15 រឿង សម្លាញ់​ពីរ​នាក់

កាល​ពីព្រេងនាយ មាន​បុរស​ពីរ​នាក់ ជា​សម្លាញ់​នឹង​គ្នា និយាយ​សន្យា​គ្នា​ថា « កាល​បើ​យើង​មាន​ប្រពន្ធ​ហើយ ឯង​ក្ដី អញ​ក្ដី បើ​មាន​ទ្រព្យ​សម្បត្តិ​ត្រូវ​យើង​ចិញ្ចឹម​គ្នា​ទៅ​វិញ​ទៅ​មក >> ។ សន្យា​គ្នា​ហើយ យូរ​បន្តិច​ទៅ សម្លាញ់​មួយ​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ សម្លាញ់​មួយ​ទៀត​មាន​ប្រពន្ធ​ខាត​លក្ខណ៍ ។ [1]
វេលា​យប់​ចូល​ដំណេក សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​នោះ និយាយ​គិត​គ្នា​ប្ដី​ប្រពន្ធ​ថា « យើង​រក​ស៊ី​អី​ឲ្យ​មាន​ឆាប់ ?» ប្រពន្ធ​ថា « អ្នក​ចង់​រក​ស៊ី​អី ឬ​ប្រើ​ខ្ញុំ​ឲ្យ​ត្បាញ​រវៃ​លក់​ដូរ ខ្ញុំ​ទទួល​តាម មិន​ហ៊ាន​ទទឹង​ទាស់​ចិត្ត​អ្នក​ទេ» ។

លុះ​កន្លង​មក ពេល​ចូល​ដំណេក​យប់​ក្រោយ​ទៀត ប្ដី​និយាយ​នឹង​ប្រពន្ធ​ថា « នាង​អើយ​បើ​គិត​ឃើញ​របរ​មួយ​មុខ បើ​បាន​ដូច​គំនិត​នឹង​បាន​មាស​ប្រាក់​ផ្តិល តុ​ថាស ដោយ​ងាយ» ។ ប្រពន្ធ​សួរ​ប្ដី​ថា « គិត​ធ្វើ​ម្ដេច​ក៏​បាន​ងាយ​ម្ល៉េះ ? » ។ ប្ដី​ប្រាប់​ប្រពន្ធ​ថា «ជា​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​សមុទ្រ មាន​សំពៅ​អ្នក​ជំនួញ​គ្រប់​ប្រទេស ខ្លះ​សុខ​សប្បាយ ខ្លះ​លិច​លង់​របស់​ទ្រព្យ​សព្វ​សារពើ មាស​ប្រាក់​ កប់​នៅ​បាត​សមុទ្រ​នោះ​ច្រើន យើង​គិត​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ​នោះ​ឲ្យ​រីង ក្រ​អ្វី មាស​ប្រាក់ របស់​គ្រប់​មុខ​នោះ, បើ​បាន​ត្រី​ធំ​តូច​យើង​ធ្វើ​ងៀត ធ្វើ​ផ្អក​ប្រហុក, ព្រឹក​ព្រហាម​ស្រាង​នេះ នាង​ឯង​ដាំ​បាយ​ដួស​ដាក់​កញ្ជើ ឲ្យ​មាន​ម្ហូប​និង​ស្លា​ម្លូ​ផង យើង​ទៅ​បាច​ទឹក​សមុទ្រ​ឲ្យ​រីង » ។ ប្រពន្ធ​ឮ​ប្ដី​ប្រាប់​ហើយ​ ក៏​ធ្វើ​តាម​បង្គាប់ ។

លុះ​ព្រឹក​ឡើង រៀប​គ្រប់​ប្រដាប់​រួច​ក៏​នាំ​ទៅ​មាត់​សមុទ្រ ហើយ​ទុក​ដាក់​បាយ​ម្ហូប​ចំណី​ដោយ​ស្រួល ទើប​ប្ដី​កាន់​កញ្ជើ ១ ខំ​បាច​ទឹក​ទៅ​លើ​គោក បាច​ទាល់​តែ​ដល់​ពេល​បាយ ទើប​ឈប់​បរិភោគ លុះ​បរិភោគ​បាយ​រួច នាំ​ប្ដី​ប្រពន្ធ​បាច​ទៀត​ដល់​ល្ងាច​ទើប​ទៅ​ផ្ទះ, ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ទាល់​ល្ងាច ទើប​នាំ​គ្នា​មក​ផ្ទះ​វិញ ។ បាច​បាន​ចំនួន ៥ ថ្ងៃ ប្ដី​ក៏​ឈរ​បាំង​ដៃ​មើល​ទឹក​សមុទ្រ ហើយ​ប្រាប់​ប្រពន្ធ​ថា «ទឹក​ស្រក​សណ្ដក​ហើយ​នាង » ។

ប្រពន្ធ​ឆ្លើយ​ថា «បើ​ដូច្នោះ យើង​ខំ​បាច​ទៅ បើ​យូរ​ណាស់​ត្រឹម​កន្លះ​ខែ​ទៀត​មុខ​ជា​រីង​ហើយ យើង​ចាប់​យក​ត្រី​ធំ​តូច​វះ​ធ្វើ​ងៀត​ផ្អក​ប្រហុក​ថ្លឹង​លក់​យក​ប្រាក់, មួយ​ទៀត យើង​ត្រូវ​រក​កាយ​យក​ប្រាក់​មាស តុ ថាស ចាន​ក្បាន ដ៏​មាន​នៅ​ក្នុង​សំពៅ​ទាំង​ប៉ុន្មាន ដែល​លិច​លង់​មក​យូរ​ឆ្នាំ​នោះ មិន​ដឹង​បើ​យក​ទៅ​ណា​អស់​ទេ» ថា​ហើយ​ដល់​ល្ងាច​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ ។ ព្រឹក​ឡើង​នាំ​គ្នា​ទៅ​បាច​ទៀត​ ហើយ​និយាយ​តែ​ពាក្យ​ដដែលៗ​ដូច​ថ្ងៃ​មុន ។

ហ្វូង​មច្ឆា​ក្នុង​សមុទ្រ​ស្ដាប់​ឮ​ដឹង​ដំណើរ​សព្វ​គ្រប់ ភ័យ​បារម្ភ​ណាស់​ជំនុំ​គ្នា​ថា «យើង​មុខ​ជា​ស្លាប់​ម្ដង​នឹង​ហើយ គួរ​តែ​យើង​នាំ​គ្នា​ទៅ​ទូល​ស្ដេច​ត្រី​អន្សា​សមុទ្រ​ទើប​រស់​ជីវិត » គិត​ហើយ​នាំ​គ្នា​មុជ​ហែល​ទៅ​ដល់​ស្ដេច​ត្រី ទូល​តាម​ដំណើរ ដែល​បុរស​ប្ដី​ប្រពន្ធ​មក​បាច​ទឹក​សមុទ្រ​នោះ ។ ស្ដេច​ត្រី​ដឹង​ហើយ​បង្គាប់​ត្រី​ទាំង​ប៉ុន្មាន​ដែល​ទៅ​ទូល​នោះ​ថា «ឯង​រាល់​គ្នា​ពាំ​យក​មាស ៥ ក្រឡ ប្រាក់ ៥ ក្រឡ និង​តុ ថាស​ផ្តិល ចាន​ទៅ​ឲ្យ​បុរស​ប្ដី​ប្រពន្ធ អង្វរ​គេ​ឲ្យ​លែង​បាច​ទឹក​សមុទ្រ​ទៅ » ត្រី​ទាំង​នោះ​ក៏​យក​វត្ថុ​គ្រប់​ចំនួន​តាម​ស្ដេច​ត្រី​បង្គាប់ រួច​នាំ​គ្នា​ពាំ​ហែល​មក​ដល់​បុរស​ប្ដី​ប្រពន្ធ អង្វរ​សូម​ឲ្យ​លែង​បាច​ទឹក​សមុទ្រ ត្រី​ទាំង​នោះ​ក៏​ហា​មាត់​ខ្ជាក់​ក្រឡ​មាស​ប្រាក់ តុ​ថាស​ផ្តិល ចាន​ឲ្យ​បុរស​ប្ដី​ប្រពន្ធ ។

បុរស​ប្ដី​ប្រពន្ធ មាន​សេចក្ដី​ត្រេកអរ​ពន់​ពេក​ ក៏​ឈប់​លែង​បាច​ទឹក​ពី​ថ្ងៃ​នោះ នាំ​ប្ដី​ប្រពន្ធ​រែក​ទូល​ជញ្ជូន​ទៅ​ទុក​ផ្ទះ​ត្រា​តែ​អស់ ។ បុរស​ប្ដី​ប្រពន្ធ​ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ថ្កើង​រុងរឿង​ បាន​សេចក្ដី​សុខ​រៀង​ទៅ ។
ពណ៌នា​ពី​សម្លាញ់​ដែល​មាន​ប្រពន្ធ​ខាត​លក្ខណ៍ គាត់​ភ្នក​នឹក​រឭក​ដល់​សំឡាញ់ ហើយ​នាំ​ប្រពន្ធ​ទៅ​លេង​ផ្ទះ​សំឡាញ់ ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍, លុះ​ឡើង​ដល់​លើ​ផ្ទះ ឃើញ​គេ​នៅ​រាប់អាន​ចាំ​ចិត្ត​ស្និទ្ធ​ស្នាល​ដូច​ពី​ដើម, គាត់​គន់​មើល​របស់​ទ្រព្យ​ប្រដាប់​ប្រដា​ក្នុង​ផ្ទះ​គេ ហើយ​នឹក​ក្នុង​ចិត្ត​ថា «ពី​ដើម សំឡាញ់​គេ​មាន​ទ្រព្យ​សម្បត្តិ​ល្មម​គួរសម​ទេ ឥឡូវ​នេះ​គេ​រក​របរ​អ្វី ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ» គិត​ហើយ​ត្អូញ​ប្រាប់​សម្លាញ់​ដែល​មាន​ទ្រព្យ​សម្បត្តិ​ថា « សំឡាញ់​អើយ ! អញ​សព្វ​ថ្ងៃ​នេះ​ក្រ​លំបាក​ណាស់, ចុះ​សម្លាញ់​ឯង​រក​ស៊ី​ជំនួញ​អ្វី , ក៏​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ » ។

សម្លាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍​ថា «សំឡាញ់​អើយ ! អញ​រក​ស៊ី​បាច​ទឹក​សមុទ្រ​តែ​ពីរ​នាក់​នឹង​ប្រពន្ធ​អញ, ពេល​ព្រឹក​ទៀប​ភ្លឺ​ប្រពន្ធ​អញ​ដាំ​បាយ​គ្រប់​ប្រដាប់ លុះ​ភ្លឺ​ឡើង នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ, ល្ងាច​ត្រឡប់​មក​ផ្ទះ​វិញ ស្ដេច​ត្រី​ភ័យ​បង្គាប់​ត្រី​ជា​បរិវារ​ឲ្យ​ពាំ​មាស​ប្រាក់ នឹង​របស់​គ្រប់​មុខ​ឲ្យ​អញ » ។
ឯ​សំឡាញ់ មាន​ប្រពន្ធ​ខាត​លក្ខណ៍​ដឹង​ហើយ ក៏​លា​សំឡាញ់​ដែល​មាន​ប្រពន្ធ​គ្រប់​លក្ខណ៍ ។ គេ​ក៏​ឲ្យ​ប្រាក់​យក​ទៅ​ចិញ្ចឹម​ជីវិត ។ លុះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ពេល​ចូល​ដំណេក បុរស​នោះ​និយាយ​នឹង​ប្រពន្ធ​ថា « ព្រឹក​នេះ​ឯង​ដាំ​បាយ​ពី​យប់​រៀប​ប្រដាប់​ឲ្យ​មាន​សព្វ​គ្រប់, ភ្លឺ​ឡើង​យើង​នឹង​នាំ​គ្នា​ទៅ​បាច​ទឹក​សមុទ្រ ឲ្យ​បាន​មាស​ប្រាក់​របស់​ទ្រព្យ​ដូច​សំឡាញ់​យើង ។

លុះ​ភ្លឺ​ច្បាស់ មេ​ខាត​លក្ខណ៍​ជា​ប្រពន្ធ បាន​ក្រោក​បង្កាត់​ភ្លើង​ឆេះ​ហើយ បាន​បើក​ខាប់​វាល់​អង្ករ​ៗ កំពប់​ម្ដង​មួយ​ទូក​ដៃ យក​អង្ករ​ទៅ​លាង​កំពប់​មួយ​ទូក​ដៃ​ទៀត ច្រក​អង្ករ​ទៅ​ក្នុង​ឆ្នាំង​កំពប់​ទៀត​ដល់​ពុះ​ជាត់​បាយ​កំពប់​ទៀត ច្រក​អង្ករ​ចំនួន​ល្មម​ឆ្អិន​ពេញ​ឆ្នាំង បាយ​នៅ​តែ​កន្លះ​ឆ្នាំង, ទាល់​តែ​ថ្ងៃ​ណាស់​ហើយ ទើប​ដួស​ដាក់​កញ្ជើ ហើយ​បណ្ដើរ​ប្ដី​ប្រពន្ធ​ទៅ​បាច​ទឹក​សមុទ្រ បាច​ទាំង​ខឹង​ទាំង​ជា ។ បាច​ចំនួន ៥ ថ្ងៃ អស់​ហ្វូង​មច្ឆា​តូច​ធំ ផ្អើល​ភិត​ភ័យ និយាយ​គ្នា​ថា « បុរស​ប្ដី​ប្រពន្ធ​ពី​ណា មក​បាច​ទឹក​សមុទ្រ​ទៀត​ហើយ» ពួក​ត្រី​ក៏​សម្លឹង​ទាំង​ហ្វូង​ចាំ​មើល​ចាំ​ស្ដាប់ ។

ប្រពន្ធ​ខាត​លក្ខណ៍​បោក​ល្អី​ដែល​បាច​ទឹក​នោះ ហើយ​ថា «បាច​យូរ​ថ្ងៃ​ហើយ​មិន​បាន​ឃើញ​របស់​អ្វី អញ​មិន​ខ្ចី​ទេ អញ​លែង​បាច​ហើយ» ឈ្លោះ​ប្ដី​ប្រពន្ធ​ជេរ​ម្ដាយ​ប្ដី ប្ដី​បញ្ចោរ​ប្រពន្ធ ប្រកាច់​ចំបាប់​គ្នា ប្រទាញ​សំពត់​គ្នា​ទៅ​វិញ​ទៅ​មក ទាល់​តែ​អា​ស្រាត​ទាំង​ប្ដី​ទាំង​ប្រពន្ធ លេច​កេរ្តិ៍​ខ្មាស​នៅ​មាត់​សមុទ្រ ហើយ​អ្នក​ទាំង​ពីរ​នាក់​ថា « ខ្ញុំ​គេ​ក៏​ខ្ញុំ​ចុះ​ លែង​បាច​ហើយ » ។

ត្រី​ទាំង​នោះ​ឮ​ថា​លែង​បាច​ក៏​ត្រេកអរ​ធូរ​ចិត្ត លែង​សូក​ឲ្យ​មាស​ប្រាក់​របស់​ទាំង​ពួង ។ ត្រី​ទាំង​នោះ​បាន​ឃើញ​កេរ្តិ៍​ខ្មាស​បុរស​ប្ដី​ប្រពន្ធ ក៏​លោត​សើច​ទាំង​ហ្វូង ។ ឯ​ត្រី​សណ្ដាយ​សើច​ទាល់​តែ​រយះ​មាត់ បាន​ជា​មាត់​ធំ​ដូច​គេ​ហែក រហូត​ដល់​បច្ចុប្បន្ន​នេះ ។
បុរស​ប្ដី​ប្រពន្ធ​គ្មាន​បាន​អ្វី​សោះ ក៏​លែង​ឈ្លោះ​គ្នា នាំ​គ្នា​ដក​សារាយ ។ ប្ដី​មួយ​អម្រែក, ប្រពន្ធ​មួយ​ទ្រនូល ត្រឡប់​មក​ផ្ទះ​វិញ ចាក់​សារាយ​ចោល​នៅ​កៀន​ជញ្ជាំង ឲ្យ​រលួយ​ខូច​អស់​ទៅ ។

នាង​រត់​រក​អ្នក​ មេ​ខាត​លក្ខណ៍​ រត់​រក​អា​បាក់​ទន្សា

ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ១ ទំព័រ ៨៣- ៨៦


  1. កម្ពុជ​សុរិយា​លេខ ១-២-៣ ឆ្នាំ ១៩៣៣ -៤ ទំព័រ ១៦២ រៀបរៀង​ដោយ​ព្រះ​អក្ខរ​លេខា​ណុប នៅ​ក្រុម​ព្រះ​រាជ​និពន្ធ ។