មក ។ អា​ផ្លូញ​ជា​សិស្ស​បាន​ដឹង​ថា គ្រូ​តាំង​ពិធី​មន្ត​អាគម​ស្នេហ៍​ដូច្នោះ ក៏​មក​វត្ត​វិញ ដើម្បី​ឲ្យ​គ្រូ​ជឿ​ថា ស្នេហ៍​ពូកែ, លុះ​ដល់​វត្ត​ដើរ​លបៗ​ចូល​ទៅ ឃើញ​គ្រូ​កំពុង​តែ​អង្គុយ​សូត្រ​មន្ត​អាគម​ស្នេហ៍ ក៏​សួរ​លោក​ថា « លោក​គ្រូ​ធ្វើ​អ្វី ? » គ្រូ​កុហក​ថា «អញ​សូត្រ​មន្ត​អាគម​បំបាំង​ខ្លួន ព្រោះ​អញ​ទើប​រៀន​ពី​គេ » ។ ជា​បន្ទាន់​នោះ​លោក​គ្រូ​គិត​ថា «នេហ៍​អញ​ពូកែ​មែន​ បាន​សិស្ស​​អញ​វា​មក » ។ លុះ​ព្រឹក​ឡើង​សិស្ស​ដាំ​បាយ​ ធ្វើ​ម្ហូប​ស្រេច​ទូល​ថា « ចង្ហាន់​ឆ្អិន​ហើយ » លោក​គ្រូ​ថា «បើ​ដូច្នេះ​ឯង​លើក​មក​ឲ្យ​អញ​ឆាន់ » ។ អា​ផ្លូញ ក៏​លើក​មក​ប្រគេន​ធ្វើ​ជា​មើល​មិន​ឃើញ ដាក់​ថាស​ទៅ​លើ​ក្បាល​គ្រូ ៗ​ស្រែក​ថា អា​ផ្លូញ ! ហេតុ​ម្ដេច ក៏​យក​ថាស​មក​ដាក់​លើ​ក្បាល​អញ ? » ។ សិស្ស​ទូល​ថា «ខ្ញុំ​ព្រះករុណា​មើល​មិន​ឃើញ»។ លោក​គ្រូ​ងាក​ចេញ អា​ផ្លូញ​ក៏​ដាក់​ថាស​លើ​ក្បាល​គ្រូ​ទៀត ៗ​ លោក​គ្រូ​ថា «អា​ឯង​ដាក់​ថាស​លើ​ក្បាល​អញ​ទៀត​ហើយ » ។ សិស្ស​ថា «ខ្ញុំ​ព្រះករុណា​សុំ​ទោស ព្រោះ​មើល​មិន​ឃើញ ។ លោក​គ្រូ​ជឿ​ថា​អញ​រៀន​ស្នេហ៍ ៗ​ពូកែ​ប្រាកដ, ឥឡូវ​អញ​កុហក​វា​ថា​តាំង​ពិធី​មន្ត​អាគម​បំបាំង​ខ្លួន​វិញ ក៏​ទៅ​ជា​ពូកែ គេ​មើល​មិន​ឃើញ​ប្រាកដ​មែន, គួរ​ទន្ទេញ​ឲ្យ​ចាំ កុំ​ឲ្យ​ភ្លេច » ។

ឯ​អា​ផ្លូញ លុះ​ប្រគេន​ចង្ហាន់​គ្រូ គ្រូ​ឆាន់​រួច​ហើយ វា​ក៏​លើក​មក​បរិភោគ​ខ្លួន​វា ។ ថ្ងៃ​ក្រោយ មាន​ឧបាសក គេ​និមន្ត​លោក​ទៅ​ឆាន់​ឯ​ផ្ទះ ។ អា​ផ្លូញ​ទូល​ថា «បើ​លោក​គ្រូ និមន្ត​ទៅ​ឆាន់​ឯ​ផ្ទះ​គេ សូម​កុំ​ស្លៀក​ស្បង់ ព្រោះ​នាំ​តែ​ចាស់​ស្បង់​ខូច​ឥត​អំពើ ឃ្លុំ​តែ​ចីពរ​បាន​ហើយ គេ​មើល​មិន​ឃើញ​ទេ ត្បិត​លោក​គ្រូ​ចេះ​មន្ត​អាគម​បំបាំង​ខ្លួន​ពូកែ​ណាស់ អ្នកណា​នឹង​មើល​ឃើញ » ។ គ្រូ​ជឿ​ក៏​ធ្វើ​តាម​ពាក្យ​សិស្ស ។

លុះ​ព្រឹក​ឡើង​ លោក​គ្រូ​ប្រាប់​សិស្ស​ថា «ឯង​តាម​អញ​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក» រួច​លោក​ឃ្លុំ​តែ​ចីពរ មិន​ស្លៀក​ស្បង់ ដោយ​គិត​ថា «ឃ្លុំ​តែ​ចីពរ​បាន​ហើយ ព្រោះ​មន្ត​អាគម​អញ​ពូកែ​ណាស់​ នរណា​នឹង​មើល​កេរ្តិ៍​ខ្មាស​ឃើញ » រួច​ក៏​នាំ​កូន​សិស្ស​ទៅ ។
លុះ​ទៅ​ដល់ ឧបាសក​និមន្ត​ឡើង​លើ​ផ្ទះ​ហើយ​ គេ​លើក​ចង្ហាន់​មក​ដើម្បី​ប្រគេន​លោក​ឆាន់, ដោយ​លោក​មិន​បាន​ស្លៀក​ស្បង់ អង្គុយ​មិន​ស្រួល​ងាក​ឆ្វេង​ងាក​ស្ដាំ ក៏​លេច​កេរ្តិ៍​ខ្មាស១ កណ្ដាល​វាល ។ ឧបាសក​ឃើញ​ដូច្នោះ គេ​នាំ​គ្នា​សើច​ហ៊ោ​លាន់ ។ លោក​គ្រូ​ពុំ​ទាន់​បាន​ឆាន់​ចង្ហាន់ មាន​ចិត្ត​ខ្មាស​ណាស់ ក៏​ចុះ​ពី​ផ្ទះ​ត្រឡប់​មក​វត្ត​វិញ ជេរ​បន្ទោស​សិស្ស​ថា « អា​ឯង​មិន​ឲ្យ​អញ​ស្លៀក​ស្បង់ ឥឡូវ​អញ​ខ្មាស​គេ​ណាស់ » ។

អា​ផ្លូញ​ទូល​ថា« លោក​គ្រូ កុំ​ខ្ញាល់​នឹង​ខ្ញុំ​ព្រះករុណា រឿង​នេះ​ប្រហែល​ខុស​ត្រណម​ទេ​ឬ ? »។ លោក​គ្រូ​សួរ​ថា «ឯង​ឃើញ​អញ​ធ្វើ​ខុស​ត្រណម​ដូចម្ដេច ? អា​ផ្លូញ​សួរ​ថា «កាល​លោក​គ្រូ​និមន្ត​ទៅ​ឆាន់​ឯ​ផ្ទះ​ឧបាសក និមន្ត​ទៅ​ផ្លូវ​ខាង​ណា ? លោក​គ្រូ​ប្រាប់​ថា «កាល​អញ​ទៅ​​អញ​ចូល​ផ្លូវ​ខាង​កើត » សិស្ស​ថា «ឱ ! ច្បាស់​ជា​លោក​គ្រូ​ខុស​ត្រណម​ហើយ ។ ថ្ងៃ​មុន​លោក​គ្រូ​ប្រាប់​ខ្ញុំ​ព្រះករុណា​ថា បើ​រៀន​មន្ត​អាគម​ទាំង​ពួង​ត្រូវ​តម​ស៊ី​ផ្លែ​ស្ពឺ សូម្បី​មុជ​ក្រោម​ដើម​ស្ពឺ​ ក៏​មិន​បាន វា​សាប​មន្ត​អាគម, ឥឡូវ​លោក​គ្រូ​មុជ​ក្រោម​ដើម​ស្ពឺ បាន​ជា​ខុស​ត្រណម សាប​អាគម​អស់​ ហេតុ​នេះ​បាន​ជា​គេ​ឃើញ​កេរ្តិ៍​ខ្មាស​លោក​គ្រូ»។ លោក​គ្រូ​បាន​ស្ដាប់​ដូច្នោះ​ ក៏​ថា «ឱ ! អា​ផ្លូញ ! អញ​ភ្លេច​តម បាន​ជា​យ៉ាង​ហ្នឹង, ឯង​ថា​នោះ​ពិត​ប្រាកដ​ហើយ » ។ លោក​គ្រូ​នោះ ដោយ​ឆោត​ល្ងង់​ ក៏​ជឿ​ជាក់​ឥត​សង្ស័យ ។ តាំង​ពី​កាល​នោះ​មក​អា​ផ្លូញ​ជា​សិស្ស​ នៅ​បម្រើ​ដោយ​សុខ​សប្បាយ​ទៅ ។

ស្លូត​ស្លាប់ វៀច​វេរ​មាន​ភ័ព្វ អាយុ​យឺនយូរ

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ៤៦- ៥០


  1. កម្ពុជ​សុរិយា លេខ ៤- ៥ – ៦ ឆ្នាំ ១៩៣៩ ទំព័រ ៧១ គ្មាន​ឈ្មោះ​អ្នក​រៀបរៀង​ទេ ។